គណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភា (IPU) បានស្នើឱ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការចោទប្រកាន់លើមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ និងបើកឱ្យមានកិច្ចចរចានយោបាយមួយ ដើម្បីឈានទៅបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា។
ការស្នើនេះបានធ្វើឡើងតាមរយៈសេចក្តីសម្រេចមួយរបស់គណៈកម្មាធិការសិទ្ធិមនុស្ស សហភាពអន្តរសភា ដែលបានបើកកិច្ចប្រជុំមួយកាលពីអំឡុងខែកុម្ភៈកន្លងទៅនេះ។
តាមរយៈសេចក្តីសម្រេចដែលទើបនឹងចេញកាលពីដើមសប្តាហ៍នេះ គណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភា បង្ហាញពីការព្រួយបារម្ភជាខ្លាំងចំពោះស្ថានភាពនយោបាយនៅកម្ពុជា ចាប់តាំងពីមានការរំលាយអតីតគណបក្សសង្គ្រោះជាតិ ដោយតុលាការកំពូលនៃប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១៧មក។
សេចក្តីសម្រេចនេះមាន៨ចំណុច ក៏ប៉ុន្តែអ្វីដែលសំខាន់នោះគឺសេចក្តីសម្រេចនៅក្នុងកិច្ចប្រជុំលើកទី១៦៣នេះ បានស្នើឱ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការចោទប្រកាន់លើមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ និងបើកឱ្យមានកិច្ចចរចានយោបាយមួយ ដើម្បីឈានទៅបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា។
ប៉ុន្តែលោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាកម្ពុជា បានបដិសេធនៅថ្ងៃអង្គារនេះ ដោយមិនទទួលយកសេចក្តីសម្រេចនេះឡើយ និងបានចាត់ទុកថា សេចក្តីសម្រេចនេះអយុត្តិធម៌ចំពោះប្រទេសកម្ពុជា និងជាសេចក្តីសម្រេចដែលធ្វើឡើងដោយលម្អៀងទៅរកអតីតគណបក្សប្រឆាំង។
លោកមានប្រសាសន៍ដូច្នេះថា៖ «សេចក្តីថ្លែងការណ៍នេះឬសេចក្តីសម្រេចរបស់ IPU នេះ វាអយុត្តិធម៌ចំពោះប្រទេសកម្ពុជាយើងណាស់ យើងមិនអាចទទួលយកបានទេ ពីព្រោះគេនិយាយ គេនិយាយតែពីម្ខាងហ្នឹងទេ គេនិយាយតែពាក្យខាងអតីតគណបក្សសង្គ្រោះជាតិនិយាយ ប៉ុន្តែចំពោះការយើងពន្យល់ គេមិនយកជាការ ដូច្នេះហើយយើងបដិសេធ យើងមិនទទួលស្គាល់ យើងមានការសោកស្តាយតែម្តង»។
នៅក្នុងសេចក្តីសម្រេចរបស់សហភាពអន្តរសភា IPU បានសម្តែងការព្រួយបារម្ភជាខ្លាំងចំពោះថ្នាក់ដឹកនាំ និងតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ យ៉ាងហោចណាស់ ១២រូបដែលរងការចោទប្រកាន់ដ៏ធ្ងន់ធ្ងរជាច្រើនករណី ជាមួយសកម្មជនរាប់សិបនាក់ទៀត ដោយសារតែសកម្មភាពនយោបាយ និងការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ខ្លួន។ ជាងនេះទៅទៀតនោះ IPU ថា អាជ្ញាធររដ្ឋាភិបាលកម្ពុជា ថែមទាំងបានរារាំងជនជាប់ចោទដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស មិនឱ្យវិលចូលកម្ពុជាវិញដើម្បីការពារខ្លួនក្នុងតុលាការ ទាំងដែលច្បាប់សិទ្ធិមនុស្សអន្តរជាតិ ចែងថា មនុស្សគ្រប់រូបមានសិទ្ធិត្រឡប់ចូលប្រទេសកំណើតរបស់ខ្លួនក្តី។
ចំពោះករណីលោក កឹម សុខា វិញ ស្ថាប័នអន្តរជាតិមួយនេះបានពិនិត្យឃើញថា ការចោទប្រកាន់លោក កឹម សុខា ពីបទក្បត់ជាតិនោះ ពុំមានមូលដ្ឋានទាល់តែសោះ និងបានពន្យារពេលជំនុំជម្រះដោយគ្មានកំណត់ពេលជាក់លាក់ ក្រោមហេតុផលជំងឺកូវីដ១៩។
ទាក់ទងករណីនេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជា លោក កត្តា អ៊ន បានច្រានចោលសេចក្តីសម្រេចនេះ និងបានចាត់ទុកថា បញ្ហានេះគឺជាបញ្ហាផ្ទៃក្នុងរបស់កម្ពុជា។
