ប្រជាពលរដ្ឋមួយចំនួនរស់នៅរាជធានីភ្នំពេញ បានស្នើដល់អាជ្ញាធរសាងសង់បន្ទប់ទឹកសាធារណៈបន្ថែមទៀត ដើម្បីបំពេញតម្រូវការប្រើប្រាស់និងចៀសវាងការបន្ទោបង់ពាសវាលពាសកាលតាមសួនច្បារ ឬដើមឈើ ឬទីតាំងមួយចំនួន ដែលបង្កឱ្យមានក្លិនស្អុយនិងប៉ះពាល់បរិស្ថាន។
លោក អឹម សាវឹន អាយុ៦៥ឆ្នាំ ជាសន្តិសុខនៅហាង អាយវ៉ន (IOne) ក្នុងរាជធានីភ្នំពេញ សង្កេតឃើញថា បង្គន់អនាម័យសាធារណៈសព្វថ្ងៃនេះ នៅមិនទាន់មានគ្រប់គ្រាន់នៅឡើយទេ ជាពិសេសនៅតាមមាត់ទន្លេនិងសួនសាធារណៈជាដើម។ លោកបន្តថា កង្វះខាតនៃបង្គន់សាធារណៈជាមូលហេតុចម្បងមួយដែលនាំឱ្យមានការបន្ទោបង់តាមទីសាធារណៈ។
ករណីនេះ លោកស្នើដល់អាជ្ញាធររាជធានីភ្នំពេញ សាងសង់បង្គន់សាធារណៈឱ្យបានច្រើនជាងនេះបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ដើម្បីបញ្ចៀសការបន្ទោបង់ពាសវាលពាសកាល ដែលនាំឱ្យមានក្លិនស្អុយឆ្អេះឆ្អាបទៅលើភ្ញៀវទេសចរ។
លោក អឹម សាវឹន បាននិយាយថា៖ «ខ្ញុំសូមសំណូមពរដល់ស្ថាប័នដែលពាក់ព័ន្ធលើបញ្ហាអនាម័យនិងបរិស្ថាន ឱ្យគាត់ជួយធ្វើបន្ទប់អនាម័យតាមដងផ្លូវអ៊ីចឹងទៅ សម្រាប់ប្រជាពលរដ្ឋយើងដែលធ្វើដំណើរ កុំឱ្យមានបញ្ហាការបត់ជើងបត់ដៃឬបន្ទោបង់តាមជញ្ជាំង វាឆ្អេះឆ្អាប អាជ្ញាធរឃើញទៅចាប់យកមកអប់រំ វាពិបាកអាបញ្ហាហ្នឹង»។
កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ អាជ្ញាធរខណ្ឌដូនពេញ បានហៅមនុស្សចំនួន១៣នាក់ទៅអប់រំ ដោយសារតែពួកគាត់បានបន្ទោបង់នៅតាមដើមឈើ សួនច្បារ និងទីសាធារណៈមួយចំនួន ដែលអាជ្ញាធរថា បានធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និងបង្កឱ្យមានក្លិនឆ្អេះឆ្អាបដល់អ្នកធ្វើដំណើរឆ្លងកាត់។
លោក គុន សាមឿន អាយុ៥០ឆ្នាំ ជាជាងប៉ះកង់ម៉ូតូ ម្តុំវិទ្យាល័យបឹងកេងកង ទទួលស្គាល់ថា ពេលខ្លះលោកបានទៅបត់ដៃបត់ជើងនៅតាមទីសាធារណៈមួយចំនួនដែរ ដោយសារបង្គន់អនាម័យមិនសូវមាន។
លោកបាននិយាយថា៖ «គ្មានបុគ្គលណាដែលចង់ធ្វើអ៊ីចឹងនោះទេ តែបើបង្គន់អនាម័យភាគច្រើននៅឆ្ងាយៗ ទ្រាំមិនបាន ក៏ឈរនោមនៅទីសាធារណៈបែបនេះទៅ ក៏មានការខ្មាសអៀនដែរ តែបញ្ហាគឺថានៅប្រទេសយើងនៅមានភាពខ្វះខាត ដែលធ្វើឱ្យការបន្ទោបង់នៅទីសាធារណៈចេះតែមាន»។
លោកបានបង្ហាញក្ដីបារម្ភថា កាលណាដែលប្រជាពលរដ្ឋនៅតែបន្តធ្វើបែបនេះ វាពិតជាមានផលប៉ះពាល់ច្រើនដល់ការរស់នៅរបស់ប្រជាពលរដ្ឋដែលនៅក្បែរនោះ និងភ្ញៀវទេសចរអន្តរជាតិដែលមកលេងនៅកម្ពុជា។
លោកបានបន្ថែមថា៖ «មានផលប៉ះពាល់ច្រើន ដោយសារអ្នកធ្វើដំណើរអី វាធុំក្លិន ហើយម្យ៉ាងបរទេសគេមកលេងស្រុកយើង គេមើលទៅថាប្រទេសយើងគ្មានអនាម័យអ៊ីចឹងទៅណា! បើយើងមានបង្គន់អនាម័យឱ្យសម្បូរទៅ អ៊ីចឹងអ្នកយល់ដឹងកាន់តែច្រើន នាំគ្នាទៅបន្ទោបង់នៅបង្គន់អនាម័យ»។
លោកក៏បានស្នើសុំឱ្យរដ្ឋាភិបាលធ្វើបង្គន់សាធារណៈឱ្យបានច្រើន ជាពិសេសនៅតាមរបងសាលាឬរបងសាធារណៈ ដើម្បីកាត់បន្ថយការពិបាករបស់ប្រជាពលរដ្ឋ។
កំពុងលក់កាហ្វេនៅក្នុងតូបមួយក្បែរវិទ្យាល័យបឹងកេងកង អ្នកស្រី ពេជ្រ ស្រីមុំ អាយុ៣៨ឆ្នាំ បាននិយាយថា បច្ចុប្បន្ន បង្គន់អនាម័យសាធារណៈមានច្រើននៅតាមតំបន់មួយចំនួន ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺមិនសូវមានអ្នកចូលរួមសម្អាតឱ្យបានល្អនោះទេ ដោយភាគច្រើនខ្វះការយល់ដឹង។
អ្នកស្រីបន្តថា បើទោះជាមានបង្គន់សាធារណៈច្រើនក៏ដោយ ក៏នៅមានពលរដ្ឋមួយចំនួនតូច នៅតែបន្តបន្ទោបង់នៅតាមទីសាធារណៈដែរ ដែលបង្កផលប៉ះពាល់ដល់បរិស្ថានផងដែរ ខណៈពលរដ្ឋខ្លះទៀតត្រូវបង្ខំចិត្តបន្ទោបង់នៅតាមទីសាធារណៈ ដោយសារតែពួកគេនៅឆ្ងាយពីទីតាំងបង្គន់អនាម័យ។
ស្របគ្នានេះដែរ លោកស្រី ស៊្រុន ពៅ អាយុ៣៨ឆ្នាំ ជាអ្នកលក់កាហ្វេតាមផ្លូវនៅម្តុំផ្សារបឹងកេងកង មានប្រសាសន៍ថា ការមានបន្ទប់ទឹកសាធារណៈច្រើន ជារឿងល្អ បើទោះជាចូលប្រើប្រាស់ម្តង ចំណាយថវិកាពីបីរយរៀលទៅប្រាំរយរៀលសម្រាប់ជួយឧបត្ថម្ភដល់អ្នកសម្អាតក៏ដោយ។
អ្នកស្រីបន្តថា៖ «ខ្ញុំក៏ចង់សំណូមពររាជរដ្ឋាភិបាលឱ្យមានបន្ទប់ទឹកសាធារណៈបន្ថែម វាអាចសម្រួលដល់បរិស្ថានអីខ្លះដែរ ព្រោះអីដូចប្រុសៗដឹងស្រាប់ហើយ គាត់បត់ដៃបត់ជើងតាមជញ្ជាំងអ៊ីចឹង វាអត់ល្អ វាមានក្លិន»។
