រដ្ឋាភិបាលបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សានិងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប។
យោងតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល ចុះថ្ងៃទី៨ ខែកញ្ញា គណៈកម្មការអន្តរក្រសួងនេះ មានសមាសភាពជាប្រធាន អនុប្រធាន អនុប្រធានអចិន្ត្រៃយ៍ និងសមាជិកសរុបចំនួន១៨រូប ក្នុងនោះមានលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន។
សេចក្តីសម្រេចបានបន្តថា គណៈកម្មការនេះមានតួនាទីដឹកនាំ គ្រប់គ្រង និងសម្របសម្រួលលើការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប បូករួមទាំងការសិក្សា ការរៀបចំ អនុវត្ត ត្រួតពិនិត្យ តាមដាន និងវាយតម្លៃគម្រោង និងត្រូវរៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោងជូនរាជរដ្ឋាភិបាលផងដែរ។
ការបង្កើតគណៈកម្មការអន្តរក្រសួងនេះ បានធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៤ ខែកញ្ញា បានប្រកាសទម្លាក់ថវិកាជាតិប្រមាណ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍កែលម្អផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋនិងជំរុញកំណើនសេដ្ឋកិច្ចជាតិនៅក្រោយជំងឺកូវីដ១៩។
យោងតាមរបាយការណ៍ដែលបង្ហាញក្នុងកិច្ចប្រជុំរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែមិថុនា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវមេចំនួន៣៨ខ្សែនេះមានប្រវែងសរុប៩៨,៣៤គីឡូម៉ែត្រ។
របាយការណ៍បន្តថា គម្រោងនេះត្រូវបានសិក្សាដោយរដ្ឋបាលខេត្តសៀមរាប ក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់វិស័យសេដ្ឋកិច្ច សោភ័ណភាពទីក្រុងឱ្យសក្តិសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ព្រមទាំងតភ្ជាប់ផ្លូវពីទីប្រជុំជនក្រុងសៀមរាបទៅតំបន់ដាច់ស្រយាលនៅជាយក្រុង និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរក្នុងខេត្តនេះ៕