អ្នកស្រី រស្មី៖ «ដំបូងយើងអត់ដឹងថាគេពិនិត្យទឹកនោមទេ ដល់ពេលខ្ញុំចូលទៅ គេប្រាប់ថាស្ងាត់ភ្ញៀវប្រហែល២ទៅ៣ថ្ងៃ ទើបគេចាប់ផ្ដើមពិនិត្យ។ ដល់ពេលពិនិត្យ គេទិញប្រដាប់ពិនិត្យមកឱ្យមេការ ទៅប្រាប់ ពេលយើងទៅវ៉ៃប៉ុង គេប្រាប់ថា ឥលូវពិនិត្យទឹកនោម។ គេយកលេខកូដយើងទៅដាក់ជាមួយស្រីៗប៉ុន្មាននាក់ អ៊ីចឹងហើយគេពិនិត្យម្នាក់ម្ដងៗ ទាំងមេការស្រី ទាំងម្ចាស់បន្ទប់ទាំងអស់ និយាយរួមមួយកន្លែងហ្នឹង ឱ្យតែស្រីៗគឺពិនិត្យទាំងអស់! អត់តែមេការប្រុសទេ។ គេយកក្រដាសពិនិត្យទឹកនោម គេយកមកឱ្យយើងហើយ មានមេការស្រីមួយនៅក្នុងបន្ទប់ទឹក ហើយមានមេការស្រីពីរបីនាក់នៅក្រៅចាំកត់លេខកូដ បើថាយើងពិនិត្យហើយអត់មាន គេធីក យើងអត់អីទេ តែប្រសិនជាយើងមាន គេចុចឈ្មោះយើង ហើយគេប្រាប់ឱ្យយើងឈប់ធ្វើការ » ។
រស្មី អាយុ២៦ឆ្នាំ ជាអ្នកបម្រើភ្ញៀវក្នុងហាងខារ៉ាអូខេមួយនៅក្នុងរាជធានីភ្នំពេញ នាងប្រកបរបរនេះជាង៦ឆ្នាំមកហើយ។ អ្នកស្រីលើកឡើងថា ការងារនៅក្នុងហាងខារ៉ាអូខេឬបៀហ្គាឌិន ថៅកែមិនអាចទទួលយកអ្នកមានផ្ទៃពោះឬបុគ្គលិកដែលមានផ្ទៃពោះឱ្យធ្វើការនោះទេ។
អ្នកស្រីថា៖ «គេថា យើងធ្វើយ៉ាងម៉េចធ្វើទៅ បើសិនជាយើងមាន! ស្រេចលើចិត្តយើង យើងចង់យកចេញយ៉ាងម៉េចក៏បាន គឺគេអត់ដឹងទេ! គ្រាន់តែថា បើសិនជាយើងមាន [កូន] គឺគេអត់ឱ្យធ្វើការទេ!»
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម អ្នកស្រី អ៊ូ ទេពផល្លីន មានប្រសាសន៍ថា៖ «យើងអាចអង្កេតមើលដោយងាយថា មានស្ត្រីវ័យក្មេងដែលធ្វើការក្នុងវិស័យហ្នឹង ជាវ័យត្រូវមានគ្រួសារ វ័យបន្តពូជ ប៉ុន្ដែមិនមាននរណាម្នាក់ដែលមានផ្ទៃពោះដែលអាចធ្វើការនៅហ្នឹងហើយទទួលបានប្រាក់លំហែមាតុភាព៥០ភាគរយនោះទេ ព្រោះដោយសារតែមានផ្ទៃពោះ គឺគេអត់ស្វាគមន៍ » ។
ក្រោយកិច្ចព្រមពៀងក្រុងប៉ារីសឆ្នាំ១៩៩១ រដ្ឋាភិបាលកម្ពុជាបានបើកឱ្យអង្គការសហប្រជាជាតិគ្រប់គ្រងបណ្ដោះអាសន្ន។ អង្គការពិភពលោកមួយនេះបាននាំមកនូវការរស់នៅបែបថ្មីសម្រាប់កម្ពុជា ក៏ដូចជាការកម្សាន្តនានាដល់ពលរដ្ឋដែលទើបនឹងរួចផុតពីការញាំញីនៃសង្គ្រាមជាច្រើនសតវត្សមក ដែលនេះហើយជាសេចក្តីផ្ដើមនៃសេវាកម្មកម្សាន្តនៅកម្ពុជាបន្ទាប់ពីងើបពីសង្គ្រាម។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម អ្នកស្រី អ៊ូ ទេពផល្លីន មានប្រសាសន៍ថា៖ « ចាប់តាំងពីឆ្នាំ១៩៩៣មក ពេលដែលប្រទេសយើងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុងប៉ារីស ហើយវិស័យសេវាកម្មកម្សាន្តក៏កើតមានពេលហ្នឹងដែរ ព្រោះដោយសារតែមាន អ៊ុនតាក់។ គ្រាន់តែពេលនោះមិនទាន់មានជារូបភាពខារ៉ាអូខេទេ ភាគច្រើនគឺមានជារង្គសាល មានជាក្លិប ហើយមានជាភោជនីយដ្ឋាន។ […] យើងមើលឃើញថា