អាជ្ញាធរខេត្តព្រះសីហនុ គ្រោងនឹងបញ្ជូនបុរសជនជាតិខ្មែរម្នាក់ទៅតុលាការនៅថ្ងៃពុធស្អែកនេះ បន្ទាប់ពីបុរសរូបនេះត្រូវបានឃាត់ខ្លួនពីបទក្លែងបន្លំជានគរបាលជាតិ ដឹកជនជាតិចិនម្នាក់ឆ្លងកាត់តំបន់បិទខ្ទប់ (តំបន់ក្រហម) ដោយចេតនា។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ឱ្យដឹងនៅថ្ងៃអង្គារនេះថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួននិងគ្រោងបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តនោះ មានឈ្មោះ លូ គឹមហ្វាត អាយុ២៧ឆ្នាំ មានទីលំនៅសង្កាត់អូរឫស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ចំណែកជនជាតិចិនដែលជិះនៅក្នុងរថយន្តនោះ លោកថា អាចត្រឹមតែរងការផាកពិន័យរដ្ឋបាលតែប៉ុណ្ណោះ។
លោក ជួន ណារិន្ទ បញ្ជាក់ថា៖ «ករណីនេះ គាត់មានបទល្មើសហើយ! គាត់ចល័តចេញពីតំបន់មួយទៅតំបន់មួយ កន្លែងបិទខ្ទប់។ ហើយទី២ គាត់ក្លែងបន្លំជាសមត្ថកិច្ចទៀត ដូច្នេះរឿងនេះយើងបញ្ជូនទៅអនុវត្តវិធានការច្បាប់ហើយ»។
តាមរបាយការណ៍របស់សមត្ថកិច្ចខេត្តព្រះសីហនុ បានបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញ នៅមុនពេលឃាត់ខ្លួន ជនសង្ស័យឈ្មោះ លូ គឹមហ្វាត ដែលមានមុខរបរជាអ្នកបកប្រែភាសា បានជិះរថយន្ដម៉ាកតូយូតាកាមេរី (Toyota Camry) ពណ៌ស ធ្វើសកម្មភាពដឹកបុរសជនជាតិចិនម្នាក់ឈ្មោះ CHEN XUBO អាយុ២៧ឆ្នាំ ពីម្ដុំសណ្ឋាគារណានហៃ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលជាគោលដៅហាមឃាត់ ហើយត្រូវសមត្ថកិច្ចប្រចាំការគោលដៅត្រួតពិនិត្យ K៩៦ ដែលនៅក្បែរនោះ បានឃាត់ខ្លួននិងសួរនាំនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត។
របាយការណ៍៍ដដែលបន្តថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ លូ គឹមហ្វាត បានសារភាពថា ឯកសណ្ឋាននគរបាលដែលខ្លួនបានពាក់នៅលើកៅអីឡានខាងមុខនោះ ជារបស់បងថ្លៃខ្លួនដែលបម្រើការងារនៅនាយកដ្ឋាននគរបាលព្រំដែនគោកនៃក្រសួងមហាផ្ទៃ។ ចំណែកមួកថ្នាក់ឧត្ដមសេនីយ៍ ដែលទុកនៅលើតាបឡូរថយន្ដខាងមុខ ជារបស់មិត្ដភក្តិខ្លួនជាមន្ដ្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយថា សម្ភារទាំងនេះ បងថ្លៃនិងមិត្ដភក្តិខ្លួនបានភ្លេចក្នុងរថយន្ដរបស់ខ្លួនតែប៉ុណ្ណោះ។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី៤ ខែឧសភានេះ សមត្ថកិច្ចខេត្តព្រះសីហនុ បានចាត់វិធានការទៅលើអ្នកល្មើសបម្រាមនិងវិធានការបិទខ្ទប់របស់ក្រុងព្រះសីហនុចំនួន៤៣នាក់ ក្នុងនោះមានជនជាតិចិនម្នាក់ អ្នកមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាសមាន១៦នាក់ ក្នុងនោះមានជនជាតិចិន៣នាក់ និងអ្នកគេចចេញពីតំបន់បិទខ្ទប់ក្រុងព្រះសីហនុ៥នាក់ ក្នុងនោះមានជនជាតិខ្មែរ២នាក់ វៀតណាមម្នាក់ និងចិនម្នាក់។
ក្រៅពីនោះ លោកថា ក៏មានជនសង្ស័យចំនួន៦នាក់ផ្សេងទៀតត្រូវបានបញ្ជូនខ្លួនទៅតុលាការផងដែរ ក្រោយពីពួកគេល្មើសវិធានការរដ្ឋបាល និងគេចចេញពីទីតាំងធ្វើចត្តាឡីស័ក។ សូមបញ្ជាក់ថា ខេត្តព្រះសីហនុ បានចាប់ផ្តើមរឹតបន្តឹងការចេញចូលចាប់តាំងពីដើមខែមីនាមកម៉្លេះ បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ហើយចាប់ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី៦ ខែឧសភានេះ អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចបិទខ្ទប់ក្រុងព្រះសីហនុទាំងស្រុង ខណៈភូមិចំនួន៥ រួមមាន ភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ នៃសង្កាត់លេខ៤ នៃក្រុងព្រះសីហនុ ត្រូវបានដាក់ជា «តំបន់ក្រហម»៕