កម្ពុជា ក៏ដូចបណ្តាប្រទេសនៅលើពិភពលោក បញ្ហាវិបត្តិជំងឺកូវីដ-១៩បានបន្តរីករាលដាលឥតស្រាកស្រាន្ត និងបានសម្លាប់ជីវិតមនុស្សឥតឈប់ឈរ។
សម្រាប់ប្រទេសកម្ពុជា ជំងឺនេះបានរកឃើញថាឆ្លងចំនួនដល់ជាង៦ពាន់នាក់ និងបានសម្លាប់ជីវិតពលរដ្ឋខ្មែរនិងបរទេសជាង៤០នាក់ហើយ គិតត្រឹមថ្ងៃទី១៩ ខែមេសានេះ។
ការរីករាលដាលឆ្លងចូលសហគមន៍កាន់តែខ្លាំង ពិសេសចូលទៅកាន់ទីផ្សារ រោងចក្រ ស្ថាប័នរដ្ឋ និងសហគ្រាសឯកជនមួយចំនួន ក៏បានជំរុញឱ្យរដ្ឋាភិបាលមានវិធានការជាបន្តបន្ទាប់ ដូចជា វិធានការបិទការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ បិទការជួបជុំនៅតំបន់ខ្លះ បិទការចរាចរគ្រឿងស្រវឹងនៅទូទាំងប្រទេស បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ព្រមទាំងភូមិសាស្ត្រខ្លះទៀតនៃបណ្តាខេត្តដែលរកឃើញជំងឺនេះជាដើម។
ស្របពេលស្ថានការណ៍ស្រុកទេសកាន់តែអាក្រក់បង្កឡើងដោយជំងឺកូវីដ-១៩ គេក៏សង្កេតឃើញឥរិយាបថមួយចំនួនរបស់ពលរដ្ឋខ្មែរបានលេចចេញឡើង ទាំងស្មារតីនៃការសាមគ្គីភាព និងស្មារតីខ្វះការទទួលខុសត្រូវ។
ជាក់ស្តែង ពលរដ្ឋខ្លះក៏បានរៀបចំជាម្ហូបបាយនិងស្បៀងអាហារខ្លះដាក់នៅមុខផ្ទះ ឬចុះចែកពលរដ្ឋក្រីក្រ ដោយមើលឃើញនូវភាពខ្វះខាតនិងបញ្ហាប្រឈមរបស់ពួកគេអំឡុងនៃការបិទខ្ទប់ក្រុងនោះ។ ការឧបត្ថម្ភថវិកាឬជំនួយផ្សេងៗទៅរដ្ឋាភិបាល ហើយរដ្ឋាភិបាលក៏បានប្រកាសចុះចែកអំណោយមួយចំនួនជូនពលរដ្ឋក្រីក្រក្នុងដំណាក់កាលដ៏លំបាកនេះ។ ការបញ្ចុះតម្លៃឬមិនយកថ្លៃផ្ទះជួល បន្ទប់ជួលពីសំណាក់ម្ចាស់ផ្ទះខ្លះក្នុងពេលកំណត់ណាមួយ ដើម្បីសម្រួលការលំបាករបស់អ្នកជួលផ្ទះរបស់ខ្លួន។ ការលក់ទំនិញដោយមិនមានការកេងប្រវ័ញ្ច ឬលក់បញ្ចុះតម្លៃក្នុងស្ថានការណ៍លំបាកនេះ ព្រមទាំងចូលរួមគោរពតាមវិធានការនានាដែលរដ្ឋាភិបាលដាក់ចេញ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ជាដើម។
ទន្ទឹមឥរិយាបថនៃភាពសាមគ្គីបានកើតឡើង ឥរិយាបថខ្វះការទទួលខុសត្រូវឬបង្ហាញពីសីលធម៌មិនល្អរបស់ពលរដ្ឋក៏កើតឡើងដែរ។ ឥរិយាបថខ្វះការទទួលខុសត្រូវទាំងនោះ ដូចជា ការហាមប្រាមមិនឱ្យពលរដ្ឋធ្វើចរាចរណ៍ក្នុងតំបន់រាំងខ្ទប់ និងចេញពីខេត្តមួយទៅខេត្តមួយ ប៉ុន្តែមានពលរដ្ឋខ្លះនៅតែបំពាន។ ការហាមមិនឱ្យជួបជុំផឹកស៊ី ឬពិសាគ្រឿងស្រវឹង ប៉ុន្តែពលរដ្ឋខ្លះនៅតែមិនព្រមស្តាប់ ហើយបង្ហោះសកម្មភាពទាំងនោះលើបណ្តាញសង្គមហ្វេសប៊ុកទៀតផង។ ការលួចដំឡើងថ្លៃទំនិញក្នុងពេលពលរដ្ឋជួបការលំបាក ការដណ្តើមគ្នាទិញទំនិញឬសម្ភារប្រើប្រាស់ច្រើនហូរហែសម្រាប់ស្តុកទុក ដោយមិនខ្វល់ថាអ្នកផ្សេងបានឬមិនបាន ការលូកដៃយកជំនួយមនុស្សធម៌ទាំងដែលខ្លួនឯងជាអ្នកមានជីវភាពប្រសើរ ជាដើម។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍ថា ឥរិយាបថខ្វះការទទួលខុសត្រូវឬខ្វះសីលធម៌មួយចំនួន គឺបានឆ្លុះបញ្ចាំងពីគុណភាពផ្លូវចិត្ត និងស្ថានភាពសីលធម៌សង្គមដែលពីមុនមកហាក់ត្រូវបានគេមើលរំលង។
បណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍ថា៖ «នៅក្នុងស្នូលនៃការអប់រំ សីលធម៌ គឺជាធាតុសំខាន់ដែលមិនអាចខ្វះបាន។ បើយើងយកវាស់វែងចំណេះដឹងកូនចៅយើង ដោយមិនយកម៉ែត្រទៅវាស់ហ្នឹង តើយើងសង្ឃឹមថាពួកគាត់យកចិត្តទុកដាក់រៀនផ្នែកសីលធម៌ហ្នឹងដែរឬទេ។ ទី២ ការអប់រំក្រៅប្រព័ន្ធហ្នឹងក៏នៅមានកម្រិតដែរ ទាំងនៅក្នុងស្ថាប័នអប់រំ ក្នុងគ្រួសារ នៅតាមវត្តអារាម តាមវិហារសាសនា ការអប់រំតាមប្រព័ន្ធផ្សព្វផ្សាយអីហ្នឹង គឺការលើកយកអំពីសីលធម៌សង្គម ស្មារតីសង្គម មនសិការជាតិ តួនាទីរបស់ប្រជាពលរដ្ឋ ឬពលរដ្ឋវិជ្ជាហ្នឹង វាតិចណាស់ បើប្រៀបធៀបទៅនឹងប្រធានបទផ្សេងទៀត ដែលសង្គមយើងច្រើនតែមើលរំលង។ ទី៣ ឥរិយាបថពលរដ្ឋឆ្គាំឆ្គងហ្នឹង ក៏វាឆ្លុះបញ្ចាំងអំពីការបំពុលក្នុងសង្គមយើងផងដែរ ដែលសង្គមយើងខ្វះគំរូល្អ ជាពិសេសទាំងអ្នកមានទ្រព្យ និងតួនាទី មានអំណាចខ្ពស់ហ្នឹងមួយចំនួនធំ ខ្ញុំនិយាយមិនមែនទាំងអស់ទេ គឺខ្ញុំបញ្ជាក់ឱ្យច្បាស់។ គាត់មិនបានបង្ហាញឬបន្សល់នូវគំរូល្អដល់ពលរដ្ឋទូទៅទេ បាទ»។
បណ្ឌិតរូបនេះបន្តថា នៅពេលគេនិយាយអំពីភាពខ្វះចន្លោះរបស់ពលរដ្ឋក្នុងសង្គមមួយ គេក៏ត្រូវនិយាយអំពីប្រព័ន្ធក្នុងការគ្រប់គ្រងរដ្ឋ ឬការទទួលខុសត្រូវរបស់រដ្ឋាភិបាល រួមទាំងអាជ្ញាធរពាក់ព័ន្ធផងដែរ។
ព្រឹត្តិការណ៍នៃវិបត្តិកូវីដ-១៩ លោកថា បានបង្ហាញឱ្យឃើញកាន់តែច្បាស់បន្ថែមទៀតថា ស្មារតីសង្គមឬសីលធម៌សង្គមនៅមានកម្រិតទាបនៅឡើយ។
លោកបន្ថែមថា៖ «ក្នុងករណីនេះ ខ្ញុំសូមបញ្ជាក់ឡើងវិញថា យើងបាត់គ្រឹះផ្នែកស្មារតីសង្គម ទាក់ទងទៅនឹងការជឿជាក់គ្នា ការទុកចិត្តគ្នា ការចេះស្តាប់គ្នា សាមគ្គីភាពរវាងរាស្ត្រនិងរដ្ឋ នៅពេលសង្គមប្រឈមមុខនឹងបញ្ហា យើងអត់ទាន់មានអាហ្នឹងទេ។ ព្រឹត្តិការណ៍នេះ [វិបត្តិកូវីដ-១៩] បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ហើយ ទោះបីជាសេដ្ឋកិច្ចរបស់យើងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ កើនឡើង៦ឬ៧ភាគរយក្នុងមួយឆ្នាំ ហើយ GDP ហើយអគារខ្ពស់ស្កឹមស្កៃសម្បូរច្រើននៅក្រុងភ្នំពេញ ប៉ុន្តែស្មារតីសង្គមយើង បើយើងប្រៀបធៀបទៅ នៅទាបណាស់! សីលធម៌សង្គមយើងនៅទាបឆ្ងាយណាស់។ វាមិនបានលូតដូចសេដ្ឋកិច្ចដែលយើងនាំគ្នាធ្វើពព្រាក់ពព្រើតដូចរាល់ថ្ងៃនេះ»។
ប្រហែលជាដោយសារការនិយាយគ្នាស្តាប់មិនបាន ឬខ្វះការទទួលខុសត្រូវរបស់ពលរដ្ឋអំឡុងពេលបិទខ្ទប់ភូមិសាស្ត្រមួយចំនួននេះហើយ ទើបមានសារជាសំឡេងដែលគេស្គាល់ថាជាសំឡេងប្រមុខដឹកនាំ បានបញ្ជាឱ្យមេកងទ័ព មេកងរាជអាវុធហត្ថ ជាដើម ត្រៀមពង្រាយកម្លាំងដើម្បីចាត់វិធានការលើពលរដ្ឋដែលល្មើសបម្រាម និងមន្ត្រីនគរបាលដែលគប់គិតទៀតផង។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ មើលឃើញថា ការមិនអនុវត្តនូវវិធានការរបស់រដ្ឋាភិបាល មួយផ្នែកអាចដោយសារពលរដ្ឋមិនបានដឹងពីសេចក្តីសម្រេចទាំងនោះ ត្បិតមានសេចក្តីសម្រេចឬវិធានការជាច្រើនត្រូវបានដាក់ចេញជាបន្តបន្ទាប់ ខណៈការផ្សព្វផ្សាយទៅកាន់ពលរដ្ឋនៅមានកម្រិតនៅឡើយ។
ក្នុងករណីដែលពលរដ្ឋនោះដឹងហើយ ឮហើយ អំពីវិធានការនានារបស់រដ្ឋាភិបាល ប៉ុន្តែពួកគេនៅតែបំពាន កញ្ញាថា នោះគឺជាការបង្ហាញពីកង្វះសីលធម៌ ឬខ្វះការទទួលខុសត្រូវរបស់ពលរដ្ឋទាំងនោះក្នុងការអនុវត្តច្បាប់ផងដែរ។
កញ្ញា លី ស្រីស្រស់ បន្តថា៖ « ប្រសិនបើពួកគាត់ជុំជួបទាំងដែលគាត់បានដឹងទៅលើវិធានការផ្សេងៗដែលមាន អាហ្នឹងវាបង្ហាញច្បាស់ណាស់ថា គាត់ហ្នឹងហាក់បីដូជាមានបុគ្គលិកលក្ខណៈអវិជ្ជមានទៅលើបម្រាមគោចរ ឬក៏ក្រមសីលធម៌គោរពច្បាប់ទាំងអស់ហ្នឹងនៅមានកម្រិត»។
បណ្ឌិត ប៉ា ចន្ទរឿន ផ្តល់ជាអនុសាសន៍ថា ដើម្បីឱ្យពលរដ្ឋប្រទេសមួយមានវិន័យនិងក្រមសីលធម៌ល្អប្រសើរ គឺទាមទារឱ្យប្រទេសនោះលើកកម្ពស់សាមគ្គីភាពជាតិឡើងវិញ។ ការរឹតចំណង ការបង្កើនភាពទុកចិត្តគ្នា ការយល់គ្នា និងសហការជាមួយគ្នាទៅវិញទៅមករវាងរាស្ត្រនិងរដ្ឋ ក៏ត្រូវពង្រឹងឡើងវិញ។
អ្វីដែលសំខាន់ទៀតនោះគឺការអប់រំ ដោយលោកថា ការអប់រំពិតជាសំខាន់ណាស់ក្នុងការជំរុញឱ្យមានស្មារតីជាតិ និងសីលធម៌សង្គមល្អឡើងវិញ។ បន្ថែមពីនេះ ភាពជាគំរូល្អសម្រាប់ពលរដ្ឋយកតម្រាប់តាមពីសំណាក់អ្នកមានប្រាក់ អ្នកមានអំណាច ឬអ្នកដឹកនាំកំពូលៗរបស់រដ្ឋ ក៏ជារឿងសំខាន់ផងដែរ៕