ប្រហែលនៅឆ្នាំ២០០០ មានការកើតឡើងច្រើនតាមរយៈម៉ូឌែលថ្មីៗរបៀបជាអាជីវកម្មកម្សាន្តហ្នឹងមានដូចជាបៀហ្គាឌិនកើនឡើងច្រើន កន្លែងខ្លះមានជាកញ្ចប់តែម្ដង មានជាអូតែល ខារ៉ាអូខេ ម៉ាស្សា ហើយនិងភោជនីយដ្ឋាន។ មកដល់ឆ្នាំ២០១៨ យើងឃើញមានការកើនឡើងសេវាកម្មផ្នែកម៉ាស្សា ហើយនិងខារ៉ាអូខេស្ដង់ដារធំៗតែម្ដង មានន័យថា អតិថិជនខ្លះគាត់ចង់ចូលកន្លែងមានដែលស្ដង់ដារធំៗអ៊ីចឹងទៅ។ អ៊ីចឹងគេចាប់ផ្ដើមមើលចរិតលក្ខណៈរបស់អតិថិជន អ៊ីចឹងគេចាប់ផ្ដើមធ្វើកន្លែងខារ៉ាអូខេមានស្ដង់ដារធំៗ » ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ឱ្យដឹងថា គិតត្រឹមខែមីនា ឆ្នាំ២០២០ កម្ពុជាមានមណ្ឌលកម្សាន្តមនុស្សពេញវ័យ ចំនួន ១ ២៩៣កន្លែងនៅទូទាំងប្រទេស ក្នុងនោះមាន ខារ៉ាអូខេ (KTV) ចំនួន ១ ០៨៤កន្លែង ក្លិបឌីស្កូត (Club Disco) ចំនួន ១០៩កន្លែង អាជីវកម្មរង្គសាល (Night Club) ចំនួន ១៦កន្លែង អាជីវកម្មបៀរហ្កាឌិន ចំនួន ៨៤កន្លែង ដែលផ្ដល់ការងារ ១៨ ៣៨១កន្លែងសម្រាប់ពលរដ្ឋកម្ពុជា។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម អ្នកស្រី អ៊ូ ទេពផល្លីន មានប្រសាសន៍ថា ស្ត្រីដែលធ្វើការក្នុងវិស័យសេវាកម្សាន្ត តែងត្រូវបានមហាជនមិនឱ្យតម្លៃ និងរងនូវការគាបសង្កត់នូវសិទ្ធិពីសំណាក់ថៅកែផងដែរ។
អ្នកស្រីមានប្រសាសន៍ថា៖ « ម្ចាស់ហាងគេមើលទៅពួកគាត់ គឺគ្រាន់តែទុកថា ជាឧបករណ៍ទាក់ទាញអតិថិជន គេធ្វើអីក៏ដោយ គេគិតថា ជំនួញរបស់គេហ្នឹងមានប្រសិទ្ធភាពជាជាងគិតអំពីមនុស្ស នៅពេលដែលជំនួញគេមានប្រសិទ្ធភាព [ទើប]បានគេជោគជ័យ។ អ៊ីចឹងគេអត់ដែលគិតថា មើលទៅតម្លៃកម្មករនិយោជិតបែបម៉េចទេ គឺប្រៀបដូចជាទាសករសម័យទំនើបអ៊ីចឹង! ពីព្រោះយើងមើលទៅ ការការពារដល់ពួកគាត់គឺអត់បានពេញលេញ។ […] រីឯបញ្ហាសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការ យើងមើលឃើញថា ប្រព័ន្ធការពារសុខភាពសុវត្ថិភាពរបស់ពួកគាត់ហ្នឹងក៏អត់មានដែរ។ ឧទាហរណ៍យើងឃើញថា ដូចជាពេលគាត់មានផ្ទៃពោះ គាត់អត់ត្រូវបានមានគេការពារទៅតាមផ្លូវច្បាប់ដែរ បើទោះច្បាប់និយាយអំពីការការពារស្ដ្រីនៅពេលមានផ្ទៃពោះក៏ដោយ! »
ការគាបសង្កត់ពីថៅកែនេះហើយ បានធ្វើឱ្យស្ត្រីដែលបម្រើសេវាកម្សាន្តពិបាកសម្រេចចិត្តក្នុងការមានកូន ហើយបើមាន ក៏មួយចំនួនសម្រេចចិត្តយកចេញដែរ ដើម្បីរក្សាការងាររបស់ខ្លួន។ ស្ត្រីមួយចំនួនបានប្រើប្រាស់ការពិនិត្យនិងយកចេញដោយខ្លួនឯង។
