ក្រសួងទាំងពីរគ្រោងផ្លាស់ប្ដូរទីស្ដីការរបស់ខ្លួនទៅកាន់ទីតាំងថ្មី បន្ទាប់ពីគម្រោងសាងសង់អគារទីស្ដីការថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបញ្ចប់រួចរាល់នៅចុងឆ្នាំនេះ។
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ដំណើរការសាងសង់អគារថ្មីនៃទីស្ដីការក្រសួងដែលស្ថិតនៅតាមបណ្ដោយផ្លូវ ជា សុផារ៉ា ក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ សម្រេចបានស្ទើរតែទាំងស្រុងហើយ ដោយនៅសេសសល់តែការងារតុបតែងលម្អខាងក្នុងនិងបរិវេណអគារតែប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក គង់ វិមាន បានឱ្យដឹងថា ក្រសួងគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងខែមករាខាងមុខនេះ ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់ពីពេលវេលាជាក់លាក់នៅឡើយទេ ដោយរង់ចាំការសម្រេចពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នៅពេលសាកសួរអំពីទំហំចំណាយសម្រាប់សាងសង់អគារទីស្ដីការថ្មីនេះ មន្ត្រីរូបនេះប្រាប់ថា លោកមិនអាចប្រាប់បាននោះទេ ប៉ុន្តែលោកថា ក្រសួងមិនមានបំណងបិទបាំងព័ត៌មាននោះឡើយ ដោយរង់ចាំដល់គម្រោងសាងសង់សម្រេចរួចរាល់ទាំងស្រុងសិន។
លោក គង់ វិមាន បានឱ្យដឹងទៀតថា ចំណែកទីតាំងចាស់របស់ក្រសួងមានទំហំជាង១ហិកតា ស្ថិតនៅជិតវត្តភ្នំ ក្នុងខណ្ឌដូនពេញ ត្រូវបានរដ្ឋាភិបាលសម្រេចប្រគល់ទៅឱ្យក្រសួងរ៉ែ និងថាមពល យកធ្វើជាទីស្ដីការថ្មី។
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក យស់ មុនីរ៉ាត់ បានប្រាប់ឱ្យដឹងថា ថ្នាក់ដឹកនាំស្ថាប័នលោកមិនទាន់សម្រេចរុះរើទៅកាន់ទីតាំងថ្មីនៅពេលណានោះដែរ ប៉ុន្តែលោកថា រង់ចាំការចាកចេញរួចរាល់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
មន្ត្រីរូបនេះបានឱ្យដឹងថា ទីតាំងចាស់របស់ក្រសួងរ៉ែ និងថាមពល ដែលស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី៣ ក្នុងខណ្ឌដូនពេញ ត្រូវបានប្រគល់ទៅរដ្ឋាភិបាលសម្រាប់ចាត់ចែងបន្ត ប៉ុន្តែលោកប្រាប់ថា លោកមិនបានដឹងថា រដ្ឋាភិបាលចាត់ចែងប្រគល់ទៅឱ្យនរណានោះឡើយ។
លោក គង់ វិមាន បានឱ្យដឹងថា អគារទីស្ដីការថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន មានចំនួន៥អគារ ហើយអគារនីមួយៗមានកម្ពស់៩ជាន់ ដែលប្រមូលផ្ដុំទៅដោយស្ថាប័នចំណុះរបស់ក្រសួង។
សំណង់អគារទីស្ដីការថ្មីរបស់ក្រសួងដែលស្ថិតលើផ្ទៃដីទំហំខ្ទង់៤ហិកតា ត្រូវបានចាប់ផ្ដើមសាងសង់កាលពីខែឧសភាឆ្នាំមុន ហើយគ្រោងបញ្ចប់គម្រោងសាងសង់នៅត្រឹមដំណាច់ឆ្នាំ២០២០នេះ៕