លោកអ្នកនាងស្ដាប់ជាទីមេត្រី! នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្ស៊ិនហ៊្សូ អាបេ បានប្រាប់មេដឹកនាំអាហ្វ្រិកកាលពីថ្ងៃម្សិលមិញថា ប្រទេសរបស់លោក នឹងអនុវត្តការគាំទ្រទាំងវិស័យសាធារណៈ និងឯកជនមានតម្លៃ ៣០ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទ្វីបមួយនេះ។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
បើតាម Reuters លោក អាបេ បានសន្យាដូច្នេះ នៅអំឡុងពេលលោកចូលរួមក្នុងសន្និសីទអន្តរជាតិតូក្យូស្ដីពីការអភិវឌ្ឍទ្វីបអាហ្វ្រិក ដែលរៀបចំធ្វើឡើងនៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។
Reuters បានរាយការណ៍ថា ជប៉ុនដែលជាប្រទេសក្សត់ខ្សោយធនធាននោះ បានចាប់អារម្មណ៍ជាយូរមកហើយ ទៅនឹងការទាញយកធនធានធម្មជាតិដ៏មហាសាលរបស់ទ្វីបអាហ្វ្រិក ចាប់តាំងពីជប៉ុនបានពឹងផ្អែកទៅលើប្រេង និងឧស្ម័នធម្មជាតិ នៅក្រោយគ្រោះថ្នាក់នុយក្លេអ៊ែរនៅទីក្រុងហ៊្វូគូស៊ីម៉ា នៅឆ្នាំ២០១១ ដែលឈានទៅបិទម៉ាស៊ីនរេអាក់ទ័រស្ទើតែទាំងអស់។
ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្ដីលោក អាបេ ដែលបានថ្លែងថា កញ្ចប់ថវិកានោះ នឹងត្រូវពង្រាយក្នុងរយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំនេះ ហើយមានថវិកា ១០ពាន់លានដុល្លារ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ នៅអាហ្វ្រិក ដែលនឹងត្រូវអនុវត្តតាមរយៈកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី។
ថវិកា ៣០ពាន់លានដុល្លារនោះ គឺជាកញ្ចប់ថវិកាបន្ថែមទៅលើថិវកា ៣២ពាន់លានដុល្លារ ដែលជប៉ុនបានសន្យាផ្ដល់ឲ្យទ្វីបអាហ្វ្រិក កាលពីឆ្នាំ២០១៣ សម្រាប់គម្រោងរយៈពេល ៥ឆ្នាំ។ លោក អាបេ ថ្លែងថា ថវិកា ៦៧ភាគរយ ត្រូវបានដាក់ឲ្យប្រើប្រាស់រួចរាល់ហើយ សម្រាប់គម្រោងនានា។
ការវិនិយោគដោយផ្ទាល់របស់ជប៉ុននៅអាហ្វ្រិក មានតម្លៃសរុប ១.២៤ពាន់លានដុល្លារនៅឆ្នាំ២០១៥កន្លងមក ដោយបានធ្លាក់ចុះពីចំនួន ១.៥ពាន់លានដុល្លារ ធៀបទៅនឹងឆ្នាំ២០១៤។ នេះដោយយោងតាមអង្គការពាណិជ្ជកម្មជប៉ុននៅក្រៅប្រទេស។
ចំណែកឯប្រទេសចិន គិតត្រឹមខែមេសា ឆ្នាំ២០១៥ បានបោះថវិកា ២ពាន់លានដុល្លារ ទៅលើការវិនិយោគនៅក្នុងប្រទេសអេត្យូពី ដែលសម្បូរប្រេង៕