យុវជនម្នាក់ដែលតំណាងឲ្យបក្សប្រឆាំងនៅខេត្តសៀមរាប បានប្ដឹងទៅគណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោត ប្រឆាំងនឹងអភិបាលក្រុងសៀមរាប លោក សូ ប្លាតុង ដោយចោទថា បានរារាំងពលរដ្ឋខ្មែរមិនឲ្យចុះឈ្មោះបោះឆ្នោត។
កាលពីថ្ងៃម្សិលមិញនេះ អាជ្ញាធរក្រុងសៀមរាប បានរារាំងក្រុមយុវជនប្រមាណ ៦០នាក់ ដែលនាំគ្នាផ្សព្វផ្សាយសារគ.ជ.ប. ដើម្បីជំរុញឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ដោយអភិបាលក្រុងរូបនោះចោទថា គ្មានច្បាប់អនុញ្ញាត។
លោក សូ ប្លាតុង បានប្រាប់ វីអូឌី(VOD) កាលពីថ្ងៃម្សិលមិញថា ការរារាំងនេះ ដោយសារក្រុមយុវជនមកពីគណបក្សសង្គ្រោះជាតិ ហែរក្បួនដោយមិនបានសុំច្បាប់អនុញ្ញាតិជាមុន ដែលលោកចាត់ទុកថា ជាទង្វើខុសច្បាប់។
មន្ត្រី គ.ជ.ប. ខេត្តសៀមរាប លោក នឹម វ៉ាន់សំ បានប្រាប់ VOD ថា បានទទួលបណ្ដឹងពីតំណាងគណបក្សសង្គ្រោះជាតិ យុវជន ជិន សុខង៉េង រួចហើយ ប៉ុន្តែ លោកជំរុញទៅយុវជនគណបក្សប្រឆាំង ឲ្យគោរពច្បាប់ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូប្រចាំខេត្តសៀមរាប លោក ចៅ ល័ក្ខវណ្ណា អះអាងថា ការផ្សព្វផ្សាយជំរុញឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត មិនតម្រូវឲ្យសុំច្បាប់អនុញ្ញាតនោះឡើយ ដោយលោកថា ការផ្សព្វផ្សាយនោះ មិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។
មន្ត្រីសិទ្ធិមនុស្សរូបនេះ ជំរុញទៅអាជ្ញាធរឲ្យបើកទូលាយចំពោះការផ្សព្វផ្សាយសារ ដើម្បីជំរុញពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោត។
របាយការណ៍គ.ជ.ប. បានឲ្យដឹងថា មានពលរដ្ឋជាង ១លាន ៣៩ម៉ឺននាក់ បានចុះបោះឆ្នោត នៅក្នុងរយៈពេល ៩ថ្ងៃកន្លងមកនេះ ឬស្មើនឹងជាង ១៤ភាគរយនៃចំនួនពលរដ្ឋគ្រប់អាយុបោះឆ្នោតសរុបជាង ៩លាន ៦៦ម៉ឺននាក់ នៅទូទាំងប្រទេស ដែលក្នុងនោះមានពលរដ្ឋនៅខេត្ដសៀមរាបជាង ៨ម៉ឺននាក់៕