តួលេខចេញដោយរដ្ឋាភិបាល បង្ហាញថា ចំនួនមនុស្សរងគ្រោះដោយសារទឹកជំនន់នៅរយៈពេលជិត២ខែចុងក្រោយនេះ បានកើនឡើងដល់៤៤នាក់ហើយគិតត្រឹមថ្ងៃម្សិលមិញនេះ ខណៈពលរដ្ឋរាប់ម៉ឺននាក់ទៀតត្រូវបង្ខំជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។
តួលេខចេញដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បង្ហាញថា ទឹកជំនន់បានជន់លិចខេត្ត-រាជធានី ២០នៅទូទាំងប្រទេស ដោយបានប៉ះពាល់ពលរដ្ឋដល់ទៅជិត១៥ម៉ឺនគ្រួសារ ឬជិត៦០ម៉ឺននាក់។
បើតាម គ.ជ.គ.ម. ទឹកជំនន់បានបង្ខំពលរដ្ឋ១១ ៨៩៦គ្រួសារ ឬពលរដ្ឋជាង៤ម៉ឺន៧ពាន់នាក់ ឱ្យជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ហើយបានសម្លាប់មនុស្ស៤៤នាក់គិតត្រឹមថ្ងៃម្សិលមិញនេះ។
តួលេខរបស់ គ.ជ.គ.ម. ឱ្យដឹងផងដែរថា ទឹកជំនន់ក៏បានប៉ះពាល់ផ្ទះសម្បែងពលរដ្ឋជាង១៣ម៉ឺន៤ពាន់ខ្នង ហើយផ្ទះសម្បែងពលរដ្ឋ៦៣ខ្នងទៀត បានខូចខាតដោយសារទឹកជំនន់ ខណៈសាលារៀន៩៥១កន្លែង និងវត្តអារាម៣០៧កន្លែង ត្រូវទឹកជន់លិច។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចារ បានប្រាប់វីអូឌីកាលពីថ្ងៃម្សិលមិញថា សាលារៀនភាគច្រើនដែលទឹកជន់លិច គឺស្ថិតនៅកម្រិតបឋមសិក្សា ហើយទឹកជំនន់ជន់លិចសាលារៀនប៉ុន្មានសប្ដាហ៍មកនេះ បានបង្ខំសិស្សខ្ទង់៤៤ ០០០នាក់ឱ្យផ្អាកសិក្សារបស់ពួកគេ៕