លោកស្រីបណ្ឌិត ពៅ សាវរស បានធ្វើមរណកាលទៅ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩១ឆ្នាំ នៅប្រទេសបារាំង។
សិស្ស និស្សិត អ្នកដែលលោកស្រីធ្លាប់បង្រៀន និងអ្នកដែលធ្លាប់បានស្គាល់លោកស្រីបណ្ឌិត ជាង ៥០នាក់ បានជួបជុំគ្នាសូត្រមន្តឧទ្ទិសកុសលដល់លោកស្រីបណ្ឌិត ពៅ សាវរស កាលពីថ្ងៃទី២៩ ខែមិថុនាកន្លងទៅ នៅពុទ្ធសាសនបណ្ឌិត្យកម្ពុជា ដើម្បីរំលឹកនឹកគុណ និងសូមឱ្យវិញ្ញាណក្ខន្ធលោកស្រីបណ្ឌិតចាប់បដិសន្ឋិក្នុងទីសុខកុំបីខាន។
ព្រះចៅអធិការវត្តនន្ទមុន្នី ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះសុមេធវង្ស សុខ ប៊ុនធឿន មានថេរដីកាថា ការបាត់បង់លោកស្រីបណ្ឌិត ពៅ សាវរស ជាការបាត់បង់នូវធនធានដ៏កម្រនូវអ្នកអក្សរសាស្ត្រ វប្បធម៌ជាតិរបស់កម្ពុជា។
ព្រះអង្គមានសង្ឃដីកាថា៖ «អាត្មាសូមសម្ដែងនូវការសោកស្ដាយដ៏ពន់ប្រមាណ។ ចំណុចទីពីរ ក៏សម្ដែងនូវមោទកភាពនូវកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីសាស្ត្រាចារ្យបណ្ឌិត ពៅ សាវរសដែលគាត់ខំប្រឹងលះបង់នូវពេលវេលាដ៏មានតម្លៃសិក្សារៀនសូត្រផ្ទាល់រហូតបានក្លាយជាបញ្ញវន្តដ៏ឆ្នើមរបស់ជាតិ»។
បណ្ឌិត ឆោម គន្ធា ដែលធ្លាប់ជាសិស្ស និងបានស្គាល់លោកស្រី ពៅ សាវរស ជាង១០ឆ្នាំមកហើយនោះ បានបង្ហាញអារម្មណ៍សោកស្ដាយចំពោះការបាត់បង់អ្នកគ្រូរបស់ខ្លួនបែបនេះ។
បណ្ឌិត ឆោម គន្ធា មានប្រសាសន៍ថា៖ «ខ្ញុំបានស្គាល់អ្នកគ្រូក្នុងពេលដែលខ្ញុំទៅរៀនថ្នាក់បណ្ឌិត ព្រោះនិក្ខេបបទខ្ញុំដែលត្រូវសរសេរនៅពេលនោះគឺទាក់ទងនឹងសិលាចារឹកដែលជាជំនាញរបស់អ្នកគ្រូ ពៅ សាវរស់ ហើយខ្ញុំនឹកគុណគាត់មិនភ្លេចទេ ព្រោះពេលហ្នឹងគាត់ជាអ្នកចូលនិវត្តន៍ហើយ ក៏ប៉ុន្ដែគាត់នៅតែទទួលសិស្សឱ្យមកជួបមករៀននៅផ្ទះ ដូចថាមិនមែនជានាទីគាត់សោះ តែគាត់ស្ម័គ្រចិត្តមកបង្រៀនជួយដឹកដៃតម្រង់ផ្លូវ ថាខ្ញុំបានចំណេះប៉ុណ្ណានៅពេលនេះគឺបានមកពីគុណគាត់ទាំងស្រុង»។
តើបណ្ឌិត ពៅ សាវរស ជាអ្នកណា?
