មូលនិធិគន្ធបុប្ផា បានឱ្យដឹងថា កុមារដល់ទៅជាង ១៣ម៉ឺននាក់ ត្រូវបានដាក់ឱ្យស្ថិតក្រោមការព្យាបាលនៅតាមមន្ទីរពេទ្យគន្ធបុប្ផានានាកាលពីឆ្នាំមុន បន្ទាប់ពីពួកគេធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ក្នុងនោះកុមាជាង ៤ពាន់នាក់ មានជំងឺគ្រុនឈាម។
ក្នុងរបាយការណ៍សង្ខេបរបស់ខ្លួន មូលនិធិគន្ធបុប្ផា បាននិយាយថា កុមារកម្ពុជាដល់ទៅជិត ៦៤ម៉ឺននាក់ ត្រូវបានយកទៅពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះយោបល់ជំងឺក្រៅនៅឆ្នាំ២០២០កន្លងមកនេះ ខណៈកុមារ ១៣ ០២៦នាក់ទៀត ត្រូវបានដាក់ឱ្យសម្រាកព្យាបាលជំងឺធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យ។
ក្នុងចំណោមកុមារមានជំងឺធ្ងន់ធ្ងរ កុមារកម្ពុជា ៤ ៤៨៨នាក់ បានធ្លាក់ខ្លួនឈឺដោយសារជំងឺគ្រុនឈាម ហើយទារកទើបកើត ១៤ ១១២នាក់ ត្រូវបានដាក់ឱ្យសង្គ្រោះបន្ទាន់ ដោយសារតែពួកគេប្រឈមនឹងជំងឺធ្ងន់ធ្ងរ។
បើតាមមូលនិធិគន្ធបុប្ផា មន្ទីរពេទ្យសប្បុរសធម៌មួយនេះ បានវះកាត់កុមារដល់ទៅ ២៤,៨២២នាក់ ក្នុងនោះកុមារកម្ពុជា ១ ០៤៦នាក់ ត្រូវបានវះកាត់ជំងឺពាក់ព័ន្ធនឹងបេះដូង ហើយកុមារកម្ពុជា ៧៧៧នាក់ទៀត ត្រូវបានវះកាត់ជំងឺប្រព័ន្ធប្រសាទខួរក្បាល។
មូលនិធិគន្ធបុប្ផាក៏បាននិយាយផងដែរថា មន្ទីរពេទ្យរបស់ខ្លួនទាំងអស់ដែលផ្ដល់សេវាសុខាភិបាលដោយឥតគិតកម្រៃនោះ បានពិនិត្យ និងព្យាបាលស្ត្រីមានផ្ទៃពោះ ១៣២ ៤៤៣ករណី ហើយបានផ្ដល់សេវាសម្រាលកូនដល់ស្ត្រី ២៥ ៧៧១នាក់ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ។
ទោះជាយ៉ាងណា មូលនិធិមួយនេះបញ្ជាក់ថា អត្រាមរណភាពកុមារនៅក្នុងមន្ទីរពេទ្យសប្បុរសរបស់ខ្លួន មានកម្រិតត្រឹមតែ ០.២៥ភាគរយប៉ុណ្ណោះ ពោលគឺទាបជាងកម្រិត ០.២៨ភាគរយកាលពីឆ្នាំ២០១៩ទៅទៀត៕