លោក ឈៀង ហ៊ាង អាយុ៥៦ឆ្នាំ ជាអ្នករត់ម៉ូតូរ៉ឺម៉កកង់បី បានលើកឡើងដែរថា សព្វថ្ងៃនេះ បង្គន់សាធារណៈមានភាពខ្វះខាតច្រើន មិនអាចបំពេញតម្រូវការរបស់ពលរដ្ឋទេ ដែលធ្វើឱ្យពលរដ្ឋមួយចំនួនតូច ជាពិសេសអ្នកប្រកបរបររត់ម៉ូតូឌុបឬម៉ូតូកង់បី ត្រូវទៅបន្ទោបង់នៅតាមទីសាធារណៈ។
លោកថា៖ «បើសិនជាអាជ្ញាធរមានលទ្ធភាព គួរតែបង្កើតបង្គន់អនាម័យឱ្យបានច្រើនបន្តិចទៅ ហើយបង្គន់អនាម័យហ្នឹងយកលុយច្រើនទៀត ខ្លះយកប្រាំរយ ខ្លះយកមួយពាន់ បើសិនជាអាជ្ញាធរមានលទ្ធភាពគួរតែ free [មិនយកលុយ]»។
លោកបន្ថែមថា៖ «រឿងយើងយកថ្លៃអីហ្នឹង អ្នកខ្លះអត់លុយ បើនិយាយពីជនអនាថា មិនមែនមិនចង់ទៅរកបង្គន់ទេ ប៉ុន្តែទៅដល់ត្រូវការលុយ ពួកគាត់ដើរសុំទានគេ ហើយអ្នកខ្លះរត់ម៉ូតូឬកង់បីអត់សូវបាន អ៊ីចឹងទៅវាមានផលប៉ះពាល់ គេថាទៅ អស់លុយ»។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ថា បង្គន់អនាម័យសាធារណៈមានច្រើនគ្រប់គ្រាន់នៅតាមសួនសាធារណៈ ខណៈនៅតាមស្ថានីយប្រេងឥន្ធនៈ ក៏មានបង្គន់អនាម័យច្រើនសម្រាប់ប្រើប្រាស់ផងដែរ។
លោកបានថ្លែងថា៖ «ការយកចិត្តទុកដាក់កន្លែងហ្នឹង វាត្រូវហើយ! ប៉ុន្តែមិនអាចទៅធ្វើតាមមនុស្សម្នាក់ដែល comment [ផ្តល់យោបល់់] ថាឱ្យមនុស្សឱ្យច្រើន មានបន្ទប់ទឹកឱ្យច្រើនបានទេ កន្លែងហ្នឹងត្រូវសិក្សាឱ្យបានល្អិតល្អន់ មិនអាចធ្វើ១០០ម៉ែត្របង្គន់មួយបានទេ ដោយយើងបានធ្វើការសិក្សាត្រឹមត្រូវហើយ កន្លែងណាគួរដាក់បង្គន់ឬកន្លែងណាគួរធ្វើបន្ថែម»។
លោកបញ្ជាក់បន្ថែមថា៖ «បើសិនជាខ្ញុំលើករឿងធ្វើបង្គន់គ្រប់កន្លែងអញ្ចឹង ទីក្រុងរបស់យើងទៅជាទីក្រុងបង្គន់»។
តែយ៉ាងណា លោកថា អាជ្ញាធរនឹងពិនិត្យលទ្ធភាពក្នុងការសាងសង់បង្គន់អនាម័យបន្ថែមនៅទីតាំងណាដែលខ្វះខាត ហើយនិងកែលម្អឱ្យបានស្អាត ដើម្បីបង្កភាពងាយស្រួលថែមទៀតដល់សាធារណជន។