ក្មេងជំនាន់ក្រោយតិចណាស់ដែលបានស្គាល់ ឬឮឈ្មោះបណ្ឌិត ពៅ សាវរស តែសម្រាប់សាស្ត្រាចារ្យបុរាណវិទ្យា អ្នកប្រវត្តិវិទ្យា និងភាសាវិទ្យា និងសាស្ត្រាចារ្យបរទេសធំៗមួយចំនួនពិតជាស្គាល់យ៉ាងច្បាស់ពីបណ្ឌិតដែលជាធនធានដ៏កម្ររបស់ជនជាតិខ្មែរនេះ។
បណ្ឌិត ពៅ សាវរស កើតនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩២៩ នៅក្រុងភ្នំពេញ ស្ថិតក្នុងគ្រួសារអ្នកមានកម្រិតវប្បធម៌ខ្ពស់មួយ ដែលមានឪពុកឈ្មោះ ពៅ ច្រឹង និងម្ដាយឈ្មោះ នូវ សែង។ កុមារី ពៅ សាវរស មានបងប្អូន ១០នាក់ ដែលគាត់ជាកូនទី២នៃគ្រួសារ។ ឪពុករបស់គាត់គឺជាមន្ត្រីនៃក្រសួងវប្បធម៌ ចំណែកជីតា និងឪពុកធំជាមន្ត្រីខ្ពង់ខ្ពស់ក្នុងព្រះបរមរាជវាំង ក្នុងរាជព្រះបាទនរោត្តម សុរាម្រឹត។
កញ្ញា ពៅ សាវរស ទទួលបានសញ្ញាបត្រមធ្យមសិក្សាភាគទី២ ផ្នែកអក្សរសាស្ត្រ និងទស្សនវិជ្ជានៅឆ្នាំ១៩៤៧ និងបានបន្តការសិក្សាផ្នែកភាសាវិទ្យានៅសាកលវិទ្យាល័យនៅទីក្រុងប៉ារីសក្នុងឆ្នាំ១៩៥១ ដោយបានសិក្សាលើវិស័យបីផ្នែកគឺ ភាសាវិទ្យាទូទៅ ភាសាវិទ្យាអឺរ៉ុប និងភាសាវិទ្យាបូព៌ា (សំស្ក្រឹត និងបាលី) ដែលបានសិក្សាពីគ្រូល្បីជាច្រើនដូចជាលោក អារ៍ម៉ង់ មីណារដ៍ លោក ល្វីរ៉ើននូ អង់ដ្រេ បារ៉ូ លោក ហ្សង់ ហ្វីលីយ៉ូហ្សាត លោក អូ ឈៀង លោក ហ៊្សក សឺដេស និងលោក ហ្វ្រង់ស្វា ម៉ារទីនី ជាដើម។
សំឡេងអាន៖ «តមកទើបលោកស្រីទទួលបានសញ្ញាបត្របណ្ឌិតរដ្ឋនៅឆ្នាំ១៩៧៨ ដោយសារស្នាដៃមួយដែលតម្រូវឱ្យមានការសិក្សាស្រាវជ្រាវជ្រៅជ្រះ និងលំបាកក្រៃលែង គឺនិក្ខេបបទដែលមានចំណងជើងថា រាមកេរ្តិ៍ខ្មែរ ស.វទី១៦ -១៧»។
លោកស្រីបណ្ឌិតបានចូលបម្រើការងារជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលជាតិសិក្សាស្រាវជ្រាវលក្ខណៈវិទ្យាសាស្ត្រនាទីក្រុងប៉ារីសប្រទេសបារាំងនៅឆ្នាំ១៩៧៩ និងបានចាប់ផ្ដើមបង្រៀននៅតាមសាលានានានៅប្រទេសបារាំងចាប់ពី១៩៨៩តមក។
បើតាមបណ្ឌិត វង់ សុធារ៉ា ដែលជាកូនសិស្សរបស់លោកស្រីម្នាក់ផងដែរនោះ ថា លោកស្រីបណ្ឌិតបានចាប់ផ្ដើមមកធ្វើបទបង្ហាញនៅស្រុកខ្មែរដំបូងក្នុងឆ្នាំ១៩៩៣ ហើយលោកក៏ចាប់ផ្ដើមក្លាយជាសិស្សម្នាក់របស់គាត់នៅឆ្នាំ១៩៩៨ ។
