រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ អំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅកណ្តាលរាជធានីប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីទុកលទ្ធភាពឱ្យប្រជាពលរដ្ឋនៅតំបន់ជាយក្រុងអាចទទួលបានទឹកប្រើប្រាស់ ពិសេសនៅក្នុងរដូវប្រាំងនេះ។
តាមរយៈសេចក្តីជូនដំណឹង ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ដោយរដ្ឋាករស្វយ័តក្រុងភ្នំពេញ បានពន្យល់ថា ការប្រើប្រាស់ទឹកនៅក្នុងរដូវប្រាំងនេះ អាចមានការខុសគ្នានៃសម្ពាធទឹកខ្លាំងឬខ្សោយ នៅពេលដែលអតិថិជនសម្រុកប្រើប្រាស់ក្នុងពេលតែមួយ ដែលមានន័យថា តម្រូវលើសពីសមត្ថភាពនៃការផ្គត់ផ្គង់ ដែលធ្វើឱ្យសម្ពាធទឹកនៅតាមតំបន់ជាយក្រុង នឹងបន្តធ្លាក់ថមថយចុះជាងពេលមុន ឬក៏ត្រូវប្រឈមខ្វះទឹកប្រើប្រាស់តែម្តង។
បើតាមសេចក្តីជូនដំណឹងនេះ ប្រជាពលរដ្ឋប្រមាណជា ៤០ ០០០គ្រួសារ ដែលរស់នៅប៉ែកខាងលិចនៃរាជធានីភ្នំពេញ ដូចជា ភូមិខ្លះនៃសង្កាត់កំបូល សង្កាត់ភ្លើងឆេះរទេះ សង្កាត់ឃ្មួញ សង្កាត់ក្រាំងធ្នង់ សង្កាត់គោករការ សង្កាត់កន្ទោក សង្កាត់ស្នោរ សង្កាត់ត្រពាំងក្រសាំង និងសង្កាត់សំរោងក្រោម កំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់។
អ្នកស្រី អេង គឹមនាង អាជីវករលក់បាយនៅសង្កាត់ផ្សារចាស់ បានគាំទ្រចំពោះការអំពាវនាវនេះ ខណៈដែលគ្រួសាររបស់អ្នកស្រីបានសន្សំសំចៃក្នុងការប្រើប្រាស់ទឹកនេះស្រាប់រួចទៅហើយនោះ។
អ្នកស្រីបានមានប្រសាសន៍ដូច្នេះថា៖ «អត់ទេ! រាល់ថ្ងៃហ្នឹង ដូចកំណត់ថាប្រើអត់ខ្ជះខ្ជាយទេ ព្រោះយើងដឹងថាទឹកវាសំខាន់។ និយាយទៅ រដ្ឋាករទឹកអំពាវនាវអញ្ចឹងល្អ ចង់និយាយថា យើងមានភាពសន្សំសំចៃ ហើយមួយទៀត យើងសន្សំសំចៃទៅ ណាមួយជួយកាត់បន្ថយការចំណាយរបស់យើងដែរ ដូចថាយើងសន្សំសំចៃទៅ យើងប្រើអស់តិច អញ្ចឹងលុយក៏អស់តិចដែរ»។
ប៉ុន្តែប្រធានសមាគមស្ត្រីដើម្បីសង្គម កញ្ញា កែវ ទិត្យលីដា បានថ្លែងថា ការអំពាវនាវនេះទំនងជាមិនទទួលផលច្រើននោះទេ ដោយសារធ្វើឡើងចំពេលដែលប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ កំពុងមានតម្រូវការទឹកប្រើប្រាស់ច្រើន ខណៈពេលដែលពួកគាត់ត្រូវសម្ងំនៅក្នុងផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលខ្លាចជំងឺកូវីដ-១៩។
កញ្ញាបានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំឯកភាពគាំទ្រចំពោះការអំពាវនាវនិងការស្នើសុំឱ្យប្រជាពលរដ្ឋ [សន្សំសំចៃ] ប៉ុន្តែដូចខ្ញុំនិយាយអញ្ចឹង ខ្ញុំជឿជាក់ថា ការប្រើប្រាស់នៅតែកើនឡើងលើសពីមុន ដោយសារពួកគាត់នៅផ្ទះ ហើយផ្ទះនៅភ្នំពេញក្តៅណាស់។ ដោយខ្ញុំដើរផ្ទាល់ម្សិលមិញតាមផ្ទះជួលនៅស្ទឹងមានជ័យ ផ្ទះគាត់តូចៗ ជាប់ៗគ្នា ហើយបន្ទប់ទឹកនៅក្នុងហ្នឹង ហើយគាត់ថា បើគាត់ទៅធ្វើការបាត់ៗ គាត់ងូតទឹកតែ១ថ្ងៃពីរដងទេ ព្រលឹមចេញ ព្រលប់ចូល តែដល់ទៅគាត់នៅផ្ទះអញ្ចឹង មួយថ្ងៃគាត់ងូត៤ទៅ៥ដងក្នុង១ថ្ងៃ ព្រោះផ្ទះវាក្តៅ ហើយការប្រើប្រាស់វាច្រើនជាង»។
កាលពីដើមខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ សន្សំសំចៃការប្រើប្រាស់ទឹកនៅក្នុងអំឡុងខែប្រាំងនេះដែរ។
លោកមានប្រសាសន៍ថា រាជធានីភ្នំពេញ បច្ចុប្បន្ន ត្រូវការទឹកប្រើប្រាស់ប្រមាណជាង ៧០០ ០០០ម៉ែត្រគូប ក៏ប៉ុន្តែការផលិតបានត្រឹមតែជាង ៦០០ ០០០ម៉ែត្រគូបប៉ុណ្ណោះ ពោលគឺនៅខ្វះប្រមាណ ១៥០ ០០០ម៉ែត្រគូប។
អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ស៊ឹម ស៊ីថា មិនអាចទាក់ទងសុំការពន្យល់បន្ថែមចំពោះការខ្វះខាតទឹកប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញនេះបានទេ ដោយអះអាងថា កំពុងជាប់ប្រជុំ។
យ៉ាងណាក្តី ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានពន្យល់ថា ស្ថិតនៅក្នុងបរិបទមួយដែលរាជធានីភ្នំពេញ ជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា មានកំណើនសេដ្ឋកិច្ចសង្គមយ៉ាងលឿន ក្នុងនោះកំណើនប្រជាពលរដ្ឋក៏កើនឡើងជាបន្តបន្ទាប់ ខណៈសេវាផ្គត់ផ្គង់ទឹកកាន់តែធំទៅៗផងនោះ តម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវសាងសង់រោងចក្រផលិតទឹកថ្មីៗ និងពង្រីកការងារដាក់បំពង់មេចែកចាយទឹកបន្ថែមទៀត។
កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មផលិតទឹកស្អាតបាក់ខែង ដែលគេរំពឹងថា រោងចក្រផលិតទឹកស្អាតដែលមានសមត្ថភាពផលិតទឹកស្អាតបានប្រមាណជា ៤០០ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ នឹងត្រូវដាក់ឱ្យដំណើរការនៅត្រីមាសទី១ ឆ្នាំ២០២៤ខាងមុខ។
រីឯរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញវិញ បានធានាដែរថា ការផ្គត់ផ្គង់ទឹកស្អាតនិងមានអនាម័យជូនដល់ប្រជាពលរដ្ឋនៅតាមទីប្រជុំជនឱ្យបាន ១០០% នៅត្រឹមឆ្នាំ២០២៥ខាងមុខ៕