អ្នកស្រី រស្មី បានលើកឡើងថា៖ «ខ្ញុំធ្លាប់យកចេញពីរដង! ដំបូង ម៉ាក់ខ្ញុំជូនខ្ញុំទៅយកមួយសារកាលហ្នឹងកូន១ខែជាង ដល់យកចេញមួយសារទៀត កូនហ្នឹងជិត៤ខែហើយ វាធំ លក្ខណៈថាដុះដៃដុះជើងហើយ។ ខ្ញុំយកភ្លាម ត្រូវស្អំទឹកកក ស្អំហើយមកដល់ផ្ទះត្រូវដាំទឹកក្ដៅងូត ហើយលាបពន្លៃ ព្រោះតែយើងសរសៃខ្ចី។ […] ពីរថ្ងៃ [បន្ទាប់ពីយកចេញ] ខ្ញុំទៅធ្វើការ តែធ្វើការលក្ខណៈធម្មតា ដោយមិនឱ្យគេដឹង អត់ចង់ឱ្យគេដឹងថាយើងមានកូន។ ហូបស្រាបានតិចៗ អត់ដាក់ទឹកកក ខ្ញុំខ្លាចវាចុកទៀត។ ព្រោះអីកាលមុន ខ្ញុំយកចេញហើយ ខ្ញុំអត់បានលេបថ្នាំ ខ្ញុំចូលភ្ញៀវទៅ យើងហូបស្រា យើងហូបស្រាទៅ វាប៉ះពាល់ដោយសារយើងអត់បានលេបថ្នាំ វាចុកដល់ថ្នាក់ប្រកាច់តែម្ដង ហើយដល់ថ្នាក់យំ យំហើយខ្ញុំរកបង់លុយទៅផ្ទះទៀត។ តែមិត្តភក្តិខ្ញុំគេចិត្តល្អដែរ គេយកថង់មួយហ្នឹងដាក់ទឹកកកអនាម័យមកស្អំឱ្យខ្ញុំ ដល់អ៊ីចឹងវារាងធូរល្មម ខ្ញុំទៅឆុងមីហូប ហើយបានលេបថ្នាំ កុំឱ្យខូចក្រពះ»។
អ្នកស្រី សុផល អាយុ៣២ឆ្នាំ ដែលធ្លាប់បានបម្រើការងារនៅតាម KTV ជាអ្នកកំដរភ្ញៀវ និងជាមេការ ហើយក៏ធ្លាប់ជាអ្នករត់តុនៅហាងបៀរហ្គាឌិនតាំងពីឆ្នាំ២០១៦ បានឱ្យដឹងថា ក្នុងមួយខែម្ដង កន្លែងធ្វើការអ្នកស្រីបានតម្រូវឱ្យអ្នកស្រីនិងស្ត្រីបម្រើការផ្សេងទៀតធ្វើតេស្តទឹកនោម ដើម្បីឱ្យប្រាកដថា គ្មានស្ត្រីអ្នកបម្រើណាម្នាក់មានផ្ទៃពោះដែលបម្រើការងារក្នុងកន្លែងរបស់ពួកគេ។
អ្នកស្រីថា៖ «ពេលពិនិត្យ គេបានប្រាប់យើងជាមុនថា នៅក្នុងខែហ្នឹង ធ្វើការបានប៉ុន្មានក៏ដោយ បើសិនជាគេពិនិត្យឃើញថាយើងមាន គឺប្រាក់ខែគេអត់បើកឱ្យយើងទេ។ គេនឹងបញ្ឈប់យើង ហើយប្រាក់ខែគេអត់បើកឱ្យយើងទេ! គេប្រាប់ហើយ តែធ្វើយ៉ាងម៉េច បើយើងមាន គេនឹងបញ្ឈប់យើងអ៊ីចឹងទៅ។ […] ខ្ញុំធ្លាប់ឆ្លងកាត់ការយកចេញពីរទៅបីដងហើយ ខ្ញុំមិនចាំថាឆ្នាំណាខ្លះទេ។ [សំណួរ៖ ហេតុអ្វីបានជាទៅយកចេញ?] ព្រោះយើងត្រូវធ្វើការយកលុយដើម្បីជីវភាព បើអត់ធ្វើការ យើងអត់មានលុយ។ [សំណួរ៖ ពេលដែលយកចេញហ្នឹង កន្លែងធ្វើការមានជួយយើងទេ?] អត់ទេ! លុយយើងខ្លួនឯង»។
អ្នកស្រី សុផល ជាស្ត្រីមេម៉ាយដែលមានកូន២នាក់ក្នុងបន្ទុក បានលើកឡើងថា៖ «ខ្ញុំធ្លាប់ប្រើថ្នាំទម្លាក់ម្ដង និងយកចេញ២ដង។ [សំណួរ៖ តើឥលូវវាប៉ះពាល់យ៉ាងម៉េចខ្លះ?] ឥលូវខ្ញុំចុះខ្សោយកម្លាំង ហើយស្រវាំងភ្នែកច្រើនណាស់ឥលូវ»។
អតីតអ្នកកាន់បន្ទប់ខារ៉ាអូខេម្នាក់ គឺអ្នកស្រី ស្រីមិច អាយុ៣២ឆ្នាំ ធ្លាប់ធ្វើការក្នុងវិស័យសេវាកម្សាន្តតាំងពីឆ្នាំ២០០១ មានប្រសាសន៍ថា៖ «មានមិត្តភក្តិខ្ញុំម្នាក់ គាត់មានកូនប្រហែល៤ខែ តែគាត់អត់ដឹងថាប៉ុន្មានទេ! គាត់ទៅទិញថ្នាំ [ទម្លាក់] ខ្ញុំបញ្ជាក់សួរគាត់ដែរថា “អ្ហែង! ប៉ុន្មានខែហើយ?” គាត់ថា “ទើបតែជិតពីរខែទេ។” ខ្ញុំថា “អើ! បើជិត២ខែ អ្ហែងលេបថ្នាំអាចទម្លាក់បាន តែបើលើសហ្នឹង អត់បានទេ គ្រោះថ្នាក់ខ្លួនឯងណា។” វាកុហកខ្ញុំថាពីរខែ តាមពិតកូនហ្នឹង៤ខែ ពេលទម្លាក់ហើយអត់ទាន់ធ្លាក់ទេកូនហ្នឹង។ ដល់ពេលវាទៅកន្លែងធ្វើការ វាប្រាប់ថៅកែថាទម្លាក់រួចហើយ។ ពេលកំពុងចូលបន្ទប់ខារ៉ាអូខេច្រៀងៗ វារត់ចូលបន្ទប់ទឹក មានឯណា! ធ្លាក់កូនក្នុងបន្ទប់ទឹកខារ៉ាអូខេហ្នឹងតែម្ដង ហើយគេថាចង្រៃ គេនិមន្តលោកមកឱ្យសូត្រមន្ត គេថាធ្លាក់កូននៅកន្លែងគេរកស៊ីអ៊ីចឹង វាចង្រៃ ហើយវាចៃដន្យគ្មានភ្ញៀវទៀត គេថាពួកម៉ាកខ្ញុំហ្នឹងចង្រៃតែម្ដង»។
របាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០១៤ ដែលចេញដោយវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានបង្ហាញថា ស្ត្រីកម្ពុជាដែលមានអាយុពី១៥ដល់៤៩ឆ្នាំ ចំនួន១២ភាគរយ បានធ្វើការរំលូតកូនយ៉ាងហោចណាស់ម្ដងក្នុងមួយឆាកជីវិត ហើយស្ត្រីដែលឆ្លងកាត់ការរំលូតច្រើនជាងគេ មាននៅភ្នំពេញ និងខេត្តបន្ទាយមានជ័យ។ ក្នុងការរំលូតមាន ៦១,៤ភាគរយ បានទៅធ្វើការរំលូតនៅមន្ទីរសុខាភិបាលនិងពេទ្យជំនាញ ១ភាគរយប្រើប្រាស់ការរំលូតបែបបុរាណ ៧,៦ភាគរយទទួលជំនួយពីមិត្តភក្តិឬអ្នកស្គាល់គ្នា ៣០ភាគរយប្រើប្រាស់ការរំលូតដោយខ្លួនឯង។
ប្រធានគ្លីនិករ៉ាក់ អ្នកស្រីវេជ្ជបណ្ឌិត ពឹង ជុតិម៉ា បានឱ្យ VOD ដឹងថា ការរំលូតដោយខ្លួនឯងឬទៅរំលូតនៅកន្លែងគ្មានវីជ្ជាជីវៈត្រឹមត្រូវ អាចនឹងធ្វើឱ្យមានគ្រោះថ្នាក់ដល់ស្ត្រីទាំងនោះ ដែលអាចឈានដល់គ្រោះថ្នាក់ដល់ជីវិតថែមទៀត។
វេជ្ជបណ្ឌិត ពឹង ជុតិម៉ា មានប្រសាសន៍ថា៖ «ស្ត្រីខ្លះ ក្រោយពីការរំលូត អាចមានការធ្លាក់ឈាមរយៈពេលយូរ ហើយខ្លះទៀតអាចសល់នៅសំណល់ដែលមានក្នុងហ្នឹង មានន័យថា ធ្លាក់មិនអស់ឬក៏យើងបូមសម្អាតមិនស្អាត វាអាចមានសំណល់នៅក្នុងហ្នឹង ដែលធ្វើឱ្យស្ត្រីមានការធ្លាក់ឈាម ហើយក្រៅពីនេះ វាអាចមានការពិបាកដ៏កម្រណាស់ ដោយសារមានការរបួសនៅលើតួស្បូនយើងហ្នឹងឬក៏សរីរាង្គនៅក្នុងពោះ ដែលភាគច្រើនគុណវិបត្តិទាំងអស់នេះច្រើនតែកើតមាននៅលើអ្នកដែលទទួលការបណ្ដុះបណ្ដាលមិនត្រឹមត្រូវឬមិនសូវមានបទពិសោធន៍។ ហើយផលវិបាកចុងក្រោយ គឺមានការក[កកើត]រោគ គឺស្ត្រីបន្ទាប់ពីរំលូតហើយ គាត់មានអាការគ្រុនឬក្ដៅខ្លួន រងារញាក់អីអ៊ីចឹងទៅ ដែលថា មេរោគអាចសាយភាយក្នុងខ្លួនធ្វើឱ្យស្ត្រីមានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយបើសិនយើងព្យាបាលមិនបានទាន់ពេលវេលាទេ គឺអាចនឹងគ្រោះថ្នាក់ដល់ជីវិត»។
ជំនឿមនុស្សស្រីភ្នែកបួន ចង្រៃកន្លែងរកស៊ី
ថ្វីត្បិតតែមកដល់សតវត្សនៃបដិវត្តន៍ឧស្សាហកម្ម៤.០ហើយក៏ដោយ ក៏ជំនឿនៅតែដើរជាមួយការវិវត្តនេះផងដែរនៅកម្ពុជា។ ជំនឿដែលរារាំងស្ត្រីមិនឱ្យមានកូននៅកន្លែងធ្វើការ ដោយថា ការមានកូនជារឿងចង្រៃនៅកន្លែងធ្វើការ នៅតែមានក្នុងឧស្សាហកម្មកម្សាន្តរាត្រីនៅកម្ពុជា។
សំណួរ៖ មូលហេតុអ្វីបានជាពេលអត់មានភ្ញៀវ ថៅកែឱ្យយើងពិនិត្យទឹកនោម?
