តុលាការសាលាដំបូងខេត្តពោធិ៍សាត់ បានសម្រេចឃុំខ្លួនមនុស្ស២នាក់ជាបណ្តោះអាសន្ននៅពន្ធនាគារ ពាក់ព័ន្ធនឹងករណីផលិតស្រាគ្មានបច្ចេសទេស បណ្តាលឱ្យអ្នកទទួលទានប្រមាណ១០នាក់បានស្លាប់ដោយសារពុលស្រា-ស នៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
អាជ្ញាធរខេត្តពោធិ៍សាត់ ឱ្យដឹងថា មនុស្សប្រមាណ១០នាក់បានស្លាប់ជាបន្តបន្ទាប់តាំងពីថ្ងៃទី២៨ ខែឧសភា រហូតមកដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ ដោយសង្ស័យពុលស្រា ខណៈពលរដ្ឋមួយចំនួនទៀតត្រូវបានបញ្ជូនទៅព្យាបាលនៅតាមមន្ទីរពេទ្យ។
អធិការរងនគរបាលស្រុកក្រគរ លោក ស៊ុយ ម៉ៅ ប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា ពាក់ព័ន្ធមនុស្សស្លាប់ដោយសារសង្ស័យពុលស្រានេះ សមត្ថកិច្ចបានបញ្ជូនមនុស្ស២នាក់ទៅតុលាការ កាលពីថ្ងៃម្សិលមិញ។ លោកបញ្ជាក់ថា អ្នកទាំងពីរនោះមានឈ្មោះ ស៊ុយ គឹមទៀង អាយុ៧១ឆ្នាំ ជាប្តី និងម្នាក់ទៀតឈ្មោះ ទ្រី វណ្ណា អាយុ៦១ឆ្នាំ ជាប្រពន្ធ រស់នៅភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ។
អធិការរងនគរបាលស្រុកក្រគររូបនេះ បន្តថា ករណីបញ្ជូនបុគ្គល២នាក់ប្តីប្រពន្ធនោះទៅតុលាការ ដោយសាររកឃើញថា ការផលិតស្រា-សរបស់ពួកគាត់ពុំមានច្បាប់ និងមានជាតិមេតាណុលខ្ពស់។
លោក ស៊ុយ ម៉ៅ មិនទាន់អាចបញ្ជាក់ពីស្ថានភាពអ្នកជំងឺថ្មីទៀតបានទេនៅថ្ងៃនេះ។
ប៉ុន្តែបើយោងតាមរបាយការណ៍ដែលទទួលបានពីថ្ងៃទី២៨ ខែឧសភា រហូតមកដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ គឺអ្នកដែលស្លាប់ដោយសង្ស័យពុលស្រា មានចំនួន១០នាក់ និងបញ្ជូនទៅសម្រាកព្យាបាលតាមមន្ទីរពេទ្យជាច្រើនអ្នកផ្សេងទៀត។
លោកបន្ថែមថា៖ «ឥលូវយើងកំពុងតែរង់ចាំបញ្ជាពីលោកស្នងការ ដើម្បីចុះបិទកន្លែងផលិតស្រា-ស ស្រាថ្នាំទាំងឡាយណាដែលមិនមានច្បាប់អនុញ្ញាត។ ប្រហែលជាបិទបណ្តោះអាសន្ននៅទូទាំងខេត្ត ចំពោះកន្លែងផលិតណាដែលមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ»។
វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន និងអភិបាលរងខេត្ត លោក អឹង គឹមលាង ដែលទទួលបន្ទុកការងារនេះ និងស្នងការនគរបាលខេត្តពោធិ៍សាត់ លោក សាវ៉ុន ចាន់ធី បានទេ នៅថ្ងៃនេះ។
អ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់ លោក ហេង ដូនីន ប្រាប់ វីអូឌី ថាក្រោយសាកសួរ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធនោះដាក់ពន្ធនាគារជាបណ្តោះអាសន្នហើយ ពីបទ «ហិង្សាដោយចេតនាដោយប្រើប្រាស់អាហារមានជាតិពុលបណ្តាលឱ្យជនរងគ្រោះស្លាប់» តាមមាត្រា២២៦ និងមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ។
