តុលាការសាលាដំបូងរាជធានីភ្នំពេញ ដោះលែងកូនប្រសារប្រុសនិងកូនស្រីបង្កើតឧកញ៉ា ហេង សៀ ក្រោយពីពួកគេសុំទោសជាសាធារណៈ និងថាមិនបានផលិតវីដេអូនិងរូបអាសអាភាសពាក់ព័ន្ធនឹងកញ្ញា មាន ពេជ្ររីតា ជាមួយនឹងឪពុករបស់ខ្លួនទេ។
ក្នុងសេចក្តីថ្លែងការណ៍របស់សាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១៧ ខែឧសភានេះថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ មានរូបអាសអាភាសជាច្រើនសន្លឹកត្រូវបានចែកចាយជាបន្តបន្ទាប់នៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការភ័ន្តច្រឡំជាសាធារណៈថា ជារូបរបស់កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្ត្រីជាដើម។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា ក្រោយពីតុលាការសហការជាមួយមន្ត្រីនគរបាលយុត្តិធម៌ ធ្វើការស្រាវជ្រាវលើ ឈ្មោះ ឃន ឈុនតារា និងឈ្មោះ តាំង គឹមហៀង ដែលត្រូវជាកូនប្រសារនិងកូនបង្កើតរបស់ឧកញ៉ា ហេង សៀ ចំនួន២ថ្ងៃកន្លងទៅនេះ ពួកគេទាំងពីរនាក់បានសារភាពថា ខ្លួនពិតជាបានជ្រើសរើសមនុស្សប្រុសម្នាក់និងស្រីម្នាក់ដែលមានភិនភាគប្រហាក់ប្រហែលនឹងកញ្ញា មាន ពេជ្ររីតា និងឈ្មោះ ហេង សៀ ដើម្បីថតសម្តែងអង្គហេតុនៃជម្លោះដែលកើតមានឡើងលើកញ្ញា មាន ពេជ្ររីតា និងឈ្មោះ ហេង សៀ នៅក្នុងរថយន្តកើតហេតុ ព្រមទាំងមានវីដេអូឃ្លីបធ្វើត្រាប់តាមអង្គហេតុក្នុងរថយន្តផងដែរ ប៉ុន្តែពុំឃើញមានភស្តុតាងផលិតវីដេអូឃ្លីបអាសអាភាសឬរូបភាពអាសអាភាសដែលត្រូវបានចែកចាយក្នុងសង្គមឡើយ។
ករណីនេះ តុលាការសម្រេចដោះលែងឈ្មោះ ឃន ឈុនតារា និងឈ្មោះ តាំង គឹមហៀង ឱ្យមានសេរីភាពវិញនៅថ្ងៃនេះ ក្រោយពីពួកគេធ្វើលិខិតសុំទោសជាសាធារណៈ ពាក់ព័ន្ធនឹងការចែកចាយរូបអាសអាភាសដែលមិនមានប្រភពច្បាស់លាស់នៅក្នុងបណ្តាញសង្គម WhatsApp និង Telegram ឱ្យទៅមនុស្សចំនួន៧នាក់។
បន្ថែមពីនេះ ក្នុងសេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា មន្ត្រីតុលាការនិងមន្ត្រីនគរបាលយុត្តិធម៌ នឹងបន្តស្រាវជ្រាវរកប្រភពនៃការផលិតរូបអាសអាភាសចែកចាយលើបណ្តាញសង្គមដែលធ្វើឱ្យប៉ះពាល់ដល់ប្រពៃណីខ្មែរ សីលធម៌សង្គម និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ដើម្បីចាប់យកទៅផ្តន្ទាទោសតាមច្បាប់។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានបដិសេធអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះ។
ក្នុងលិខិតបំភ្លឺនិងសុំទោសជាសាធារណៈរបស់ឈ្មោះ ឃន ឈុនតារា ដែលត្រូវជាកូនប្រសារឧកញ៉ា ហេង សៀ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានលើកឡើងថា កាលពីថ្ងៃទី១៤ ខែឧសភានេះ លោកបានចែកចាយរូបភាពអាសអាភាសមួយសន្លឹកទៅមនុស្ស៧នាក់តាមបណ្តាញសង្គម WhatsApp និង Telegram ដែលលោកទទួលបានពីគេនិងមិនដឹងប្រភពច្បាស់លាស់នោះទេ។
លិខិតដដែលបានសុំទោសជាសាធារណៈ និងសន្យាលែងឱ្យមានករណីនេះកើតឡើងជាថ្មីទៀត បើរូបភាពនោះធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់កញ្ញា មាន ពេជ្ររីតា។
ដោយឡែក កាលពីថ្ងៃទី១៤ ខែឧសភា ឈ្មោះ ឃន ឈុនតារា សារភាពថា ខ្លួនពិតជាបានជ្រើសរើសមនុស្សប្រុសមានភិនភាគប្រហាក់ប្រហែលនឹងឈ្មោះ ហេង សៀ និងស្រីម្នាក់ប្រហាក់ប្រហែលនឹងកញ្ញា មាន ពេជ្ររីតា ពិតមែន ប៉ុន្តែមិនមែនយកទៅថតរឿងអាសអាភាសបន្លំភ្នែកសាធារណជនពាក់ព័ន្ធរឿងពួកគេទាំងពីរនោះទេ ដោយគ្រាន់តែជ្រើសរើសឱ្យមកធ្វើត្រាប់តាមអង្គហេតុ ដើម្បីស្វែងយល់ឱ្យបានច្បាស់ពីរឿងហេតុដែលកើតឡើងក្នុងរថយន្តតែប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន លើកឡើងថា ការសម្រេចនេះជាឆន្ទានុសិទ្ធិរបស់តុលាការ ដោយអះអាងថា ការដោះលែងនេះជាការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយទុកនៅក្រោមការស៊ើបអង្កេតរបស់តុលាការបន្តទៀត។
លោកថា៖ «ខ្ញុំមិនមានយោបល់អ្វីទេ ព្រោះជាការសម្រេចរបស់តុលាការដោយផ្អែកទៅលើអង្គហេតុស៊ើបអង្កេតនិង ភស្តុតាងណាមួយ ក៏គេមិនដោះលែងឱ្យរួចខ្លួនដែរ គឺឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ដោយមានការធានាពីមេធាវី ហើយដំណើរការនីតិវិធី គឺស្ថិតក្នុងការស៊ើបអង្កេតរបស់តុលាការ»។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា តុលាការត្រូវធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវលើសំណុំរឿងអ្នកចែកចាយរូបភាពអាសអាភាស និងពាក់ព័ន្ធរឿងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា ឱ្យមានតម្លាភាពនិងឈរលើគោលការណ៍ឯករាជ្យ ដើម្បីផ្តល់យុត្តិធម៌ដល់ស្ត្រីរងគ្រោះ។
ប៉ុន្តែលោកស្រីសង្កេតឃើញថា ការអនុវត្តរបស់តុលាការកន្លងមកហាក់មានភាពលម្អៀងទៅរកអ្នកមានអំណាចមានលុយ ខណៈពលរដ្ឋក្រីក្រ សកម្មជននយោបាយ និងអ្នកការពារបរិស្ថាន បានរងភាពអយុត្តិធម៌ទៅវិញ។
លោកស្រីថ្លែងដូច្នេះថា៖ «គោលការណ៍ដែលតុលាការគួរតែប្រកាន់យក ដោយមិនគួរធ្វើតែចំពោះបុគ្គលដែលមានទ្រព្យធនដែលមានអំណាច ហើយពលរដ្ឋ សកម្មជននយោបាយ ឬក៏សកម្មជនសិទ្ធិមនុស្ស យើងឃើញថា ជានិច្ចកាលត្រូវតែឃុំខ្លួន ហើយការឃុំខ្លួនមានរយៈពេលយូរមែនទែន ដូចករណីលោក រ៉ុង ឈុន ដូចករណីសកម្មជនបរិស្ថាន គឺពួកគាត់ស្ថិតនៅក្នុងការឃុំខ្លួនរង់ចាំសវនាការ ជាដើម»។
មាត្រា៣៩ នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ចែងថា ជនណាចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬបង្ហាញនៅទីសាធារណៈនូវរូបភាពនិងសម្ភារអាសអាភាស ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៧ថ្ងៃ ដល់១ខែ និងពិន័យជាប្រាក់ពី១០០ ០០០ (មួយសែន) រៀល ដល់២០០ ០០០ (ពីរសែន) រៀល។
ចំណែកជនណាផលិតរូបភាពនិងសម្ភារអាសអាភាសក្នុងគោលដៅយកទៅប្រើប្រាស់នៅក្នុងការប្រព្រឹត្តបទល្មើសណាមួយ ដូចមានចែងនៅក្នុងកថាខណ្ឌទី ១ នៃមាត្រាខាងលើនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ខែ ដល់១ឆ្នាំ និងពិន័យជាប្រាក់ពី២០០ ០០០ (ពីរសែន) រៀល ដល់២ ០០០ ០០០ (ពីរលាន) រៀល។
កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ អង្គការ-សមាគមចំនួន២៦ស្ថាប័នបានចេញលិខិតចំហមួយស្នើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អឹុង កន្ថាផាវី និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ចាត់វិធានការច្បាប់លើឧកញ៉ា ហេង សៀ អតីតឧកញ៉ា ឌួង ឆាយ និងលោក អ៊ុក កុសល ដោយសារពួកគេប្រើប្រាស់អំពើហិង្សានិងបៀតបៀនផ្លូវភេទលើស្ត្រី និងដើម្បីលុបបំបាត់វប្បធម៌និទណ្ឌភាពនៅកម្ពុជា។
គួររំឭកថា ជម្លោះរវាងឧកញ៉ា ហេង សៀ និងពិធីការិនី មាន ពេជ្ររីតា បានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីឃើញវីដេអូរបស់កញ្ញា មាន ពេជ្ររីតា យំត្អូញត្អែររៀបរាប់ពីការបៀតបៀនរាងកាយនាងពីសំណាក់ឧកញ៉ា ហេង សៀ កាលពីថ្ងៃ៤ ខែឧសភា។
ពាក់ព័ន្ធនឹងករណីនេះ ឧកញ៉ា ហេង សៀ ក៏បានប្តឹងកញ្ញា មាន ពេជ្ររីតា វិញផងដែរ ពីបទ «លួចមានស្ថានទម្ងន់ទោស» ដោយចោទពិធីការិនីរូបនេះថា បានលួចទូរសព្ទ និងយកកាំបិតចុងស្រួចចាក់រូបលោកចំនួន២កាំបិត បណ្តាលឱ្យរងរបួសធ្ងន់។ ក្រោយមក កញ្ញា មាន ពេជ្ររីតា ក៏បានប្តឹងតបវិញ ដោយចោទឧកញ៉ានោះថា បានបៀតបៀនផ្លូវភេទកញ្ញានៅក្នុងរថយន្ត៕