បញ្ហាធនធានធម្មជាតិ ពិសេសព្រៃឈើនៅកម្ពុជា ត្រូវបានក្រុមអ្នកអភិរក្សនិយមចាត់ទុកថាជារឿងសំខាន់ និងតែងបង្ហាញក្តីបារម្ភចំពោះវាសនាព្រៃឈើទៅថ្ងៃអនាគត ត្បិតពួកគេបានមើលឃើញពីវិនាសកម្មដែលបានកើតឡើងស្ទើរជារៀងរាល់ថ្ងៃ។
ជាក់ស្តែង ជនជាតិដើមភាគតិចមួយចំនួននៅខេត្តព្រះវិហារ កាលពីពេលថ្មីៗនេះ បារម្ភពីការបាត់បង់ដែនជម្រកសត្វព្រៃព្រះរការ ក្រោយពីពួកគេរកឃើញបទល្មើសព្រៃឈើជិត១០០ករណីថ្មីបន្ថែមទៀតដែលកើតនៅក្នុងខែឧសភា ឆ្នាំ២០២១នេះ ស្របពេលប្រជាសហគមន៍ សកម្មជនបរិស្ថាន ត្រូវបានអាជ្ញាធរហាមឃាត់មិនឱ្យចូលល្បាតតំបន់ព្រៃមួយនេះឡើយ។
រីឯតំបន់ដែនជម្រកសត្វព្រៃ«ព្រៃឡង់»វិញ ក៏ត្រូវបានប្រជាសហគមន៍អះអាងថា បទល្មើសនៅតែកើតឡើងឥតឈប់ឈរនិងគ្មានការថយចុះឡើយ បើទោះបីជាកម្ពុជាកំពុងជាប់ដៃប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ក្តី។
ដោយឡែក ប្រធានបណ្តាញសហគមន៍ព្រៃឈើមួយឈ្មោះ «សាមគ្គីសង្គ្រោះព្រៃឈើ» នៅខេត្តឧត្តរមានជ័យ លោក សា ថ្លៃ បានអះអាងប្រាប់ វីអូឌី កាលពីដើមខែឧសភា ថាដីព្រៃសហគមន៍មួយនេះទំហំជាង៣ ០០០ហិកតា ត្រូវបានបុគ្គលមួយចំនួនរំលោភយក ហើយដីព្រៃមួយនេះអាចនឹងឈានទៅរកភាពវិនាសនៅពេលខាងមុខទៀតផង ប្រសិនបើគ្មានការទប់ស្កាត់ឱ្យទាន់ពេលវេលា។
ក្រៅពីបទល្មើសនៅតំបន់ព្រៃការពារទាំងនេះ ការរត់ពន្ធឈើចេញទៅក្រៅប្រទេសក៏ត្រូវបានសកម្មជនព្រៃឈើអះអាងថានៅតែកើតមានឡើងឥតស្រាកស្រាន្តទៀតផង។
ជាក់ស្តែង សេចក្តីរាយការណ៍ក្នុងខែឧសភា បានឱ្យដឹងថា គយដែនកោះហុងកុងបានរឹបអូសឈើចំនួន៧កុងតឺន័រ ទម្ងន់ជាង២០០តោន ជាប្រភេទឈើជិតផុតពូជ ដែលមានតម្លៃប្រមាណ១ ១០០ ០០០ដុល្លារហុងកុង ឬស្មើជាង១៤០ ០០០ដុល្លារអាមេរិក នៅកន្លែងត្រួតពិនិត្យទំនិញគយក្នុងកំពង់ផែចំនួន២នៃដែនកោះមួយនេះ ចន្លោះពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។ ឈើទាំងនេះត្រូវបានគេបញ្ជាក់ថា ជាឈើគ្មានលិខិតអនុញ្ញាតនិងមានប្រភពនាំចេញពីកម្ពុជា។
ទាំងនេះគ្រាន់តែជាការលើកឡើងពីសកម្មភាពបទល្មើសកើតឡើងទៅលើធនធានព្រៃឈើនៅកម្ពុជាដែលកើតឡើងនាពេលថ្មីៗនេះតែប៉ុណ្ណោះ ដោយមិនទាន់រាប់បញ្ចូលករណីរុករានដីព្រៃលិចទឹក ព្រៃកោងកាង ព្រៃស្រោង នៅតំបន់ផ្សេងទៀតនៅកម្ពុជានៅឡើយទេ។
សំណួរត្រង់ថា បើបទល្មើសព្រៃឈើនៅតែកើតមានឡើងឥតស្រាកស្រាន្តបែបនេះ តើកម្ពុជាអាចនឹងមានសង្ឃឹមរក្សាធនធានធម្មជាតិមួយនេះសម្រាប់ក្មេងជំនាន់ក្រោយដោយវិធីណា?