លោកបានមានប្រសាសន៍ដូច្នេះថា៖ «ទីមួយ ក្នុងក្របខណ្ឌច្បាប់ គឺរដ្ឋាភិបាលមិនមានសិទ្ធិអ្វីទៅបង្គាប់បញ្ជាតុលាការទេ ពីព្រោះសំណុំរឿងអតីតបក្សប្រឆាំង ដូចករណីលោក កឹម សុខា ជាដើម កំពុងស្ថិតនៅក្នុងដៃចៅក្រមស៊ើបសួរ អញ្ចឹងនៅក្នុងនីតិវិធីរបស់តុលាការ នៅពេលដែលសំណុំរឿងដល់ដៃចៅក្រមស៊ើបសួរ គឺហួសសមត្ថកិច្ចរបស់រដ្ឋាភិបាលហើយ។ អញ្ចឹងការសំណូមពរនេះ វាមិនមានភាពត្រឹមត្រូវតាមគតិយុត្តិទេ។ ទីពីរ រឿងបញ្ហានយោបាយនៅកម្ពុជា គឺជារឿងផ្ទៃក្នុងកម្ពុជា ហើយពុំមានបញ្ហាអ្វីដែលយើងហៅថាធ្ងន់ធ្ងរដូចការលើកឡើងរបស់សភាទាំងនោះទេ»។
យ៉ាងណាក្តី លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក បានចាត់ទុកសេចក្តីសម្រេចរបស់គណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភា ថាមិនខុសពីការមើលឃើញរបស់ស្ថាប័នជាតិនិងអន្តរជាតិផ្សេងទៀតនោះទេ។
លោកបានលើកឡើងថា ទោះបីជាសេចក្តីសម្រេចនេះមិនអាចកែប្រែជំហររបស់រដ្ឋាភិបាលកម្ពុជាក្តី ក៏ប៉ុន្តែតាមរយៈសេចក្តីសម្រេចនេះនឹងមានឥទ្ធិពលទៅលើតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
លោកថា៖ «ជាទូទៅ យើងមើលឃើញថា វាអត់មានអីចម្លែកទេកន្លងមក សូម្បីតែអង្គការសហប្រជាជាតិក្តី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិក្តី ហើយនិងអង្គការអន្តរជាតិនានាដែលធ្លាប់ចេញនូវរបាយការណ៍ និងថ្លែងផ្តល់អនុសាសន៍ជាច្រើនមកដល់កម្ពុជា ក៏រដ្ឋាភិបាលកម្ពុជាតែងតែច្រានចោលនិងបដិសេធទៅលើការមើលឃើញនិងការលើកឡើងនូវអនុសាសន៍ទាំងអស់ហ្នឹង។ អញ្ចឹងបញ្ហាគឺថា វាមិនមែនជាបញ្ហារបស់អន្តរជាតិទេ គឺបញ្ហាវាមកលើកម្ពុជាខ្លួនឯងហ្នឹង ហើយបើអត់ទទួលយកការផ្តល់អនុសាសន៍ផ្សេងៗបែបហ្នឹង គឺផលប៉ះពាល់វាមកលើរដ្ឋាភិបាលកម្ពុជាខ្លួនឯងដែរបាទ»។
គួរជម្រាបជូនថា សហភាពអន្តរសភា IPU គឺជាអង្គការតំណាងឱ្យស្ថាប័ននីតិប្រតិបត្តិអន្តរជាតិដ៏ធំមួយ ដែលមានសមាជិកសភាមកពីប្រទេសចំនួន១៧៩នៅលើពិភពលោក ហើយក្នុងនោះក៏មានប្រទេសកម្ពុជាជាសមាជិកផងដែរ។
នៅក្នុងចំណុចចុងក្រោយនៃសេចក្តីសម្រេចនេះ គណៈកម្មាធិការសហភាពអន្តរសភា IPU បានសម្រេចឱ្យអគ្គលេខារបស់ស្ថាប័ននេះបញ្ជូនសេចក្ដីសម្រេចនេះទៅកាន់អាជ្ញាធរពាក់ព័ន្ធ ម្ចាស់បណ្ដឹង និងភាគីទី៣ដែលមានតួនាទីក្នុងការអនុវត្តនិងពាក់ព័ន្ធករណីនេះ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាកម្ពុជា ឆ្លើយតបថា សេចក្តីសម្រេចនេះនឹងមិនធ្វើឱ្យប៉ះពាល់ដល់កៅអីរបស់កម្ពុជានៅក្នុងនាមជាសមាជិកនេះទេ។
ក្រៅពីគណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភា (IPU) កាលពីពេលថ្មីៗនេះ ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិចំនួន៤រូប សហភាពអឺរ៉ុប និងបណ្តាប្រទេសប្រកាន់ប្រជាធិបតេយ្យមួយចំនួន ក៏បានចេញសេចក្តីថ្លែងការណ៍ទទូចជាថ្មីម្តងទៀតឱ្យរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមដំណើរការផ្សះផ្សាជាតិឡើងវិញ តាមរយៈការសន្ទនាស្មោះត្រង់ដោយមានការចូលរួមពីគ្រប់ភាគី។
សេចក្តីថ្លែងការណ៍ទាំងនោះបានធ្វើឡើងក្រោយពីតុលាការកម្ពុជាបានសម្រេចផ្តន្ទាទោស លោក សម រង្ស៊ី និងថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង៨នាក់ទៀត ឱ្យជាប់ពន្ធនាគារចន្លោះពី ២០ឆ្នាំ ដល់ ២៥ឆ្នាំ ពីបទ «ឧបឃាត» ឬ «ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា» តាមរយៈផែនការមាតុភូមិនិវត្តន៍មិនបានសម្រេចកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ ប៉ុន្តែពួកគេបានចាត់ទុកការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលវែងដល់មេដឹកនាំអតីតគណបក្សប្រឆាំងទាំង៩រូបនោះ ថាជាការកាត់ទោសដ៏គួរឱ្យរន្ធត់ចិត្ត និងធ្វើឡើងដោយមិនមានភស្តុតាងគួរឱ្យជឿទុកចិត្តបានឡើយ៕