លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅថ្ងៃនេះថា បណ្ដឹងបរិហារកេរ្តិ៍មួយដែលលោកដាក់នៅតុលាការបារាំង ត្រូវបានកំណត់យកទៅបើកជំនុំជម្រះនៅឆ្នាំ២០២២ខាងមុខ ដែលនាំឱ្យលោករិះគន់ចំពោះភាពយឺតយ៉ាវនៃដំណើរការនីតិវិធីច្បាប់របស់តុលាការប្រទេសមហាអំណាចមួយនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងឱ្យដឹងបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមមេធាវីស្ម័គ្រចិត្តរបស់លោកនៅឯវិមានសន្តិភាពនៅព្រឹកថ្ងៃនេះ។
លោក ហ៊ុន សែន ថ្លែងថា៖ «បណ្តឹងបរិហាកេរ្តិ៍ប្តឹងតាំងពីឆ្នាំ២០១៩ តុលាការទើបកំណត់ថ្ងៃសវនាការម៉ោង១.៣០នាទី ថ្ងៃ១ ខែកញ្ញា ឆ្នាំ២០២២»។
លោក ហ៊ុន សែន បានប្រតិកម្មតបទៅនឹងអ្នករិះគន់ដំណើរការនីតិវិធីរបស់តុលាការកម្ពុជា ដោយឱ្យមើលភាពយឺតយ៉ាវនៃដំណើរការនីតិវិធីរបស់តុលាការបារាំងមានរយៈពេលដល់ទៅ ៣ឆ្នាំ។
លោក ហ៊ុន សែន ថ្លែងថា៖ «គ្រាន់តែរឿងបរិហាកេរ្តិ៍ប្រើពេលរហូតដល់ ៣ឆ្នាំ រឿងអីមកគៀបសង្កត់តុលាការភ្នំពេញឱ្យកាត់ក្តីរឿងធំៗមួយចំនួនបានឆាប់រហ័សជាងហ្នឹង។ សួរខ្លួនឯងមើល៍ នេះជាប្រទេសដែលគេចាត់ទុកថាជាតុលាការឯករាជ្យ តុលាការឆាប់រហ័ស មានរឿងអ៊ីចឹងដែរ»។
លោក ហ៊ុន សែន និងកូនប្រសាររបស់លោក គឺលោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានដាក់បណ្ដឹងមួយកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ទៅតុលាការបារាំងនៅទីក្រុងប៉ារីស ប្រឆាំងនឹងអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ។
ក្នុងបណ្ដឹងនោះ លោក ហ៊ុន សែន និងកូនប្រសារប្រុសលោក បានចោទអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថាបានបរិហារកេរ្តិ៍លោកជាសាធារណៈ បន្ទាប់ពីមេបក្សប្រឆាំងរូបនេះសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា មេដឹកនាំបក្សកាន់អំណាចស្ថិតនៅពីក្រោយនៃការស្លាប់របស់លោក ហុក ឡង់ឌី កាលពីឆ្នាំ២០០៨។
អតីតស្នងការនគរបាលរាជធានីភ្នំពេញ លោក ហុក ឡង់ឌី ដែលជាដន្លងជាមួយលោក ហ៊ុន សែន ផងដែរនោះ បានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រមួយនៅខេត្តស្វាយរៀង កាលពីខែវិច្ឆិកា ឆ្នាំ២០០៨៕