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា ជាការសង្កេតតាមដានរបស់លោកផ្ទាល់ បទល្មើសព្រៃឈើនិងការរត់ពន្ធឈើចេញពីកម្ពុជានៅតែកើតមានឡើង ដោយមិនមានការថយចុះនោះឡើយ ជាហេតុធ្វើឱ្យពិបាកជឿថា ធនធានព្រៃឈើនឹងអាចនៅសេសសល់ទៅថ្ងៃអនាគតបាន។
លោកបន្ថែមថា មានហេតុផលមួយចំនួនដែលធ្វើឱ្យព្រៃឈើនៅកម្ពុជារងការវិនាសជាបន្តបន្ទាប់ ដោយសារការអនុវត្តច្បាប់នៅមានកម្រិត បញ្ហាអំពើពុករលួយជាប្រព័ន្ធ ជាដើម។
លោកមានប្រសាសន៍ថា៖ «ទី១ អាចបណ្តាលមកពីការអនុវត្តច្បាប់មិនបានតឹងរ៉ឹង អាហ្នឹងយើងគិតថានៅស្រុកយើងស្ទើរគ្រប់វិស័យទៅហើយ ប៉ុន្តែទី២នេះ វាអាចបណ្តាលមកពីអំពើពុករលួយជាប្រព័ន្ធ ហើយការពុករលួយជាប្រព័ន្ធនេះគឺមានន័យថា អ្នកខាងក្រោមដែលត្រូវបានគេបញ្ជូនទៅគ្រប់គ្រងព្រៃឈើ គឺត្រូវតែចិញ្ចឹមអ្នកខាងលើ។ អ៊ីចឹងហើយបានជាមានពាក្យពលរដ្ឋនិយាយថា កន្លែងណាដែលមានមេព្រៃ កាលមិនទាន់មានមេព្រៃ អត់អីទេ ដល់តែពេលមានមេព្រៃ ឈើហ្នឹងអស់លឿន។ អាហ្នឹងជារឿងគាត់និយាយលេងមែន ក៏ប៉ុន្តែជួនកាលអាចឆ្លុះបញ្ចាំងការពិតផងដែរ»។
ចំណែកមន្រ្តីជាន់ខ្ពស់ផ្នែកតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក សាន់ ម៉ាឡា ដែលធ្វើការស្និទ្ធក្នុងរឿងធនធានព្រៃឈើនេះ លើកឡើងថា បទល្មើសព្រៃឈើនៅតំបន់ព្រៃការពារធម្មជាតិដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានជាង៧លានហិកតា បន្តកើតមានឥតឈប់ឈរ។
ជាក់ស្តែង លោកថា ព្រៃសហគមន៍ព្រះរការ នៅខេត្តព្រះវិហារ ត្រូវបានប្រជាសហគមន៍ទើបរកឃើញមានបទល្មើសថ្មីៗកើតឡើងជិត១០០ករណីទៀត។
លោកបន្តថា បញ្ហាបទល្មើសព្រៃឈើនៅតែកើតមានឡើងក្នុងតំបន់ការពារធម្មជាតិនេះ បង្ហាញថា ក្រសួងបរិស្ថានពុំមានសមត្ថភាពគ្រប់គ្រាន់និងឆន្ទៈពិតប្រាកដក្នុងការថែរក្សាព្រៃឈើនៅកម្ពុជាឱ្យនៅគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយនោះឡើយ។
យ៉ាងនេះក្តី លោក សាន់ ម៉ាឡា ផ្តល់ជាអនុសាសន៍ដើម្បីការពារព្រៃឈើឱ្យនៅគង់វង្សយ៉ាងដូច្នេះថា៖ «បញ្ហាព្រៃឈើនិងធនធានធម្មជាតិ វាមិនមែនជារឿងលំបាកក្នុងការរៀបចំនូវយុទ្ធសាស្ត្រឬយន្តការក្នុងការដោះស្រាយនោះទេ ប្រសិនបើមិនមានអ្នកមានអំណាចកាងនៅពីក្រោយ ឬក៏អាចនិយាយបានថា មានអំពើពុករលួយរវាងឈ្មួញខិលខូចនិងមន្ត្រីថ្នាក់ក្រោម។ ដូច្នេះ ប្រសិនបើក្រសួងបរិស្ថានមានឆន្ទៈពិតប្រាកដ ក្រសួងត្រូវប្រើចំណាត់ការដៃដែក ដោយអនុវត្តច្បាប់ពុំមានការយោគយល់ឬលើកលែងចំពោះបុគ្គលណាម្នាក់»។
