ក្រុមសមាជិកសភាអាមេរិក៨រូប ជំរុញទៅរដ្ឋាភិបាលសហរដ្ឋអាមេរិកឱ្យដាក់ទណ្ឌកម្មបន្ថែមទៀតមកលើកម្ពុជា ជាការឆ្លើយតបទៅនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលពួកគេមើលឃើញថា កំពុងធ្លាក់ចុះយ៉ាងគួរឱ្យព្រួយបារម្ភ។
ក្រុមសមាជិកសភាអាមេរិកទាំង៨រូបនោះ បានជំរុញបែបនេះនៅក្នុងលិខិតរួមមួយដែលផ្ញើទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ចុះថ្ងៃទី១៦ ខែវិច្ឆិកា។
សមាជិកសភាអាមេរិកទាំង៨រូបនោះ រួមមាន សមាជិកព្រឹទ្ធសភា៤រូប មកពីគណបក្សប្រជាធិបតេយ្យ និងសមាជិកសភាតំណាងរាស្ត្រ៤រូប ដែលមកពីគណបក្សប្រជាធិបតេយ្យ ៣រូប និងមកពីបក្សសាធារណរដ្ឋ ១រូប។
ក្នុងលិខិតនោះ ក្រុមសមាជិកសភាអាមេរិកទាំងនោះសរសេរថា៖ «រដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវតែឆ្លើយតបរួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីផ្ញើសារដ៏ខ្លាំងមួយទៅលោក ហ៊ុន សែន ថា ការបង្ក្រាបរបស់លោកទៅលើបក្សប្រឆាំង និងសេរីភាពបញ្ចេញមតិ គឺមិនអាចទទួលយកបាននោះឡើយ»។
ក្រុមសមាជិកសភាអាមេរិកទាំងនោះបានលើកឡើងនៅក្នុងលិខិតថា បក្សកាន់អំណាចអស់រយៈពេលជាង៣៥ឆ្នាំមកហើយនោះ លោក ហ៊ុន សែន មានកំណត់ត្រាដ៏យូរមកហើយអំពីការប្រើអំពើហិង្សា ការគំរាមកំហែង ការតាមដាន និងអំពើពុករលួយ ដើម្បីរក្សាអំណាច។
ក្រុមសមាជិកសភាអាមេរិកទាំងនោះ ថែមទាំងបានយោងទៅលើរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលនិយាយថា គិតត្រឹមខែតុលាឆ្នាំនេះ អ្នកទោសនយោបាយ៥៥រូបហើយ កំពុងត្រូវបានឃុំខ្លួនតាមតែអំពើចិត្ត បន្ទាប់ពីពួកគេអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិនិងជួបជុំដោយសន្តិវិធី។
ក្រុមសមាជិកសភាទាំង៨រូបនោះ បានសរសេរថា៖ «ជាងនេះទៀត យើងអំពាវនាវទៅលោក ឱ្យលោកធ្វើការជាមួយក្រសួងរតនាគារ ដើម្បីដាក់ទណ្ឌកម្មនៅក្រោមច្បាប់ Global Magnitsky ឬក៏វិធានការសមស្របផ្សេងទៀត ប្រឆាំងនឹងមេដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ក្នុងនោះមានមេដឹកនាំនគរបាលជាតិ និងកងរាជអាវុធហត្ថផងដែរ ដែលសុទ្ធតែជាប់ពាក់ព័ន្ធនឹងការកើនឡើងនៃការចាប់ខ្លួន»។
ក្រុមសមាជិកសភាអាមេរិកទាំងនោះ បានជំរុញឱ្យមានទណ្ឌកម្មបន្ថែមទៀតមកលើកម្ពុជាបែបនេះ ស្របពេលគ្នានឹងអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ អ្នកស្រី Mary Lawlor ដែលជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីស្ថានភាពរបស់អ្នកការពារសិទ្ធិមនុស្ស បានសម្ដែងក្ដីបារម្ភចំពោះកំណើននៃការចាប់ខ្លួនជាបន្តបន្ទាប់នេះ។
អ្នកស្រី Lawlor លើកឡើងថា ការលើកស្ទួយនិងការពារសិទ្ធិមនុស្សតាមមធ្យោបាយសន្តិវិធី មិនមែនជាបទល្មើសនោះទេ ហើយអ្នកស្រីថា កម្លាំងសន្តិសុខរបស់អាជ្ញាធរបានប្រើប្រាស់កម្លាំងហួសប្រមាណ ដើម្បីហាមឃាត់អ្នកការពារសិទ្ធិមនុស្ស ដែលភាគច្រើនជាស្ត្រី មិនឱ្យប្រើប្រាស់សិទ្ធិរបស់ពួកគេក្នុងការជួបជុំដោយសន្តិវិធី។
អង្គការការពារសិទ្ធិមនុស្សលីកាដូ បានកត់ត្រាឃើញថា សកម្មជន សិល្បករ អ្នកការពារសិទ្ធិមនុស្សរហូតដល់១៩នាក់ហើយ ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនជាបន្តបន្ទាប់ចាប់ពីចន្លោះចុងខែកក្កដាដល់ខែកញ្ញាកន្លងមកនេះ៕