លោកនាយករដ្ឋមន្ត្រីហ៊ុន សែន សម្រេចបញ្ជាឱ្យបិទការធ្វើចរាចរណ៍ចេញ និងចូលក្នុងខេត្តព្រះសីហនុ ដោយលោកចាត់ទុកថា ស្ថានភាពនៃការឆ្លងរាលដាលមេរោគកូវីដ១៩នៅទីនោះស្ថិតនៅក្នុងស្ថានភាពអាក្រក់។
សារជាសំឡេងដែលលោកផ្សព្វផ្សាយនៅយប់ថ្ងៃពុធម្សិលមិញ លោកបានផ្តោតលើការបិទចរាចរណ៍ចេញចូលចំពោះមនុស្ស ចំណែកការដឹកជញ្ជូនទំនិញនៅតែអនុញ្ញាតធម្មតា។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា មុខសញ្ញាសំខាន់នៃការឆ្លងគឺជនជាតិចិនដែលចេញនិងចូល បរិវេណកាស៊ីណូ។
លោក ហ៊ុន សែន៖«ឥឡូវរកវិធី សំខាន់រកវិធីដើម្បីខ្ទប់មាត់ច្រក ហាមឃាត់រថយន្តដែលសំខាន់ពលរដ្ឋចិនមួយចំនួន ដែលធ្វើការនៅទីនោះ ដែលយើងត្រូវគ្រប់គ្រងអ្នកធ្វើចត្តាឡីស័ក យើងគ្រប់គ្រងបានហើយ ប៉ុន្តែក្រែងមានអ្នកទាំងណឹងដែលយើងមិនទាន់បានពិនិត្យ ដូច្នេះសូមធ្វើការងារទាំងអស់ណឹងឱ្យបានម៉ត់ចត់»។
ចាប់តាំងពីការផ្ទុះឆ្លងរាលដាលមេរោគកូវីដក្នុងសហគមន៍២០កុម្ភៈមកនោះ ទីតាំងមួយចំនួននៅទូទាំងប្រទេសពិសេសនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ត្រូវបានបិទបណ្តោះអាសន្នដោយសារពាក់ព័ន្ធអ្នកឆ្លងមេរោគកូវីដ១៩។ ទន្ទឹមនឹងនេះក្រសួងសុខាភិបាលអំពាវនាវបន្តបន្ទាប់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយសារការឆ្លងរាលដាលនៅក្នុងសហគមន៍លើកទី៣នេះ មានលក្ខណៈគ្រោះថ្នាក់ជាងលើកមុនៗ៕