អង្គការគំនិតផ្តួចផ្តើមសកលប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន (Global Initiative Against Transnational Organized Crime) បានចេញរបាយការណ៍នៅខែមីនា ឆ្នាំ២០២១ ស្តីពីវិនាសកម្មព្រៃឈើនៅកម្ពុជាក្នុងរយៈពេល១០ឆ្នាំចុងក្រោយដែលមានអត្រាខ្ពស់បំផុត ដោយបង្ហាញថា ព្រៃឈើក្នុងតំបន់ការពារជាង៥សែនហិកតា ស្មើនឹងជិត១២ភាគរយនៃគម្របព្រៃឈើសរុបលើផ្ទៃប្រទេស ត្រូវបានបាត់បង់។
ទោះបីជាយ៉ាងនេះក្តី កាលពីថ្ងៃទី១ ខែមិថុនា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានប្រាប់ វីអូឌី ថាក្រសួងបាននិងបន្តពង្រឹងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ ដោយបន្តពង្រឹងការអនុវត្តច្បាប់និងបង្កើនជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ទាំងក្នុងនិងក្រៅតំបន់ការពារធម្មជាតិផងដែរ។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍ នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ពិសេសព្រៃឈើ ជារឿងពិបាក ត្បិតអ្នកនៅពីក្រោយជនល្មើសភាគច្រើនជាមន្ត្រីធំៗ ឧកញ៉ា ក្រុមហ៊ុនឯកជន ដែលមានការគប់គិតគ្នាជាប្រព័ន្ធ។
លើសពីនេះ លោកថា វប្បធម៌និទណ្ឌភាពឬភាពគ្មានទោសពៃរ៍ចំពោះក្រុមឧក្រិដ្ឋជនទាំងនោះ និងការហាមឃាត់ក្រុមសកម្មជនព្រៃឈើ ប្រជាសហគមន៍ មិនឱ្យចូលល្បាតព្រៃដូចពេលមុន ក៏ជាការលើកទឹកចិត្តឱ្យមានបទល្មើសព្រៃឈើកើតឡើងផងដែរ។
យ៉ាងនេះក្តី លោក ប៉ែន ប៊ុណ្ណារ៍ យល់ឃើញថា ក្រៅពីលុបបំបាត់អំពើពុករលួយនិងបញ្ចប់វប្បធម៌និទណ្ឌភាព ការដាក់ពាក្យបណ្តឹងបរិហារចំពោះមន្ត្រីរាជការ អាជ្ញាធរ ឬមន្ត្រីជំនាញ ចំពោះការបណ្តែតបណ្តោយឱ្យមានបទល្មើសព្រៃឈើកើតឡើងនៅក្នុងដែនគ្រប់គ្រងរបស់ខ្លួន ក៏ជាយុទ្ធសាស្ត្រមួយដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពផងដែរ។
លោកមានប្រសាសន៍ថា៖ «យើងទាំងអស់គ្នាបានធ្វើច្រើនមកហើយ ទាំងសកម្មជនទាំងអីហ្នឹង! ខ្ញុំគិតថា ជាចំណុចចុងក្រោយនៃការវិវត្ត ការកែទម្រង់របស់រដ្ឋាភិបាល ដែលផ្តោតទៅលើប្រព័ន្ធយុត្តិធម៌ហ្នឹង បើយើងប្រមូលផ្តុំគ្នាគ្រប់ទីកន្លែងដែលមានព្រៃឈើហ្នឹង ដាក់បណ្តឹងឱ្យបានរាប់ពាន់ទៅ។ ខ្ញុំគិតថា វាមាន[ប្រសិទ្ធភាព] ប្តឹងជនល្មើសផង ប្តឹងមន្ត្រីដែលបណ្តែតបណ្តោយផង គ្រប់ទីកន្លែង គ្រប់ភូមិ គ្រប់ខេត្តទៅ ហើយរុញទៅស្ថាប័នអយ្យការដែលជាទម្ងន់មួយ។ អានេះជាផ្លូវការ ដែលសហគមន៍អ្នកការពារព្រៃឈើបានឃើញ»។
ច្បាប់ព្រៃឈើឆ្នាំ២០០២ មាត្រា១០០ ចែងថា សកម្មភាពទាំងឡាយណាដែលប្រព្រឹត្តឡើងដោយមន្ត្រីអាជ្ញាធរដែនដី មន្ត្រីនគរបាល ឬកងកម្លាំងយោធា ព្រមទាំងមន្ត្រីរាជការផ្សេងទៀត ដើម្បីអន្តរាគមន៍ផ្តល់ការអនុញ្ញាតដោយផ្ទាល់ឬប្រយោលជួយដល់អាជីវកម្មព្រៃឈើដោយខុសច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យប្រាក់ពី១០លានរៀល ដល់១០០លានរៀល។