អ្នកបម្រើក្នុងហាងបៀរហ្គាឌិនមួយនៅភ្នំពេញ អ្នកស្រី ស្រីអូន អាយុ៣២ឆ្នាំ លើកឡើងថា៖ «គេថា ហាងគេលក់អត់ដាច់ មកពីយើងមានកូនមានអី ចង្រៃហាងគេ! កាលខ្ញុំចូលធ្វើដំបូងនៅហាងមួយនៅក្បាលថ្នល់ កាលខ្ញុំចូលដំបូង គេបាចអង្ករ អំបិល ដុតក្រដាសឱ្យយើងកន្លងទៀត»។
អតីតអ្នកសម្អាតតាមហាងខារ៉ាអូខេ អ្នកស្រី ស្រីរី លើកឡើងថា៖ «បើមានកូននៅក្នុងហាងខារ៉ាអូខេ គេថាស្រីចង្រៃ គេមិនឱ្យមនុស្សមានកូននៅក្នុងហាងគេទេ។ […] វាជាការគាបសង្កត់របៀបជាន់ពលកម្ម ដូចថា គ្នាចង់មានកូន តែយើងមិនឱ្យគេមាន ដោយថា វាធ្វើឱ្យស្ងាត់ក្នុងហាងរកស៊ីគេ គេថាមនុស្សភ្នែកបួនជាស្រីចង្រៃអីអ៊ីចឹង»។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម អ្នកស្រី អ៊ូ ទេពផល្លីន មានប្រសាសន៍ថា៖ «វាជាជំនឿមួយដ៏អាក្រក់ ព្រោះយើងឃើញថ្លឹងថ្លែងគ្នាទៅ ឃើញខុសគ្នាថា ពេលដែលគ្រួសារគាត់ ថៅកែ គាត់មានកូន គឺគេស្វាគមន៍បែបមួយជាវិជ្ជមានរបស់គេ។ តែដល់កម្មករជាស្ត្រីក្នុងវិស័យសេវាកម្សាន្ត គេបែរជាចាត់ទុកថា មិននាំលាភសំណាងដល់គេ។ ចុះខាងណោះ គាត់មានកូនផ្ដល់កំណើតសមាជិកថ្មីដល់គ្រួសារគាត់ដែរតើ! អ៊ីចឹងស្ត្រីសេវាកម្សាន្តក៏គាត់ត្រូវការផ្ដល់កំណើតថ្មីមកកាន់គ្រួសារគាត់ មកកាន់សង្គមយើងដែរ»។
ការបាត់បង់អត្ថប្រយោជន៍ដោយសារការបណ្ដេញចេញពីការងារនៅពេលមានផ្ទៃពោះ
ក្នុងពេលជួបជាមួយកម្មករ-កម្មការិនីនិយោជិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញថ្មី កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា៖ «ស្រ្តីមានផ្ទៃពោះត្រូវបានទទួលការឈប់សម្រាករយៈពេល៣ខែ ដោយមានប្រាក់បៀវត្សចំនួន១២០ភាគរយ ដែលត្រូវអនុវត្តឱ្យខានតែបាន។ ក្នុងនោះ បេឡាជាតិសន្តិសុខសង្គម ត្រូវបង់៧០ភាគរយ និងនិយោជកបង់៥០ភាគរយ។ ដូច្នេះ កង្វល់របស់ក្មួយៗទាក់ទិនជាមួយនឹងបញ្ហាពេលសម្រាលកូន ក៏ត្រូវបានដោះស្រាយជាមួយនឹងការកំណត់ធ្វើឱ្យប្រាកដជាមួយនឹងការបានឈប់សម្រាករយៈពេលបីខែ ហើយដែលមានបៀវត្ស១២០ភាគរយ។ បន្ថែមពីលើនោះ រាជរដ្ឋាភិបាលក៏នឹងត្រូវបានផ្តល់ប្រាក់ជាកម្មវិធីសាច់ប្រាក់សម្រាប់កម្មការិនីឆ្លងទន្លេ ចាប់ពីសូន្យម៉ោង ថ្ងៃ០១ ខែមករា [២០១៨] តទៅ។ […] ពេលនោះ រាជរដ្ឋាភិបាលនឹងផ្តល់សាច់ប្រាក់ជូនកម្មការិនីដែលឆ្លងទន្លេ។ ឆ្លងបានកូនមួយ បាន៤០ម៉ឺនរៀល ស្មើនឹង១០០ដុល្លារ, បានកូន២ [ភ្លោះ] គឺបាន៨០ម៉ឺនរៀល, ឯកូនភ្លោះ៣ គឺបាន១លាន២សែនរៀលពីរដ្ឋ និងបាន៤លានរៀលពី ហ៊ុន សែន»។
ដូចដែលលោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ ការបញ្ឈប់ស្ត្រីមិនឱ្យពួកគាត់ធ្វើការ ធ្វើឱ្យគាត់បាត់បង់អត្ថប្រយោជន៍ជាច្រើន ទីមួយគឺប្រាក់ពរពោះក្នុងរយៈពេល៣ខែ ប្រាក់ឆ្លងទន្លេ និងកិច្ចគាំពារមួយចំនួនទៀតផងដែរ។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម អ្នកស្រី អ៊ូ ទេពផល្លីន មានប្រសាសន៍ថា៖ «បញ្ហាធំបំផុតនោះគឺបាត់បង់ចំណូលមួយសំខាន់ណាស់! ព្រោះបើសិនជាគាត់ធ្វើការពីរនាក់ប្ដីប្រពន្ធ ហើយសមាជិកគ្រួសារមានបន្ទុកទៀត អ៊ីចឹងធ្វើឱ្យគាត់ឈប់សម្រាក់ម្នាក់ទៅ វាធ្វើឱ្យប៉ះពាល់ដល់ចំណូលរបស់គ្រួសារ បើសិនជាប្ដីតែម្នាក់រត់ វាដូចជាយើងបាត់ដៃម្ខាងអ៊ីចឹងណា! នៅពេលដែលយើងពឹងតែលើចំណូលគ្រួសារម្នាក់ វាធ្វើឱ្យប៉ះពាល់ដល់ភាពរីកចម្រើនក្នុងសមាជិកគ្រួសារ កាលណាពលរដ្ឋក្រីក្រ ក៏វាប៉ះពាល់ទៅដល់សង្គមដែរ។ ទីពីរ គឺពាក់ព័ន្ធនឹងការឧបត្ថម្ភកូនទៅរៀន ព្រោះអ្នកខ្លះគាត់មានកូនហើយគាត់អត់មានលទ្ធភាពឧបត្ថម្ភកូនទៅរៀន ធ្វើឱ្យកូនបងៗត្រូវឈប់រៀន ដើម្បីជួយម្ដាយដែលពរពោះ ឬក៏ជួយឪពុកដែលមានបញ្ហាផ្នែសេដ្ឋកិច្ចហ្នឹង » ។
ការអនុវត្តរបស់កម្ពុជាឆ្លើយតបនឹងអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៧៩ អង្គការសហប្រជាជាតិបានអនុម័តសន្ធិសញ្ញាស្ដីពីការការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ (CEDAW)។ ប្រទេសកម្ពុជាបានក្លាយជាភាគីនៃអនុសញ្ញានេះនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩២។
ចំណុច”ក” ក្នុងផ្នែកទី២ នៃមាត្រា១១ នៃអនុសញ្ញានេះចែងថា៖ «ហាមឃាត់ដោយដាក់ទណ្ឌកម្មនូវការបណ្ដេញចេញពីការងារ ដោយមូលហេតុមានគភ៌ ឬការឈប់សម្រាកមាតុភាព និងការរើសអើងក្នុងការបណ្ដេញចេញពីការងារ ដោយផ្អែកលើស្ថានភាពរៀបអាពាហ៍ពិពាហ៍»។
ច្បាប់ការងារកម្ពុជា មាត្រាផ្នែកទី៨ ចំណុច “គ-ការងារសម្រាប់ស្ត្រី” បានកំណត់ថា ស្ត្រីទាំងឡាយត្រូវមានសិទ្ធិឈប់សម្រាក៩០ថ្ងៃដើម្បីសម្រាលកូន ក្រោយពីឈប់សម្រាលកូនមកក្នុងរយៈពេល២ខែ ត្រូវឱ្យស្ត្រីនោះធ្វើតែការងារណាស្រាលៗ និងហាមឃាត់ដាច់ខាតមិនឱ្យនិយោជកបញ្ឈប់ស្ត្រីសម្រាលកូននៅពេលឈប់ឆ្លងទន្លេឬនៅថ្ងៃណាមួយក្នុងពេលឈប់សម្រាលកូននេះ ទោះដោយវិធីឱ្យដំណឹងមុនក៏ដោយ។
បន្ថែមលើសពីនេះ ក្រសួងការងារ កាលពីខែសីហា ឆ្នាំ២០១៤ បានចេញប្រកាស១៩៤ ស្ដីពីលក្ខខណ្ឌការងារ វិធានអនាម័យ និងសន្ដិសុខការងារនៃសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្ត ប្រកាស៧ បានចែងថា៖ «បុគ្គលណាក៏ដោយមិនអាចយកការងារដោយបង្ខំ ទៅប្រគល់ឱ្យកម្មករនិយោជិតផ្នែកសេវាកម្សាន្តអនុវត្តទេ ដូចជា ការបង្ខំឬប្រើមធ្យោបាយបង្ខំកម្មករនិយោជិតផ្នែកសេវាកម្សាន្តឱ្យធ្វើការលើសម៉ោង ឬផឹកគ្រឿងស្រវឹង ឬប្រើប្រាស់គ្រឿងញៀន ឬរំលូតកូន ជាដើម»។
VOD បានដាក់លិខិតចំនួន៣ច្បាប់ទៅកាន់ស្ថាប័នជាតិចំនួន៣ ដែលរួមមាន គណៈកម្មាធិការសិទ្ធិមនុស្ស ក្រសួងកិច្ចការនារី និងក្រសួងការងារ តែមានតែក្រសួងការងារមួយប៉ុណ្ណោះដែលអនុញ្ញាតិឱ្យមន្ត្រីរបស់ខ្លួនឆ្លើយតបចំពោះករណីនេះ ខណៈគណៈកម្មាធិការសិទ្ធិមនុស្សឆ្លើយមកវិញតាមទូរសព្ទថា ខ្លួនមិនមានសមត្ថកិច្ចគ្រប់ដណ្ដប់លើរឿងស្ត្រីនោះទេ ដោយជំរុញដល់អ្នកសារព័ត៌មានទៅសាកសួរខាងក្រសួងកិច្ចការនារីវិញ ទោះជាយ៉ាងណា រហូតមកដល់ថ្ងៃចេញផ្សាយនេះ VOD នៅមិនទាន់មានការឆ្លើយតបពីក្រសួងដែលធ្វើការលើផ្នែកស្ត្រីនេះនៅឡើយទេ។
