ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បន្តអំពាវនាវឱ្យរដ្ឋាភិបាលជួយឧបត្ថម្ភដល់អ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខណៈរដ្ឋាភិបាលទើបតែដាក់ចេញនូវវិធានការបន្ថែមជុំទី៨ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩។
ក្នុងវិធានការបន្ថែមជុំទី៨ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ ដែលចេញកាលពីថ្ងៃទី២៥ ខែមីនា រដ្ឋាភិបាលនឹងបន្តជួយនិងឧបត្ថម្ភសាច់ប្រាក់ដល់កម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរនិងទេសចរណ៍ ដែលត្រូវបានរោងចក្រព្យួរការងារចាប់ពីខែមេសាដល់ខែមិថុនា។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលក៏នឹងបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រនិងងាយរងគ្រោះ រយៈពេល៣ខែបន្ថែមទៀតចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១។
បន្ថែមលើនេះ រដ្ឋាភិបាលក៏បានអំពាវនាវដល់បុគ្គលឯកជនដែលជាម្ចាស់អគារទីតាំងអាជីវកម្មនិងរោងចក្រ ជួយសម្រួលដល់ភាគីអ្នកជួល ដោយចៀសវាងការបញ្ឈប់កិច្ចសន្យាឬការបណ្តេញចេញ ក្នុងករណីដែលភាគីអ្នកជួលមិនមានលទ្ធភាពបង់ថ្លៃសេវាជួលបានទាន់ពេលវេលា។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលក៏អំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនវត្ថុទាំងអស់ អនុវត្តប្រកាសរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ស្តីពីលទ្ធផលកិច្ចប្រជុំបញ្ហាអចលនវត្ថុនៅកម្ពុជា ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ស្នើឱ្យរដ្ឋាភិបាលកុំផាត់កម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធឡើយ ខណៈដែលពួកគេក៏កំពុងរងឥទ្ធិពលពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈដូចគ្នា។
លោកក៏បានអំពាវនាវឱ្យរដ្ឋាភិបាលជួយបញ្ចុះថ្លៃទឹក ថ្លៃភ្លើង ប្រេងឥន្ធនៈ តម្លៃទំនិញនៅលើទីផ្សារ ពន្យារពេលការបង់ប្រាក់បំណុលធនាគារ និងឧបត្ថម្ភជាស្បៀងអាហារ ជាដើម។
លោក វន់ ពៅ អំពាវនាវយ៉ាងដូច្នេះថា៖ «ចំពោះរឿងហ្នឹង យើងសូមអំពាវនាវដល់រដ្ឋាភិបាលឱ្យគិតគូរឡើងវិញចំពោះកម្មករវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធហ្នឹង កុំផាត់គាត់ចោលអី! ពីព្រោះគាត់គឺជាចំណុចអាទិភាពដែលក្រីក្របំផុតនៅក្នុងស្ថានភាពកូវីដ-១៩នេះ ហើយគាត់ក៏ជាអ្នករងគ្រោះមួយដែរក្នុងស្ថានភាពកូវីដ-១៩នេះ។ អញ្ចឹងយើងសំណូមពរ ក៏ដូចជាអំពាវនាវដល់រដ្ឋាភិបាលមេត្តាជួយយកចិត្តទុកដាក់ដល់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលកំពុងជួបការលំបាក»។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលមិនអាចទាក់ទងសុំការឆ្លើយតបចំពោះការអំពាវនាវរបស់លោក វន់ ពៅ នេះបានទេ។
ប៉ុន្តែលោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច បានប្រាប់ វីអូឌី ថាវិធានការរបស់រដ្ឋាភិបាលនេះ គឺកើតចេញពីការពិគ្រោះយោបល់គ្នានៅក្នុងក្របខណ្ឌឯកជននិងរដ្ឋាភិបាលដែលជាក្របខណ្ឌផ្លូវការ។ លោកយល់ថា តាមរយៈក្របខណ្ឌនេះ គឺវាគ្រប់គ្រាន់ហើយ។
លោកមានប្រសាសន៍ដូច្នេះថា៖ «យើងគិតថា ការរៀបចំមកនេះ គឺយើងពិគ្រោះតាមរយៈក្របខណ្ឌផ្សេងៗ ព្រមទាំងការជជែកគ្នានៅក្នុងក្របខណ្ឌដែលមានឈ្មោះថា ដៃគូរដ្ឋនិងឯកជន ដែលយើងបានជួបប្រជុំជាមួយគ្នា យើងបានយល់ជាមួយគ្នា ហើយនៅក្នុងហ្នឹង យើងវាយតម្លៃជារួមផលប៉ះពាល់ទាំងឡាយហ្នឹង យើងបានយល់គ្នានៅក្នុងក្របខណ្ឌហ្នឹង»។
កាលពីថ្ងៃទី២៤ អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនយុវជន៦នាក់ និងក្រោយមកបានដោះលែងវិញ ក្រោយពីពួកគេសន្យាឈប់ធ្វើយុទ្ធនាការស្នើសុំឱ្យប្រមុខរដ្ឋាភិបាលកម្ពុជាជួយអន្តរាគមន៍លើកលែងបង់ថ្លៃទឹកភ្លើង បញ្ចុះតម្លៃប្រេងសាំង និងផ្អាកការបង់ធនាគារ នៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩នេះ៕