ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានដាក់ប្រទេសនៅក្រោមការឡោមព័ទ្ធ កាលពីយប់ថ្ងៃម្សិលមិញ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅផ្សារមួយកន្លែងក្នុងទីក្រុង Davao បានសម្លាប់មនុស្សយ៉ាងតិច ១៤នាក់ ហើយបង្កឲ្យមនុស្ស ៧១នាក់ទៀត រងរបួស។ នេះដោយយោងតាមការផ្សាយរបស់ CNN ដែលបានដកស្រង់ការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានហ្វីលីពីន នៅថ្ងៃនេះ។
សារព័ត៌មាន CNN បានដកស្រង់សម្ដីលោក Duterte ដែលបានថ្លែងថា ការបំផ្ទុះគ្រាប់បែកនោះ គឺជាទង្វើភេរវកម្ម ហើយបញ្ជាឲ្យប៉ូលិស និងយោធា ស្វែងរករថយន្ត និងមនុស្សបំផ្ទុះគ្រាប់បែក នៅតាមច្រកត្រួតពិនិត្យ។ CNN បានផ្សាយបន្តថា លោក Duterte បានដាក់ប្រទេសឲ្យស្ថិតនៅក្រោម«រដ្ឋគ្មានច្បាប់» ដោយនិយាយថា លោកមិនប្រកាសច្បាប់សឹកនោះទេ និងបានព្យួរចោលអំណាចតុលាការ។
លោក Duterte បានថ្លែងថា៖ «យើងត្រូវតែប្រឈមមុខនឹងមេដឹកនាំភេរវកម្មដ៏អាក្រក់។ យើងនឹងចាត់ទុកជាបញ្ហារបស់ប៉ូលិសក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម»។
អ្នកនាំពាក្យប៉ូលិសទីក្រុង Davao លោក Catherine Dela Rey បាននិយាយថា ការបំផ្ទុះគ្រាប់បែកនោះ បានកើតឡើងនៅម៉ោងប្រហែល ១០យប់មិញ នៅផ្សាររាត្រី Roxas នៅជិតសាកលវិទ្យាល័យ Ateneo de Davao។
ផ្សារនោះ ត្រូវបានគេដឹងថាទាក់ទាញមនុស្សរាប់ពាន់នាក់។
គេនៅមិនទាន់ដឹងពីមូលហេតុនៃការបំផ្ទុះគ្រាប់បែកនេះនៅឡើយទេ ប៉ុន្តែ អ្នកនាំពាក្យប្រធានាធិបតី លោក Martin Andanar និយាយថា គ្រឿងបំផ្ទុះដែលគេកែច្នៃ ត្រូវបានគេរកឃើញនៅកន្លែងកើតហេតុ៕