អនុប្រធាននាយកដ្ឋានអធិការកិច្ចការនៃក្រសួងការងារ លោក ខេម ប៊ុនឈាន មានប្រសាសន៍ថា៖ «ប្រកាសលេខ ១៩៤ នេះ គ្រាន់តែជាប្រកាសដែលផ្ដោតទៅលើវិស័យសេវាកម្សាន្តមានអ្វីខ្លះ។ ឃើញនិយមន័យក្នុងហ្នឹងហើយ ប្រការ២ ជាសេវាកម្សាន្ត គឺសំដៅលើក្រុមហ៊ុនផលិត ឬក៏បោះដុំ លក់រាយ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ដែលបម្រើឱ្យសេវាកម្សាន្តនេះ យើងចង់បញ្ជាក់អ៊ីចឹង! អ៊ីចឹងបញ្ហាទាំងអស់នេះ កម្មករនិយោជិតដែលធ្វើការប្រភេទនេះ ត្រូវបានជាចំណុចអាទិភាពមួយដែរដែលច្បាប់បញ្ជាក់បន្ថែម ដែលច្បាប់បានផ្ដោតទៅលើគាត់ ជាការយកចិត្តទុកដាក់ទៅលើស្ត្រី ក៏ដូចជាកម្មករក្នុងផ្នែកនេះ»។
ការឆ្លើយតបរបស់រដ្ឋាភិបាលទៅលើបញ្ហានេះ
សំណួរ៖ «មានការលើកឡើងពីស្ដ្រីដែលធ្វើការសេវាកម្សាន្តថា នៅពេលពួកគេមានផ្ទៃពោះ គឺម្ចាស់ហាងមិនទទួលឱ្យធ្វើការទេ! ដោយនិយាយបែបដាក់លក្ខខណ្ឌថា បើចង់មានកូន គឺគេមិនអាចផ្ដល់ការងារឱ្យទេ។ តើក្រសួងមានដឹងករណីនេះទេ?»
អនុប្រធាននាយកដ្ឋានអធិការកិច្ចការនៃក្រសួងការងារ លោក ខេម ប៊ុនឈាន ហាក់បីដូចជាឆ្លើយពង្វាងសំណួរ ដោយលោកគ្រាន់តែលើកឡើងថា បញ្ហានេះជាបញ្ហាអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់និងធ្វើយ៉ាងណាមិនឱ្យមានបញ្ហានេះកើតឡើង តែនៅពេលអ្នកយកព័ត៌មាន VOD សួរបន្ថែមលើបញ្ហានេះថា តើក្រសួងមានដឹងនិងអាចដោះស្រាយយ៉ាងណាជូនដល់ជនរងគ្រោះពីការរំលោភសិទ្ធិពីថៅកែនេះ លោកបានឆ្លើយថា៖
«អ្វីដែលប្អូនលើកឡើងមកនេះ យើងដឹងដែរថា កន្លងមក កម្មករនិយោជិតរបស់យើង អ្វីដែលជាបទពិសោធន៍របស់យើង តាមរយៈការចុះឬក៏តាមការបណ្ដុះបណ្ដាលតាមសហគ្រាស គ្រឹះស្ថាន គាត់នៅមានកម្រិតមួយ មានន័យថា ខ្វះភាពម្ចាស់ការ មានន័យថា គាត់គិតៗដោយខ្លួនឯង។ តែតាមការពិត អត់ទេ! ច្បាប់បើកទូលាយ មានន័យថា យើងមានសិទ្ធិស្មើគ្នារវាងកម្មករនិយោជិតនិងនិយោជក»។
លោកបានជំរុញដល់ជនរងគ្រោះឱ្យមានភាពក្លាហានដាក់បណ្ដឹងមកក្រសួង ដើម្បីឱ្យក្រសួងមានដំណោះស្រាយនិងវិធានការលើម្ចាស់កន្លែងទាំងនោះ។
លោកនិយាយថា៖ «ខ្ញុំពុំបានស្រង់ទិន្នន័យទេ តែគ្រាន់តែថា យើងធ្លាប់បានចាត់វិធានការទៅលើប្រភេទជាភោជនីយដ្ឋាន ជាក្លិបកម្សាន្ត ខារ៉ាអូខេ។ រហូតមកដល់ពេលនេះ ចំពោះប្រភេទសហគ្រាសនេះ គឺយើងអត់ទាន់មានបានបញ្ជូនទៅតុលាការទេ មានតែប្រភេទសហគ្រាសផ្សេង មានន័យថា អ្វីដែលយើងដាក់កំណត់ យើងដាក់ពិន័យគាត់ទៅគាត់មកបង់ប្រាក់ផាកពិន័យនៅក្រសួង។ […] ដូចខ្ញុំនិយាយអ៊ីចឹង! អ្វីដែលជាការខ្វះចន្លោះ គឺថាបងប្អូនទេ មានន័យថា ជួនកាលគាត់យល់ថា សិទ្ធិដែលពួកគាត់មានហ្នឹងគឺអត់អាចទៅរួច អ៊ីចឹងអ្វីដែលក្រសួងមាន គឺពួកយើងចាំតែទទួលទាំងអស់រាល់បញ្ហាដែលកើតឡើង»។
ច្បាប់រំលូតកូនឆ្នាំ១៩៩៧ មាត្រា១៤ ចែងថា៖ «ជនទាំងឡាយណាដែលបង្ខិតបង្ខំឱ្យស្ត្រីដែលមានគភ៌ធ្វើការរំលូតកូន ឬធ្វើឱ្យរលូតកូនដោយចេតនា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ។ បើការបង្ខិតបង្ខំឱ្យស្ត្រីដែលមានគភ៌ធ្វើការរំលូតកូន ឬធ្វើឱ្យរលូតកូនដោយចេតនានោះ បណ្ដាលឱ្យស្ត្រីដែលមានគភ៌មានជំងឺរ៉ាំរ៉ៃ ពិការ ឬបណ្ដាលឱ្យស្លាប់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ»។
