កម្មករកម្មការិនីបម្រើការងារនៅរោងចក្រ ឌីកនើធី នីតធើរ លីមីតធីត (Dignity Knitter Limited) និងរោងចក្រ អ៊ីខូបេស (Eco Base) ស្ថិតក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ព្រមានដើរហែរក្បួនតាមផ្លូវសាធារណៈ បើសិន វិវាទការងារក្នុងរោងចក្រទាំងពីរនេះនៅបន្តអូសបន្លាយ ប៉ុន្តែអាជ្ញាធរថាកំពុងខិតខំដោះស្រាយបញ្ចប់ហើយ។
កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សាលាដំបូងខេត្តកណ្តាល បានប្រកាសជាសាធារណៈអំពីការដាក់ដេញថ្លៃលក់ឡៃឡុងចលនវត្ថុរោងចក្រទាំងពីរ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ម្សិលមិញ ដើម្បីយកលុយដោះស្រាយសំណងជូនកម្មករ ប៉ុន្តែដំណើរការដេញថ្លៃនោះ ត្រូវបានពន្យាពេលវិញ ដោយសារអ្នកដេញថ្លៃមិនគោរពទៅតាមលក្ខខណ្ឌ។
ការប្រកាសដេញថ្លៃលក់ឡៃឡុងចលនវត្ថុរបស់រោងចក្រនេះ ធ្វើឡើងក្រោយពីក្រុមកម្មករបានតវ៉ា និងដេកយាមមុខរោងចក្ររយៈពេល១ឆ្នាំ។
កម្មការិនីផ្នែកកាត់ព្រុយ អ្នកស្រី សួរ សុជាតិ អាយុ៤០ឆ្នាំ បម្រើការងារនៅរោងចក្រ ឌីកនើធីរយៈពេល១៦ឆ្នាំ មកហើយនោះ បានប្រាប់វីអូឌីនៅល្ងាចថ្ងៃពុធថា អ្នកស្រី ក៏ដូចជាកម្មករផ្សេងទៀត មានការខកចិត្តជាខ្លាំង ក្រោយពីលឺថា ដំណើរដេញថ្លៃលក់ឡៃឡុងចលនវត្ថុរោងចក្រ ត្រូវពន្យាពេល។
កម្មការិនីរូបនេះ និយាយថា ការតវ៉ា និងដេកយាមមុខរោងចក្រ១ឆ្នាំមកនេះ បានធ្វើឱ្យកម្មករជួបការលំបាកច្រើនដូចជា ខ្វះខាតក្នុងជីវភាពគ្រួសារ មិនអាចទៅរកការងារកន្លែងផ្សេងបាន និងត្រូវសម្រាកតាមចិញ្ចើមថ្នល់ហាលថ្ងៃហាលភ្លៀងជាដើម ព្រោះតែរងចាំដំណោះស្រាយ។
អ្នកស្រីបន្ថែមថា៖ «អីចឹងពួកយើងពិបាកសព្វពិបាកគ្រប់ យើងរកចំណូលមិនបានហើយ ការហូបចុកយើងកាន់តែខើចទៀត។ យើងចង់ទៅស៊ីស្នួលគេកន្លែងផ្សេង ក៏ពិបាក ដោយសាររវល់ៗជាមួយការដែលគេដោះស្រាយមិនចប់ហ្នឹង»។
ស្រែកតាមឧឃោសនសព្ទនៅអំឡុងពេលប្រមូលផ្តុំនៅមុខរោងចក្រ នាព្រឹកថ្ងៃពុធនេះ ក្រុមកម្មករបានព្រមានពីការដើរហែរក្បួន និងតវ៉ាបិទផ្លូវ ប្រសិនបើខាងរោងចក្រ នៅតែពន្យាពេលដោះស្រាយតទៅទៀតនោះ។
លោក ភិន សុភា អះអាងថាជាតំណាងកម្មករ និងជាតំណាងសហជីពស៊ីខៅឌូប្រចាំរោងចក្រទាំងពីរនេះ បាននិយាយថា តាមព័ត៌មានដែលលោកទទួលបាន ការដាក់ដេញថ្លៃលក់ឡៃឡុងចលនវត្ថុរោងចក្រនោះ គឺក្រុមហ៊ុនចំនួន៤ បានចុះឈ្មោះចូលរួមដេញថ្លៃ។ ប៉ុន្តែលោកថា នៅថ្ងៃនោះ មានក្រុមហ៊ុនតែមួយប៉ុណ្ណោះ ដែលបានដាក់ដេញថ្លៃ ដែលធ្វើដំណើរការដេញនោះ មិនអាចធ្វើទៅបាន។
