លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅថ្ងៃនេះថា រដ្ឋាភិបាលមិនមានគម្រោងផ្អាកឬលើកពេលថ្ងៃឈប់សម្រាកនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរដូចឆ្នាំមុនទៀតនោះឡើយ ដោយសារតែកម្ពុជាអាចគ្រប់គ្រងសភាពការណ៍ជំងឺកូវីដ១៩បាន។
ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីបានធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដែលប្រព្រឹត្តទៅនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែកុម្ភៈនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពន្យល់ថា ឆ្នាំមុន ប្រសិនបើលោកមិនសម្រេចចិត្តឱ្យលើកពេលថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរទេនោះ នោះស្ថានការណ៍ចម្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍អាចនឹងមានទំហំធំធេង ហើយដែលមិនអាចប៉ានស្មានសភាពការណ៍បានឡើយ។
បើលោកបន្តថា មូលហេតុដែលលោកបានសម្រេចនៅ៦ថ្ងៃមុនពិធីបុណ្យចូលឆ្នាំខ្មែរកាលពីឆ្នាំមុន ឱ្យលើកពេលឈប់សម្រាកនោះ គឺដោយសារតែរដ្ឋាភិបាលមិនទាន់អាចគ្រប់គ្រងស្ថានការណ៍នៃជំងឺកូវីដ១៩បាននៅឡើយ។
លោកថា៖ «មូលហេតុឆ្នាំទៅ! ១២ម៉ឺននាក់មកពីប្រទេសថៃចូលក្នុងប្រទេស យើងមិនដឹងថា តើអ្នកណាមាន [កូវីដ១៩] អ្នកណាអត់? បើបន្ថែមមនុស្សចេញពីភ្នំពេញទៅទៀត! ច្បាស់ជាលំបាកហើយ»។
តែឆ្នាំនេះ លោកថា រដ្ឋាភិបាលមិនមានគម្រោងផ្អាកឬលើកពេលឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរទៀតឡើយ ដោយសាររដ្ឋាភិបាលអាចគ្រប់គ្រងសភាពការណ៍បាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា៖ «បងប្អូនមកពីថៃ យើងដាក់ឱ្យធ្វើចត្តាឡីស័ក។ អ្នកនៅក្នុង តែយើងមាន reserve មានបម្រុងទុក។ បើសិនពេលនោះមានផ្ទុះក្នុងសហគមន៍ ច្បាស់ណាស់ថា អាចនឹងមានវិធានការផ្សេង។ ប៉ុន្តែធានាថា ច្បាប់ក្នុងគ្រាមានអាសន្ននឹងមិនត្រូវបានប្រកាសឱ្យប្រើទេ។ តែវិធីដែលយើងត្រូវប្រុងប្រយ័ត្ន គឺត្រូវតែមានជាប់ជានិច្ច»។
លោកបញ្ជាក់បន្ថែមថា៖ «ចូលឆ្នាំនៅតែចូល ប៉ុន្តែយើងរក្សាគម្លាតគ្នាទៅ»។
កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យសម្រេចលើកពេលដោយមិនកំណត់ សម្រាប់ការឈប់សម្រាករយៈពេល៤ថ្ងៃនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយអំឡុងពេលនោះ មន្រ្តីរាជការ កម្មករនិយោជិត ត្រូវបំពេញការងារជាធម្មតា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីបានសម្រេចសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរចំនួន៥ថ្ងៃវិញ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៦៦នាក់ នោះបើគិតទាំងការរកឃើញជំងឺកូវីដ១៩ លើស្ត្រីជាពលករខ្មែរម្នាក់អាយុ២០ឆ្នាំ ដែលទើបធ្វើដំណើរវិលត្រលប់មកពីប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមករា។ ក្រសួងបន្តថា ក្នុងចំណោមអ្នកឆ្លងសរុប មានអ្នកជាសះស្បើយចំនួន៤៤៣នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២៣នាក់៕