លោកបណ្ឌិត វង់ សុធារ៉ា មានប្រសាសន៍ថា៖ «កាលពីឆ្នាំ១៩៩៤ ខ្ញុំបានឮឈ្មោះគាត់ពេលដែលគាត់អញ្ជើញទៅដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ តែខ្ញុំអត់បានជួបគាត់ទេ បានតែស្ដាប់បាថកថាគាត់ដែរ តែមិនបានជួបផ្ទាល់»។
លោកបន្ថែមថា៖ «មូលនិធិរបស់អាល្លឺម៉ង់មួយដែលបានជួយពុទ្ធសាសនបណ្ឌិត្យក៏បានអញ្ជើញអ្នកគ្រូមកធ្វើបាថកថានៅពុទ្ធសាសនបណ្ឌិត្យពីឆ្នាំ១៩៩៧មក ហើយពេលហ្នឹងដែលខ្ញុំបានចាប់អារម្មណ៍ជួបស្គាល់គាត់ផ្ទាល់ ហើយគាត់បានឱ្យខ្ញុំបកប្រែស្នាដៃអ្វីដែលជាខេមរវិទ្យា។ នៅឆ្នាំ១៩៩៨ ដែលជាឆ្នាំទីពីរដែលគាត់មកលេងម្ដងទៀតមកស្រុកខ្មែរ ហើយនៅឆ្នាំ១៩៩៨ដែលខ្ញុំបានបកប្រែរួច ខ្ញុំបានយកឱ្យគាត់មើល គាត់បានកែបន្ដិចបន្តួច ហើយចាប់ពីពេលនោះហើយដែលគាត់បានចាត់ទុកខ្ញុំជាកូនសិស្សម្នាក់របស់គាត់»។
លោក វង់ សុធារ៉ា បានរៀបរាប់ពីអត្តចរិតរបស់អ្នកគ្រូ ពៅ សាវរស ថា៖ «អ្នកខ្លះថា គាត់កាច! តែសម្រាប់ខ្ញុំៗចាំថា គាត់គឺជាមនុស្សហ្មត់ចត់ខ្លាំង ហើយបើនៅក្នុងការបង្រៀនបើគាត់និយាយពីទ្រឹស្ដីហើយ យើងអត់យល់ អត់អាចទាញយកទៅលើការស្រាវជ្រាវទាញយកព័ត៌មានអីបានភ្លាមៗនៅចំពោះមុខគាត់ទេ គាត់ចាត់ទុកសិស្សហ្នឹងអន់ណាស់ ហេតុដូច្នេះគាត់មិនឱ្យជួបយូរទេ! អ្នកណាដែលសុំគាត់រៀនពីគាត់ តែគាត់ជួបនិយាយហើយអត់បែកគំនិត គាត់ឈប់ឱ្យទៅជួបហើយ គាត់ថានាំតែខាតពេលទេ។ ហើយខ្ញុំៗគិតថា បានជោគជ័យដែរ ដោយសារតែគាត់អត់បានដេញខ្ញុំដូចអ្នកដទៃ»។
ក្រៅពីបណ្ឌិត ឆោម គន្ធា និងបណ្ឌិត វង់ សុធារ៉ា ក៏មានបណ្ឌិត និងសាស្ត្រាចារ្យជាច្រើនទៀតដែលត្រូវបានអ្នកគ្រូ ពៅ សាវរស បណ្ដុះបណ្ដាល ដែលមានដូចជា បណ្ឌិត អាំង ជូលៀន បណ្ឌិត មីសែល អង់តែម និងបណ្ឌិត Ashley Thompson ជាដើម។ ការបង្រៀនរបស់អ្នកគ្រូ ពៅ សាវរស គឺគាត់តែងតែលើកសរសើរពីចំណុចល្អនីមួយៗរបស់សិស្សគ្រប់គ្នាទៅកាន់សិស្សផ្សេងទៀត ដែលធ្វើឱ្យសិស្សទាំងអស់តែងតែគោរពគ្នាទៅវិញទៅ។
ស្នាដៃធំៗរបស់លោកស្រី ពៅ សាវរស មានដូចជា និក្ខេបបទកម្រិតខ្ពស់ទី៣ មានចំណងជើងថា ស្ថាននាមខ្មែរ និក្ខេបបទបណ្ឌិត រាមកេ្តរិ៍ខ្មែរ សៀវភៅសិលាចារឹកថ្មីៗនៃប្រទេសកម្ពុជាក្បាលទី១ ដល់ក្បាលទី៤ វចនានុក្រមខ្មែរចាស់-បារាំង-អង់គ្លេស វចនានុក្រមភាសាខ្មែរសម័យកណ្ដាល និងកម្រងច្បាប់ទាក់ទងនឹងវប្បធម៌ជាដើម។
