បណ្តាញសហគមន៍ព្រៃឡង់ បានអះអាងថា ស្ថានភាពបទល្មើសព្រៃឈើនៅតំបន់ជម្រកសត្វព្រៃមួយនេះនៅតែបន្តកើតមានឥតឈប់ឈរ។
ការអះអាងនេះ ក្រោយពេលបណ្តាញសហគមន៍បានចុះអង្កេត ពិសេសឃ្លាំមើលឃើញសកម្មភាពដឹកឈើដោយគោយន្តច្នៃ ចេញពីព្រៃឡង់ជាហូរហែទាំងថ្ងៃទាំងយប់។
អ្នកសម្របសម្រួលបណ្តាញស្នូលការពារព្រៃឡង់ខេត្តកំពង់ធំ លោក មិញ នី មានប្រសាសន៍ថា នៅភូមិសាស្ត្រខេត្តនេះមានច្រកធំៗដែលជនល្មើសដឹកឈើចេញពីព្រៃឡង់មាន៥ ដោយក្នុងមួយច្រកៗ ក្នុងមួយថ្ងៃ ឈើដឹកចេញមិនក្រោម ៥គោយន្តឡើយ ហើយក្នុងមួយគោយន្តមានឈើប្រហែល ១ម៉ែត្រគូប។
លោកឱ្យដឹងទៀតថា ឈើដឹកដោយគោយន្តទាំងនោះត្រូវប្រមូលដាក់ឡានសាំងយ៉ុងពេលមកដល់ក្នុងភូមិ ហើយត្រូវដឹកឱ្យឈ្មួញ ដើម្បីយកទៅចែកចាយបន្ត។ បញ្ហានេះ លោកមានក្តីបារម្ភពីវាសនាព្រៃឡង់ ក្រោយសហគមន៍ត្រូវបានរដ្ឋាភិបាលហាមឃាត់មិនឱ្យចូលព្រៃជម្រកសត្វមួយនេះ តាំងពីខែកុម្ភៈឆ្នាំ២០២០មកក៏ដោយ។
លោក មិញ នី មានប្រសាសន៍៖ «យើងច្រើនតែលើកឡើងថា មិនយូរមិនឆាប់គង់តែអស់ហើយ[ព្រៃឡង់] បើយើងមិនបានចូលដូច្នេះ [ចូលល្បាតព្រៃ] ព្រោះគេបណ្តោយដៃមិនឈប់មិនឈរសោះ»។
ស្រដៀងគ្នានេះ សមាជិកក្រុមស្នូលបណ្តាញសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង លោក យឹម សុភ័ក្រ្ត ឱ្យដឹងថា ព្រៃឡង់ជាប់ភូមិសាស្ត្រខេត្តស្ទឹងត្រែង ក៏នៅតែមានករណីដឹកឈើ និងមានសកម្មភាពរុករានដីព្រៃធ្វើចម្ការផងដែរ។ ប្រភពដដែល នៅតែងឿងឆ្ងល់ថា ហេតុអ្វីបានជាមន្ត្រីបរិស្ថានហាមឃាត់សហគមន៍មិនឱ្យចូលព្រៃការពារធនធានធម្មជាតិ ប៉ុន្តែ ក្រុមជនល្មើសនៅតែអាចធ្វើសកម្មភាពបំផ្លិចបំផ្លាញព្រៃឈើនៅតំបន់អភិរក្សមួយនេះបាន។
លោក យឹម សុភ័ក្រ្ត បន្ថែមថា៖ «យើងឃើញការអនុវត្តច្បាប់ហ្នឹងមិនសមភាពគ្នា មិនស្មើភាពគ្នា រវាងអ្នកការពារព្រៃឈើ ពលរដ្ឋអ្នកស្រឡាញ់ព្រៃឈើ ជាមួយអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ ជាពិសេសកម្មកររបស់ក្រុមហ៊ុនដែលខ្ញុំតែងតែចុះទៅញឹកញាប់ហ្នឹង គឺខាងក្រុមហ៊ុន ស៊ីងបាយអូរទិក គាត់ឈានចូលទៅតំបន់ព្រៃឡង់ខ្លាំងមែនទែន ហើយពួកគេនៅតែអាចធ្វើបាន ហើយមន្ត្រីឧទ្យានុរក្សនៅទីនោះ យើងមិនឃើញគាត់អនុវត្តច្បាប់ឱ្យបានត្រឹមត្រូវទេ»។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ប្រាប់វី.អូ.ឌី តាមប្រព័ន្ធតេឡេក្រាមថា ការចេញរបាយការណ៍ណាមួយរបស់បណ្តាញសហគមន៍ព្រៃឡង់ដែលមិនស្ថិតក្រោមច្បាប់ ជាការទទួលខុសត្រូវផ្ទាល់ ហើយជាព័ត៌មានសម្រាប់តែក្រុមគាត់ប៉ុណ្ណោះ មិនតំណាងឱ្យការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅតំបន់ព្រៃឡង់នោះទេ។