លោកបន្ថែមថា៖ «គេបញ្ជូនពួកគាត់ហើយគេឃុំខ្លួនពួកគាត់ ដោយសារបទល្មើសហ្នឹងវាស្លាប់មនុស្សច្រើន»។
កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយលើកឡើងថា ករណីមនុស្សស្លាប់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយសង្ស័យពុលស្រានោះ គឺភាគច្រើននៃជនរងគ្រោះបានផឹកស្រាដែលលាយជាតិមេតាណុលខ្ពស់ ហើយយឺតយ៉ាវក្នុងការបញ្ជូនទៅព្យាបាល។
ក្រសួងសុខាភិបាលបន្តថា មន្ត្រីជំនាញបានយកសំណាកស្រា-ស ស្រាថ្នាំ ចំនួន៣ទីតាំង ទៅវិភាគ ដោយរកឃើញថា ស្រា-សនិងស្រាថ្នាំមួយចំនួនមានសារធាតុមេតាណុលលើសកម្រិតខ្ពស់ ពី៩,៥ទៅដល់១៥ភាគរយ ដែលធ្វើឱ្យពុល ខណៈដែលកម្រិតអនុញ្ញាតឱ្យប្រើប្រាស់មិនលើស០,១ភាគរយឡើយ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព លោក យង់ គិមអេង បានបង្ហាញការសោកស្តាយចំពោះហេតុការណ៍មនុស្សស្លាប់ជាបន្តបន្ទាប់ ដោយសារពុលស្រា-សនិងស្រាថ្នាំនេះ។ លោកថា ករណីនេះកើតឡើងដោយសារតែរដ្ឋាភិបាលគ្មានចំណាត់ការជារួម ជាពិសេសគ្មានច្បាប់គ្រប់គ្រងគ្រឿងស្រវឹង។
លោក យង់ គិមអេង ជំរុញទៅរដ្ឋាភិបាលឱ្យពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង និងរាល់ការបើកអាជីវកម្មផលិតស្រា-ស ស្រាថ្នាំ ត្រូវមានការសុំច្បាប់ និងត្រូវមានការត្រួតពិនិត្យរាល់ផលិតផលឱ្យគោរពទៅតាមស្តង់ដារ។
លោកបន្ថែមថា៖ «នេះជាមេរៀនសម្រាប់ការរៀនសូត្រមួយ ដែលរដ្ឋាភិបាលគួរតែពិចារណាចំពោះបញ្ហាហ្នឹង ហើយរិះរកមធ្យោបាយជារួម ដើម្បីគ្រប់គ្រងផលិតផលគ្រឿងស្រវឹងឱ្យមានប្រសិទ្ធភាពខ្ពស់។ កន្លងមក យើងតែងតែទាមទារថា ច្បាប់គ្រប់គ្រងគ្រឿងស្រវឹងហ្នឹង វាជាបញ្ហាសំខាន់ ដែលត្រូវតែជំរុញឱ្យមានការអនុម័តឱ្យកាន់តែឆាប់។ ជាមួយគ្នានេះដែរ មិនគួរលើកទឹកចិត្តឱ្យមានការប្រើប្រាស់គ្រឿងស្រវឹង ជាពិសេសតាមរយៈការផ្សាយពាណិជ្ជកម្មផ្សេងៗ ព្រោះរឿងនេះវាបង្កផលប៉ះពាល់ខ្លាំង»។
ក្រសួងសុខាភិបាល ឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ មានការស្លាប់ដោយសារករណីពុលស្រាមានជាតិមេតាណុលខ្ពស់ជាច្រើនករណីបានកើតឡើង មានជាអាទិ៍ នៅស្រុកល្វាឯម ខេត្តកណ្តាល មានករណីមនុស្សស្លាប់ចំនួន១៤នាក់, នៅស្រុកកំពង់ត្រាច ខេត្តកំពត ស្លាប់១០នាក់ និងនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ស្លាប់៧នាក់ ដែលសរុបរួមមានអ្នកស្លាប់ដោយសារការពុលស្រាមានជាតិមេតាណុលខ្ពស់ មានទៅដល់៣១នាក់៕