លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើសារអបអរសាទរខួប៤២ឆ្នាំនៃទិវាជ័យជម្នះ «៧ មករា ឆ្នាំ១៩៧៩» ដោយចាត់ទុកថា ជាថ្ងៃដែលនាំឱ្យកម្ពុជាមានការរីកចម្រើន មានមុខមាត់ដល់សព្វថ្ងៃ ខណៈអ្នកតាមដានស្រាវជ្រាវយល់ថា ថ្ងៃ៧មករា គ្រាន់តែជាថ្ងៃប្រវត្តិសាស្ត្រប៉ុណ្ណោះ ដោយថា ថ្ងៃដែលធ្វើឱ្យកម្ពុជារីកចម្រើនដល់សព្វថ្ងៃ គឺបានមកពីកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីផងនោះ លោក ហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក នាព្រឹកថ្ងៃទី៧ ខែមករានេះ ដោយបានរំឭកពីការលំបាក វិនាសកម្ម ការបាត់បង់ជីវិតរបស់ប្រជាជនកម្ពុជារាប់លាននាក់ក្នុងរបបខ្មែរក្រហម និងការតស៊ូរំដោះប្រទេសដោយបក្សប្រជាជនកម្ពុជា។
លោកសរសេរថា៖ «ក្រោយពីប្រទេសជាតិ ត្រូវបានរំដោះចេញផុតពីរបបឃោរឃៅព្រៃផ្សៃមួយនេះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃ »។
ហាក់ប្លែកជាងឆ្នាំមុនៗ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់រំឭកពីគុណសម្បត្តិរបស់ប្រទេសវៀតណាមក្នុងការវាយរំលំខ្មែរក្រហម ប៉ុន្តែនាឆ្នាំនេះ លោកពុំបានមានសំណេរអ្វីដែលរំឭកទាក់ទងនឹងវៀតណាមនោះទេ។
មុនពេលដែលកម្ពុជាប្រារព្ធខួបថ្ងៃ៧មករា ស្ថានទូតវៀតណាមប្រចាំកម្ពុជា កាលពីថ្ងៃ៥ ខែមករា បានសរសេរសារដ៏វែងមួយពីទំនាក់ទំនងនិងវឌ្ឍនភាពរវាងប្រទេសទាំងពីរមកដល់សព្វថ្ងៃ បន្ទាប់ពីការដួលរលំទៅនូវរបបខ្មែរក្រហម។
ស្ថានទូតវៀតណាម ក៏បានរំឭកពីគុណសម្បត្តិរបស់ប្រទេសវៀតណាមចំពោះកម្ពុជាយ៉ាងដូច្នេះថា៖ «ការប្រយុទ្ធគ្នាយ៉ាងលំបាក និងដោយមានការលះបង់ខ្ពស់របស់ទាហានស្ម័គ្រចិត្តវៀតណាមជាច្រើនកង និងកម្លាំងប្រដាប់អាវុធបដិវត្តកម្ពុជា បានជួយឱ្យកម្លាំងប្រដាប់អាវុធកម្ពុជាខ្លួនឯងកាន់តែខ្លាំងឡើងនិងអាចការពារប្រទេសបាន។ ពីភាពជាក់ស្តែងនេះ យោងតាមកិច្ចព្រមព្រៀងរវាងបក្សនិងរដ្ឋនៃប្រទេសទាំងពីរនាឆ្នាំ១៩៨៩ វៀតណាមបានសម្រេចដកកងទ័ពស្ម័គ្រចិត្តទាំងអស់ដែលបានបំពេញកាតព្វកិច្ចអន្តរជាតិដ៏រុងរឿងរបស់ខ្លួនពីកម្ពុជា»។
បើទោះបីគណបក្សប្រជាជនកម្ពុជា និងប្រទេសវៀតណាម បានចាត់ទុកថ្ងៃ«៧មករា»ជាថ្ងៃរំដោះ ដែលនាំឱ្យប្រជាជនកម្ពុជារួចពីការស្លាប់ និងនាំឱ្យមានភាពរីកចម្រើនដល់សព្វថ្ងៃនេះក៏ដោយ តែសម្រាប់ពលរដ្ឋខ្មែរមួយចំនួនបានចាត់ទុកថ្ងៃនេះជាថ្ងៃដែលវៀតណាមឈ្លានពាននិងរំលោភលើបូរណភាពទឹកដីកម្ពុជាទៅវិញ។
ក្នុងសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានចាត់ទុកថា ថ្ងៃ៧មករា គឺជាថ្ងៃដែលលើកតម្កើងនយោបាយឈ្លានពានរបស់វៀតណាមមកលើកម្ពុជា ដោយចាត់ទុកថា មានតែសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស «២៣ តុលា ឆ្នាំ១៩៩១» ប៉ុណ្ណោះ ទើបជាឧបករណ៍គតិយុត្តិដែលធ្វើឱ្យខ្មែររួបរួមគ្នា បញ្ឈប់ការឈ្លានពាន បង្កើតឱ្យមានការរីកចម្រើន មានលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។
ក្នុងសេចក្ដីថ្លែងការណ៍នោះលើកឡើងថា៖ «យើងខ្ញុំប្រកាន់ជំហរថា ថ្ងៃ៧មករានេះ ត្រូវលុបចេញពីទិវាបុណ្យជាតិ ហើយយកថ្ងៃទី២៣តុលា ជាទិវាបុណ្យជាតិជំនួសវិញ»។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាសហស្ថាបនិកនៃវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត សេង សារី យល់ថា រវាង «ថ្ងៃ៧មករា» និង «ថ្ងៃ២៣តុលា» គឺជាថ្ងៃសំខាន់នៃប្រវត្តិសាស្រ្តកម្ពុជាដូចគ្នា ដោយមួយជាថ្ងៃដែលរំដោះពីអំពើប្រល័យពូជសាសន៍ និងមួយជាថ្ងៃដែលធ្វើឱ្យខ្មែររួបរួមគ្នា ឯកភាពជាតិទឹកដី។
ទោះជាយ៉ាងណា លោកយល់ថា ការរីកចម្រើនមកដល់សព្វថ្ងៃនៃកម្ពុជា គឺបានមកពីកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៣ ខែតុលា ទៅវិញទេ ដោយសារតែកិច្ចព្រមព្រៀងនេះហើយ ទើបអន្តរជាតិផ្ដល់ជំនួយជាច្រើនពាន់លានដុល្លារមកកម្ពុជា ដើម្បីឱ្យប្រទេសនេះស្តារសេដ្ឋកិច្ចរបស់ខ្លួន។
លោកមានប្រសាសន៍ថា៖ «រីកចម្រើនផ្នែកសេដ្ឋកិច្ចសម័យ៧៩ ដែលយើងហៅថា សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា បូកជាមួយនឹងរដ្ឋកម្ពុជា យើងឃើញថា កំណើនសេដ្ឋកិច្ចមិនមានអ្វីប្រែប្រួលទេ យើងមានហូបល្មម មិនឆ្អែតពេកទេ។ ក៏ប៉ុន្ដែមកដល់ឆ្នាំ១៩៩៣ ក្រោយការចរចាបោះឆ្នោតលើកទី១ រៀបចំដោយអ៊ុនតាក់នេះ យើងឃើញថា កំណើនសេដ្ឋកិច្ចកើនឡើងដោយសារតែលំហូរនៃជំនួយបរទេសមកកម្ពុជាដើម្បីស្ដារឡើងវិញ»។
លោកបានបន្តទៀតថា៖ «ព្រោះនៅក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស ក៏មានចំណុចមួយដែលសរសេរតម្រូវឱ្យម្ចាស់ហត្ថលេខីជួយធ្វើម៉េចអភិវឌ្ឍកម្ពុជានិងស្ដារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា។ អ៊ីចឹងបើយើងមើលពីរមុំហ្នឹង យើងឃើញថា លទ្ធផលនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច គឺវាពឹងផ្អែកទាំងស្រុងទៅលើថ្ងៃ២៣តុលា បើគ្មានថ្ងៃនេះទេ សេដ្ឋកិច្ចទីផ្សារសេរី មិនអាចកើតមាននៅក្នុងប្រទេសកម្ពុជាទេ»។
ក្រោយវាយផ្ដួលរំលំនៃរបបខ្មែរក្រហម ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជាត្រូវបែងចែកជា៤ភាគី ដែលមានសាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវបានគាំទ្រដោយវៀតណាម, សហភាពសូវៀត ត្រូវប្រឈមនឹងក្រុមនយោបាយមកពីគណបក្ស ហ៊្វុនស៊ិនប៉ិច របស់សម្ដេចសីហនុ, កម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម និងរណសិរ្សរំដោះជាតិប្រជាជនខ្មែររបស់លោក សឺន សាន ដែលមានការគាំទ្រពីប្រទេសចិននិងសហរដ្ឋអាមេរិក។
ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩០ ឆ្លងកាត់ការរារាំងសេដ្ឋកិច្ច និងជំនួយរាប់ឆ្នាំ រួមទាំងការធ្វើសង្គ្រាមសម្លាប់គ្នាឯងមិនចេះចប់នោះ ភាគីទាំង៤ បានសម្រេចចូលតុចរចា ដើម្បីបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃនេះ។ ការចារចាជម្លោះដ៏រ៉ាំរ៉ៃរបស់ខ្មែរនេះ មានប្រទេសចំនួន១៨ ធ្វើជាហត្ថលេខី ក្នុងនោះក៏មានមហាអំណាចធំៗទាំង៥ផងដែរ ដែលបានសម្រេចនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ កិច្ចព្រមព្រៀងនេះហើយដែលតម្រូវឱ្យប្រទេសហត្ថលេខីទាំងនោះមានភារកិច្ចជួយស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។ ទោះជាយ៉ាងណា ថ្ងៃរំឭកពីកិច្ចព្រមព្រៀង២៣តុលានេះ លែងមានទៀតហើយចាប់តាំងពីឆ្នាំ២០១៩មក៕