ក្រៅពីស្នាដៃទាំងនេះ ក៏មានស្នាដៃជាអត្ថបទ និងសៀវភៅជាង១៥០ស្នាដៃទៀត ដែលត្រូវសរសេរដោយបណ្ឌិត ពៅ សាវរស ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ២០១២។ ស្នាដៃទាំងនេះហើយដែលជារបស់សំខាន់សម្រាប់អ្នកស្រាវជ្រាវជំនាន់ក្រោយអាចយកទៅស្រាវជ្រាវបន្ត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាតទៅមុខទៀត នេះជាប្រសាសន៍របស់អនុរដ្ឋលេខាធិការក្រសួងធម្មការ លោក ថោ គឿន។
លោកមានប្រសាសន៍ថា៖ «ខ្ញុំចង់បញ្ជាក់ថា កិច្ចការ [របស់លោកស្រី ពៅ សាវរស់] គឺសុទ្ធតែមានតម្លៃដល់សង្គមជាតិ ដល់អ្នកសិក្សាអ្នកបន្តវេន ជាអ្នកទ្រទ្រង់នូវការអភិវឌ្ឍនូវប្រទេសរបស់យើង»។
បើទោះជារូបកាយបណ្ឌិត ពៅ សាវរស បានបាត់បង់ពីពិភពលោកនេះទៅហើយក្ដី តែសម្រាប់សិស្សរបស់គាត់នៅតែចាត់ទុកគាត់នៅតែនៅជាមួយដដែល ហើយពាក្យណែនាំរបស់អ្នកគ្រូគឺនៅតែរំលឹកដល់គាត់រហូតមកដល់ពេលនេះ។
បើតាមលោកបណ្ឌិត វង់ សុធារ៉ា ក្នុងផ្នត់គំនិតរបស់លោកស្រីបណ្ឌិត ពៅ សាវរស គឺខ្មែរជាជាតិខ្លាំងមួយ ដូច្នេះ លោកស្រីមិនសប្បាយចិត្តនោះទេនៅពេលដែលជនជាតិខ្មែរធ្វើចរិតទន់ជ្រាយឱ្យបរទេសបានឃើញនោះ។
លោកបណ្ឌិត វង់ សុធារ៉ា៖ «គាត់តែងតែថា មើល! ត្រូវធ្វើឱ្យមាន Dignity [សេចក្តីថ្លៃថ្នូរ] មើល! របៀបម៉េចដែលហៅថា Dignity គាត់ពន្យល់សព្វបែបយ៉ាងតាំងពីចរិតតាំងពីអី។ ហើយយើងឃើញថា យើងជាខ្មែរ បើចូលក្នុងចំណោមបរទេសអីហ្នឹង គេមើលងាយយើងហើយ អ្នកខ្លះគាត់ថា យើងក៏មានមុខមាត់ពេញស្មើគេដែរ តែយើងដឹងស្រាប់ហើយបើយើងទៅស្រុកបារាំងយើងត្រូវមានវីសាមានអី តែបារាំងដែលមកស្រុកយើងគេមិនចាំបាច់ទេ តែដល់យើងទៅគេវិញវាពិបាក កន្លែងហ្នឹងហើយដែលថាយើងមិនអាចស្មើគេនោះណា។ ណាមួយគេដើរវែងជាងយើង ហើយយើងដើរចេះតែឱនលំទោនដាក់គេ។ ដល់សម្រាប់គាត់ គឺអត់ទេ! អ្នកណាជាខ្មែរ ហើយជាពិសេសជាកូនសិស្សគាត់ទៅដើរទន់ជ្រាយដាក់គេ គឺគាត់អត់ទេ! គឺត្រូវមាន Dignity ខ្លួនឯង ត្រូវតែមានឯករាជ្យ មានឥស្សរភាពជាមួយខ្លួនឯង កុំទៅឱនក្បាលដាក់អ្នកណាទាំងអស់!»