មន្ត្រីជាន់ខ្ពស់ខេត្តព្រះវិហារ ឱ្យដឹងថា ពលរដ្ឋជាង១០០គ្រួសាររស់នៅលើភ្នំដងរែក បានប្រើប្រាស់អណ្តូងទឹកជាធម្មតាឡើងវិញហើយ ក្រោយពីមានជំនួបចរចារវាងអាជ្ញាធរកម្ពុជាជាមួយភាគីថៃដែលឈរជើងនៅតំបន់នោះ។
អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សិរី បានប្រាប់ VOD នៅថ្ងៃនេះថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ទាហានថៃឈរជើងនៅព្រំដែនលើភ្នំដងរែក បានរាយបន្លាលួសជាថ្មីទៀត បិទផ្លូវទៅកាន់អណ្តូងទឹកមួយកន្លែងនៅលើភ្នំនេះ ធ្វើឱ្យប៉ះពាលដល់ពលរដ្ឋជាង១០០គ្រួសារ។
លោកថា៖ «និយាយរួមទៅ នៅក្នុងហ្នឹងជាង១០០គ្រួសារ ប៉ុន្តែធម្មតាពលរដ្ឋដែលរស់នៅជាប្រចាំអាស្រ័យផលនៅលើហ្នឹង ៧៦គ្រួសារ ថា៨០គ្រួសារចុះ ទាំងគ្រួសារកងទ័ព គ្រួសារប៉ូលិស ហើយនិងប្រជាពលរដ្ឋសាមញ្ញធម្មតាដែលជាអាជីវករដែលរកទទួលទាននៅទីនោះ»។
ប៉ុន្តែលោកថា ភាគីថៃព្រមរើបន្លាលួសនិងរបាំងចេញពីតំបន់នោះវិញនៅថ្ងៃដដែល ក្រោយពីភាគីកម្ពុជាយល់ព្រមរើផ្ទាំងសូឡាមួយចំនួយដែលដាក់បំភ្លឺនៅលើតំបន់ពើយតារួន ដែលជាតំបន់នៅក្នុងព្រំប្រទល់ខាងដីកម្ពុជា ប៉ុន្តែអាជ្ញាធរថៃចោទថា រំលោភកិច្ចព្រមព្រៀង (MoU)។
លោកថា៖ «នៅលើភ្នំ និយាយរួម នៅតាមបន្ទាត់ព្រំដែន […] ពិតមែន តែបន្ទាត់ព្រំដែនមិនទាន់សូវហើយក៏ដោយ ប៉ុន្តែយើងនៅតែមានឆន្ទៈ ការពារជារបស់យើង ព្រោះយើងធ្លាប់នៅកន្លែងហ្នឹង ធ្លាប់អាស្រ័យផលនៅហ្នឹង។ ទោះអ្នកឯងមកធ្វើអញ្ចឹង យើងសម្របសម្រួលទៅ វារួចហើយ មិនដែលមានអីធំដុំទេ »។
បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ការដែលទាហានថៃរាយបន្លាលួសបិទផ្លូវទៅកាន់អណ្តូងទឹកលើភ្នំដងរែកជាប់ព្រំដែននេះ មិនមែនជារឿងថ្មីទេ លោកថា ជិត១០ឆ្នាំមកនេះ ក្នុងនោះលោកបានចូលរួមសម្របសម្រួលដោះស្រាយបញ្ហានេះជាមួយភាគីថៃយ៉ាងតិច៣ដងរួចមកហើយ៕