ការយល់ឃើញរបស់សង្គមស៊ីវិល
បើទោះបីជាកម្ពុជាចុះហត្ថលេខាទទួលស្គាល់អនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ និងមានច្បាប់ជាច្រើនទៀតដើម្បីគាំទ្រក្ដី តែសម្រាប់សង្គមស៊ីវិលយល់ថា វិធានការដែលចែងក្នុងច្បាប់ទាំងនេះហាក់គ្មានឥទ្ធិពលលើម្ចាស់សហគ្រាសកម្សាន្តនោះឡើយ។
អគ្គលេខាធិការគណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ ហៅកាត់ថា NGO-CEDAW អ្នកស្រី ជឹម ចាន់នាង មានប្រសាសន៍ថា រូបភាពបែបនេះ គឺជាការរំលោភបំពានលើសិទ្ធិស្ត្រី ហើយវាបានបង្ហាញពីការមិនយកចិត្តទុកដាក់របស់រដ្ឋាភិបាលលើបញ្ហានេះថែមទៀត។ អ្នកស្រីបន្ថែមថា យន្តការរង់ចាំបណ្ដឹងហើយទើបដោះស្រាយ គឺមិនមានប្រសិទ្ធភាពនោះទេ ដោយសារជនគ្រោះជាអ្នកទន់ខ្សោយ មិនមានទទួលព័ត៌មានពីការគាំពារផ្នែកច្បាប់ និងខ្លាចការគុំកួនពីម្ចាស់ទីតាំង។
អ្នកស្រីមានប្រសាសន៍ថា៖ «តាមបទពិសោធន៍ដែល NGO-CEDAW និងសមាជិករបស់ NGO-CEDAW ដែលយើងបានធ្វើការជាមួយជនរងគ្រោះកន្លងមក យើងឃើញថា ការអនុវត្តតួនាទីរបស់អាជ្ញាធរនៅគ្រប់លំដាប់ថ្នាក់ គឺនៅមានកម្រិតនៅឡើយទៅលើច្បាប់ទាំងអស់ហ្នឹង។ ជាទម្លាប់យើងឃើញថា ការដោះស្រាយជូនជនរងគ្រោះ ជាពិសេសករណីអំពើហិង្សាលើស្ត្រី ក៏ដូចជាការរើសអើងលើស្ត្រីហ្នឹង គឺត្រូវបានចាត់ទុកថា ជារឿងតូចតាចសម្រាប់អាជ្ញាធរ នេះមួយ! មួយវិញទៀត អាជ្ញាធរពេលខ្លះតែងតែដោះស្រាយដោយមិនយោងទៅលើផ្នែកច្បាប់ទេ ជួនណាគាត់យោងទៅលើមនោសញ្ចេតនា ហើយនិងទម្លាប់របស់គាត់ដែលគាត់បានធ្វើកន្លងមក អ៊ីចឹងហើយបានធ្វើឱ្យការអនុវត្តច្បាប់របស់យើង គឺអត់មានប្រសិទ្ធភាពគ្រប់គ្រាន់ទៅលើការដោះស្រាយជូនជនរងគ្រោះហ្នឹង»។
អ្នកស្រីបន្ថែមថា៖ «យន្តការចាំតែទទួលបណ្ដឹងពីជនរងគ្រោះបែបនេះ គឺវាអត់មានប្រសិទ្ធភាពក្នុងការទប់ស្កាត់កុំឱ្យមានបញ្ហាហ្នឹងកើតមានទៅថ្ងៃមុខទៀតទេ! រដ្ឋាភិបាល កាតព្វកិច្ចរបស់គាត់គឺគាត់ត្រូវតែធានាថា ទាំងស្ថាប័នរដ្ឋ ទាំងសហគ្រាសឯកជនហ្នឹង គឺអត់អាចធ្វើអីមួយដើម្បីរំលោភបំពានទៅលើស្ត្រីឬក៏ប្រព្រឹត្តការរើសអើងទៅលើស្ត្រីអ៊ីចឹងទេ។ រដ្ឋាភិបាលគួរតែចាត់វិធានការណាដែលសមស្របឬមួយក៏ទៀងទាត់ណាមួយ ដើម្បីពិនិត្យមើល»។
អគ្គលេខាធិការគណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ ហៅកាត់ថា NGO-CEDAW អ្នកស្រី ជឹម ចាន់នាង មានប្រសាសន៍ថា៖
«ខ្ញុគិតថា រដ្ឋាភិបាលគាត់គួរតែស្វែងយល់អំពីឥទ្ធិពលចិត្តសង្គមទៅលើជនរងគ្រោះ ថាតើនៅពេលដែលគាត់ក្លាយជាជនរងគ្រោះដោយសារតែការរើសអើងហ្នឹងហើយ តើនៅពេលដែលគាត់ក្លាយជាជនរងគ្រោះដោយសារតែការរើសអើងហ្នឹងហើយ តើមកពីមូលហេតុអី? ហើយណាមួយមានឫសគល់អីដែលគាត់ [ជនរងគ្រោះ] ដែលគាត់មិនធ្វើការប្ដឹងផ្ដល់»៕