លោកបន្ថែមថា៖ «អ្នកដាក់ពាក្យដេញថ្លៃមាន៤ក្រុមហ៊ុន ហើយក្រុមហ៊ុនទាំង៤ហ្នឹង គឺគាត់មិនបានអនុវត្តទៅតាមលក្ខខណ្ឌនៃការដេញថ្លៃដែលតម្រូវឱ្យតម្កល់លុយ១០ភាគរយ នៃលុយដែលបានកំណត់ដេញទេ។ ហើយកាលពីម្សិលមិញហ្នឹង ក្នុងចំណោម៤ក្រុមហ៊ុន មានតែមួយក្រុមហ៊ុនទេ ដែលបានចូលរួមដាក់ដេញថ្លៃ។ ហើយមួយក្រុមហ៊ុនហ្នឹង ក៏មិនបានដាក់លុយតម្កល់ទៅតាមលក្ខខណ្ឌដែរ។ អីចឹងវាធ្វើការដេញថ្លៃហ្នឹងវាមិនអាចទៅរួច»។
វីអូឌី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាលលោក សូ សារិន បាននៅថ្ងៃពុធនេះ។
អភិបាលខេត្តកណ្តាល លោក គង់ សុភ័ណ្ឌ មានប្រសាសន៍ថា ទាំងមន្ត្រីអាជ្ញាធរ និងមន្ត្រីតុលាការបានខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ចប់វិវាទការងារនៅរោងចក្រទាំងពីរ។ លោកបន្តថា ដំណើរការនៃការដាក់ដេញថ្លៃលក់ឡៃឡុងចលនវត្ថុរបស់រោងចក្រនោះ គឺធ្វើឡើងតាមនីតិវិធីច្បាប់ មានតម្លាភាព និងសុចរិតភាពដោយមានការចូលរួមឃ្លាំមើលពីភាគីពាក់ព័ន្ធទាំងអស់។
អភិបាលខេត្តរូបនេះ អះអាងថា អាជ្ញាធរពាក់ព័ន្ធនឹងដាក់ដេញលក់ឡៃឡុងសម្ភាររោងចក្រម្តងទៀត ក្នុងពេលឆាប់ៗខាងមុខនេះ។
លោកបន្ថែមថា៖ «ការពន្យាពេលដេញថ្លៃនេះ មិនមែនពន្យាលពេលក្នុងចេតនាអ្វីទេ យើងធ្វើតាមនីតិវិធីដែលមិនអាចដំណើរ បើយើងនៅតែវិនាសនឹងធ្វើ វាអាចខុសនីតិវិធី ហើយមានការវាយប្រហារ ហើយមានការមិនពេញចិត្តពីកម្មករជាដើម អីចឹងយើងសុំពន្យាបន្តិចសិន។ យើងមិនចង់ទុកនៅយូរទេ យើងចង់ដោះស្រាយឱ្យកម្មករឱ្យបានឆាប់។ យើងបានចង់បានស្នាដៃក្នុងការដោះស្រាយរឿងដែរ»។
ក្នុងដំណើរការដេញថ្លៃនេះ សាលាដំបូងខេត្តកណ្តាល បានកំណត់តម្លៃដេញថ្លៃទាបបំផុត គឺចាប់ពី ១ ៧៧៧ ០០០ដុល្លារ ឡើងទៅ ហើយតម្រូវអ្នកដែលចូលរួមដេញថ្លៃត្រូវតម្កល់ប្រាក់ចំនួន ១០ភាគរយ ជាមុន នៃប្រាក់កំណត់ដាក់ឱ្យដេញថ្លៃនេះ។
មន្រ្តីផ្នែកច្បាប់ និងដោះស្រាយវិវាទនៅសម្ព័ន្ធសហជីពស៊ីខៅឌូ លោក ស៊ាង យ៉ូត ឱ្យដឹងថា រោងចក្រឌីកនើធី និងអ៊ីខូបេស មានកម្មករសរុប១ ២២៦នាក់ នឹងត្រូវទទួលបានការទូរទាត់ប្រាក់សំណង៥ចំណុច ដែលមានចំនួនសរុបប្រហែល១លាន៩១ម៉ឺនដុល្លារ។
សហជីពរូបនេះ រំពឹងថា ការដាក់ដេញថ្លៃនេះនឹងមានតម្លាភាព ហើយកម្មករនឹងទទួលបានសំណងត្រឹមត្រូវទៅតាមផ្លូវច្បាប់ ខណៈលោកថា ការដេញថ្លៃនេះ មានការចូលរួមឃ្លាំមើលពីអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមហ៊ុនវាយតម្លៃអចនទ្រព្យអន្តរជាតិផងដែរ៕