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បន្តថា កម្លាំងមានសមត្ថកិច្ច រដ្ឋាភិបាលនៅតែមានការតាំងចិត្តខ្ពស់ក្នុងការទប់ស្កាត់ និងបង្ក្រាបយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិដែលកើតឡើងស្របតាមច្បាប់នានា។
លោកសរសេរបន្តថា៖ «ក្រសួងបរិស្ថានបន្តសហការជាមួយដៃគូរបស់ខ្លួន ក្នុងនោះមានគម្រោងព្រៃឡង់បៃតងរបស់ USAID និងសហគមន៍តំបន់ការពារធម្មជាតិទាំង១៩ ក្នុងសហគមន៍ព្រៃឡង់ដែលមានកិច្ចព្រមព្រៀងសហការជាមួយក្រសួងបរិស្ថានបន្តទៀត ដើម្បីចុះល្បាតការពារនិងអភិរក្សធនធានធម្មជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅក្នុងតំបន់ព្រៃឡង់ ថែរក្សាធនធានធម្មជាតិដែលមានឱ្យបានគង់វង្ស»។
សកម្មជនព្រៃឈើ លោក ហេង ស្រស់ រកឃើញថា បទល្មើសព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃមួយនេះ នៅតែបន្តកើតមានឥតឈប់ឈរ។ លោកមើលឃើញថា វិធានការរបស់ក្រសួងលើកិច្ចការពារព្រៃឡង់ និងការហាមឃាត់សហគមន៍ អង្គការសង្គមស៊ីវិល មិនឱ្យចូលតំបន់ព្រៃអភិរក្សមួយនេះ ជាវិធានការបើកដៃឱ្យក្រុមជនល្មើសកាន់តែមានឱកាសច្រើន ដើម្បីចូលទៅបំផ្លិចបំផ្លាញធនធានធម្មជាតិនៅតំបន់ព្រៃឡង់។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា ចំណាត់ការរបស់គាត់ [ក្រសួងបរិស្ថាន] គឺចំណាត់ការមួយការពារអ្នកកាសែត ការពារសកម្មជន ការពារសហគមន៍មិនឱ្យចូលល្បាតព្រៃឈើក្នុងតំបន់ព្រៃឡង់ ដើម្បីកាងការពារឱ្យក្រុមឈ្មួញ និងក្រុមជនល្មើសដើម្បីចូលកាប់ឈើនៅតំបន់ព្រៃឡង់ទៅវិញទេ។ គាត់ [ក្រសួង] មិនមែនជាវិធានការណាមួយដើម្បីទប់ស្កាត់មិនឱ្យមានការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ឡើយ»។
កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយដាក់តំបន់ព្រៃឡង់ ជាតំបន់ដែនជម្រកសត្វព្រៃ«ព្រៃឡង់»លើទំហំផ្ទៃដីជាង ៤៣ម៉ឺនហិកតា គ្របដណ្តប់ទៅលើខេត្តចំនួន៤ រួមមាន ខេត្តព្រះវិហារ ខេត្តកំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង ដែលត្រូវដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។
របាយការណ៍របស់ក្រសួងបរិស្ថាន បានឱ្យដឹងថា រយៈពេល ៤ខែ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ ការបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមមាន ការលួចកាប់ឈើខុសច្បាប់ ទន្ទ្រានកាន់កាប់ដីព្រៃ ការបរបាញ់សត្វខុសច្បាប់ បានចំនួនជិត ៤រយករណី (៣៩៩)។
ដោយឡែក បទល្មើសកាប់ឈើ និងទន្ទ្រានដីព្រៃខុសច្បាប់ ចំនួន ៣២ករណី ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការ ដើម្បីដំណើរការនីតិវិធី និងបានធ្វើកិច្ចសន្យាអប់រំណែនាំចំនួន ៤២ករណី ដែលមានមនុស្សពាក់ព័ន្ធជិត ១០០នាក់៕