ដោយឡែក មាត្រា១០១វិញ ចែងថា សកម្មភាពដែលប្រព្រឹត្តដោយមន្ត្រីរដ្ឋបាលព្រៃឈើ ដូចជាផ្តល់ការអនុញ្ញាតដល់អាជីវកម្មឈើខុសច្បាប់ ការចូលរួមដោយផ្នែកឬទាំងស្រុងក្នុងអាជីវកម្មព្រៃឈើខុសច្បាប់។ ការអនុគ្រោះចំពោះបទល្មើសណាមួយ ការមិនព្រមរាយការណ៍ ឬដាក់ពាក្យបណ្តឹងចំពោះបទល្មើសព្រៃឈើ ក្នុងរង្វង់ដែនសមត្ថកិច្ចរបស់ខ្លួនឱ្យទាន់ពេលវេលា ព្រមទាំងការធ្វេសប្រហែសក្នុងការបំពេញភារកិច្ច ឬផ្តល់ព័ត៌មាននូវរបាយការណ៍ក្លែងបន្លំជាដើមនោះ ត្រូវបានចាត់ទុកថាជាបទល្មើស។
ចំពោះបទល្មើសទាំងនេះត្រូវដាក់ទោសទណ្ឌចំពោះមន្ត្រីរដ្ឋបាលព្រៃឈើជាប់គុកពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យប្រាក់ពី១០លានរៀល ទៅ១០០លានរៀល។
លោកបណ្ឌិត មាស នី នៅតែសង្ឃឹមថា លទ្ធភាពនៃការទប់ស្កាត់ឬថែរក្សាធនធានព្រៃឈើឱ្យនៅគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយ នៅតែអាចកើតមានឡើង ប្រសិនបើរដ្ឋាភិបាលមានការប្តេជ្ញាចិត្តនិងឆន្ទៈពិតប្រាកដ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំនៅតែមានជំនឿថា ប្រសិនបើមានការប្តេជ្ញាចិត្តពីរដ្ឋាភិបាល និងបង្កើតយន្តការមួយដែលវាមិនទាក់ទិននឹងអំពើពុករលួយ ទាំងឯកជន ទាំងពុករលួយជាប្រព័ន្ធ ខ្ញុំនៅតែគិតថា ធ្វើបាន! យើងឃើញហើយថា នៅក្នុងច្បាប់របស់ប្រទេសយើងសព្វថ្ងៃ បើត្រង់ណាដែលរដ្ឋាភិបាលគេគិតថាចង់ធ្វើ គេធ្វើទាល់តែបាន ប៉ុន្តែបើកន្លែងណាដែលគេមិនធ្វើ ទោះបីជាយើងស្រែកយ៉ាងណាក៏ដោយ ស្រែករាប់ឆ្នាំ ក៏ស្ថានភាពហ្នឹងនៅតែកើតមានដដែល ហើយមិនត្រឹមតែប៉ុណ្ណឹង ជួនកាលអាចជាប់មាត្រាទី៤ទៀត។ អ្នកស្រែកហ្នឹង ក្លាយជាអ្នកទោសវិញ។ យើងឃើញហើយការឃុំខ្លួនយុវជនការពារធនធានធម្មជាតិ មិនទាន់បានរួច [ដោះលែង] ហ្នឹងក៏ជាផ្នែកមួយដែលគេហៅថា ជាការបង្ហាញនូវអត្តចរិតនយោបាយរបស់រដ្ឋាភិបាលក្នុងការការពារព្រៃឈើដែរ។ អ៊ីចឹងខ្ញុំនៅតែជឿថា លទ្ធភាពរបស់រដ្ឋាភិបាលអាចធ្វើបាន [ការពារព្រៃឈើបាន] ប៉ុន្តែយើងចង់ឃើញការប្តេជ្ញាចិត្តខ្ពស់ និងការមានយន្តការមួយច្បាស់លាស់ដែលមិនពុករលួយ»៕
អត្ថបទទាក់ទង
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថា ការស្នើឱ្យដោះលែងអ្នកទោសមនសិការពីសំណាក់អង្គការសង្គមស៊ីវិលមានចរិតនយោបាយ
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលើកឡើងថា ការចេញសេចក្តីថ្លែងការណ៍រួមរបស់អង្គការទាំង២០ ដែលអំពាវនាវដល់រដ្ឋាភិបាលឱ្យដោះលែងអ្នកទោសមនសិការទាំងអស់ គឺជាការទាមទារដែលមានចរិតនយោបាយ និងមិនសមស្របខុសនឹងនីតិវិធីច្បាប់នៃរដ្ឋធម្មនុញ្ញកម្ពុជា។