ទូរសព្ទ iPhone 7 ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនទូទាំងពិភពលោក នៅរាត្រីថ្ងៃពុធនេះ ប៉ុន្តែ អតិថិជនជាច្រើន និងក្រុមវិនិយោគិន កំពុងតែរង់ចាំមើលទូរសព្ទស៊េរីថ្មីដ៏មានប្រជាប្រិយភាពរបស់ក្រុមហ៊ុន Apple ដោយសង្ឃឹមថា នឹងមានបច្ចេកវិទ្យាទំនើបបន្ថែមទៀត។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ Reuters។
បើតាម Reuters នៅឯកម្មវិធីសម្ពោធផលិតផលប្រចាំរបស់ខ្លួន នៅឯទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៅរាត្រីថ្ងៃពុធនេះ ក្រុមហ៊ុនដែលមានតម្លៃភាគហ៊ុនថ្លៃជាងគេនៅលើពិភពលោកមួយនេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញទូរសព្ទមួយ ដែលមិនមានរន្ធដោតកាសស្ដាប់នោះឡើយ ពោលគឺជំនួសមកវិញដោយកាសស្ដាប់តាមប្រព័ន្ធឥតខ្សែ ប៊ូតុង Home មានរំញ័រ មានកាមេរ៉ាខាងក្រោយ ២ សម្រាប់ទូរសព្ទ iPhone ម៉ូឌែល Plus ព្រមទាំងបច្ចេកវិទ្យាថ្មីៗដទៃទៀត។
Reuters ថា ក្រុមហ៊ុន Apple តែងតែបញ្ចេញទូរសព្ទ iPhone រូបរាងថ្មីរបស់ខ្លួន នៅក្នុងរយៈពេល ៣ឆ្នាំម្ដង ដើម្បីជួយជំរុញកំណើនប្រាក់ចំណូលរបស់ខ្លួន។
របាយការណ៍ក្រុមហ៊ុនស្រាវជ្រាវ បានឲ្យដឹងថា ការលក់ទូរសព្ទ iPhone បានធ្លាក់ចុះ ២ត្រីមាសជាប់គ្នា នៅក្នុងឆ្នាំនេះ ដែលនោះគឺជាការធ្លាក់ចុះលើកដំបូង ក្នុងប្រវត្តិសាស្ត្រនៃទូរសព្ទនេះ។ ខណៈដែលអតិថិជនជាច្រើនប្រើប្រាស់ទូរសព្ទ iPhone 6 និង iPhone 6 Plus ហើយនោះ ក្រុមហ៊ុន Apple អាចចេញម៉ូឌែលថ្មីទូរសព្ទ iPhone 7។
ប៉ុន្តែ វេបសាយបច្ចេកវិទ្យាមួយចំនួន បានណែនាំអ្នកប្រើប្រាស់ឲ្យរង់ចាំដូរស៊េរីទូរសព្ទរបស់ខ្លួន នៅឆ្នាំ២០១៧ខាងមុខ ជាឆ្នាំដែលទូរសព្ទ iPhone ឈានដល់គម្រប់ខួប ១០ឆ្នាំ៕