អ្នកវិភាគសង្គម លោក មាស នី សង្កេតឃើញតថភាពពីរពាក់ព័ន្ធនឹងបញ្ហាបង្គន់អនាម័យសាធារណៈនេះ ដោយលោកថា ទីមួយ កង្វះខាតបង្គន់អនាម័យ ដែលតម្រូវឱ្យមានការសាងសង់បន្ថែម និងទីពីរ ឥរិយាបថរបស់ប្រជាពលរដ្ឋមួយចំនួនតូចដែលទៅបន្ទោបង់តាមទីសាធារណៈ ដែលតម្រូវឱ្យមានការអប់រំផ្សព្វផ្សាយបន្ថែម។
លោកបន្តថា៖ «បើខ្ញុំគិតមើលទៅ សាលាក្រុងអាចមានការស្ទាក់ស្ទើរក្នុងការពង្រីកបង្គន់ឱ្យច្រើនហ្នឹង សំខាន់គឺការថែទាំ។ ខ្ញុំគិតថា ការថែទាំគឺមានការពិបាក […] ដល់ពេលវាកខ្វក់ពេកអញ្ចឹងទៅ មនុស្សគេលែងចង់ចូល អត់មានអ្នកថែអញ្ចឹងទៅ យូរៗទៅវាអាចទៅជាកន្លែងដែលគេបោះបង់ចោលទៀតទៅ»។
ទោះយ៉ាងណា លោក មាស នី បង្ហាញការគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធររាជធានីភ្នំពេញ ដែលបានឃាត់ខ្លួនអ្នកបន្ទោបង់នៅតាមទីសាធារណៈ យកទៅអប់រំ។
លោកបាននិយាយថា៖ «ខ្ញុំគិតថា វាមិនមានការខុសអីទេ នេះជាការចាប់ផ្តើមក្នុងការអនុវត្តច្បាប់ឬអនុវត្តនូវក្រឹត្យក្រមហ្នឹង ទាល់តែយើងមានធម៌ក្តៅហ្នឹងខ្លះ។ ប៉ុន្តែសូមកុំឱ្យធ្វើតែម្តងអញ្ចឹង [ហើយ]បាត់ទៅវិញទៅ។ ខ្ញុំគិតថា បើសិនជាយើងធ្វើអាហ្នឹង ហើយយើងចាប់ផ្តើមពង្រាយបង្គន់សាធារណៈឱ្យបានទៅ។ ថ្ងៃក្រោយ កាលណាយើងចាប់បានអ្នកដែលបន្ទោបង់ផ្តេសផ្តាសទៅ វាអាចនឹងលែងមានរឿងអីនឹងត្រូវឆ្លើយតបតទៅលើរឿងហ្នឹងទៀតហើយ»។
យោងតាមការផ្សព្វផ្សាយរបស់រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ គិតត្រឹមដើមឆ្នាំ២០២០ រាជធានីភ្នំពេញ មានបង្គន់អនាម័យដែលបានបំពាក់នៅទីសាធារណៈចំនួន១២កន្លែង ក្នុងនោះមាននៅមុខវត្តបទុមវតី ចំនួនពីរកន្លែង ស្មើនឹង២០បង្គន់, នៅតំបន់កំពង់ដអរិយក្សត្រ ចំនួន១៨បង្គន់, ខាងលិចរង្វង់មូលសម្ដេចជួនណាត ចំនួន៦បង្គន់, នៅបញ្ជរទេសចរណ៍ ចំនួន២០បង្គន់, សួនច្បារមុខក្រសួងការពារជាតិ ចំនួន៦បង្គន់, សួនច្បារវត្តភ្នំ ចំនួន១០បង្គន់, បេនឡានក្រុងឬទីលានប្រជាធិបតេយ្យខណ្ឌឫស្សីកែវ ចំនួន១៥បង្គន់, សួនព្រះនាងប្រាជ្ញាបារមី ចំនួន១៥បង្គន់, ទីលានប្រជាធិបតេយ្យចាស់ ចំនួន៦បង្គន់ និងនៅក្បែរសួនច្បារលោកយាយពេញ ចំនួន២បង្គន់៕
ដោយ៖ ពក ខឺយ និង គឹម ចាន់សុខា