សហរដ្ឋអាមេរិក គ្រោងប្រគល់មកវិញនូវវត្ថុបុរាណចំនួន២៧រូបដែលមានតម្លៃជិត៤ (៣,៨ )លានដុល្លារ មកឱ្យប្រជាជនកម្ពុជាវិញ នៅថ្ងៃទី១០ ខែមិថុនា ដោយថា ការផ្តល់វត្ថុបុរាណទាំងនេះមកប្រទេសដើមវិញ ជាកិច្ចសហការមួយរវាងប្រទេសទាំងពីរមិនឱ្យមានការលួចប្លន់និងការជួញដូរវត្ថុបុរាណខ្មែរបន្តទៀត។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានស្រង់ប្រសាសន៍របស់លោក Cy Vance រដ្ឋអាជ្ញានៅសង្កាត់ Manhattan ក្នុងទីក្រុង New York មកផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះថា ការបញ្ជូនត្រឡប់មកមាតុភូមិវិញនូវវត្ថុបុរាណទាំងនោះ ជូនប្រជាជនកម្ពុជា ដើម្បីស្តារឡើងវិញនូវចំណងទាក់ទងគ្នាដ៏សំខាន់មួយ រវាងសម័យកាលបុរាណនៃសម័យអង្គររបស់កម្ពុជា និងប្រពៃណីនាសម័យទំនើប ព្រមទាំងជំនឿរបស់ខ្លួន អស់រយៈពេលជាយូរមកហើយ ដែលត្រូវបានកាត់ផ្តាច់ដោយការលោភលន់របស់ឈ្មួញជួញដូរវត្ថុបុរាណដែលត្រូវបានគេលួច។
ទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកសរសេរថា៖ «ពិធីនាថ្ងៃនេះ គឺជាការរម្លឹកមួយយ៉ាងច្បាស់ថា អ្នកដែលលួចប្លន់និងលក់វត្ថុដែលមានតម្លៃផ្នែកវប្បធម៌ កំពុងតែប្រព្រឹត្តបទល្មើស មិនមែនគ្រាន់តែប្រឆាំងនឹងបេតិកភណ្ឌនៃប្រទេសមួយតែប៉ុណ្ណោះទេ តែថែមទាំងប្រឆាំងនឹងបច្ចុប្បន្នភាពនិងអនាគតនៃប្រទេសនោះថែមទៀតផង»។
ប្រភពដដែលបន្តថា ពិធីនោះមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា លោកស្រីបណ្ឌិត ភឿង សកុណា និង ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក លោក ជុំ សុន្ទរី ព្រមទាំងភ្នាក់ងារស៊ើបអង្កេតពិសេស Erik Rosenblatt ដែលមកពីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក។
ក្នុងពិធីនោះ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា W. Patrick Murphy បានថ្លែងថា ពិធីនេះសបង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរនៅក្នុងការការពារកុំឱ្យមានការលួចប្លន់និងការជួញដូរនៃវត្ថុបុរាណខ្មែរ។
ជាមួយគ្នានេះ លោកថា សហរដ្ឋអាមេរិកមានមោទកភាពក្នុងការដើរតួនាទីមួយ ដើម្បីធានាឱ្យបេតិកភណ្ឌវប្បធម៌របស់ប្រជាជនកម្ពុជានៅគង់វង្ស។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា វត្ថុបុរាណដែលបានធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ រួមមាន រូបសំណាកព្រះពុទ្ធសាសនាសម័យអង្គរ និងហិណ្ឌូជាច្រើនទៀត ដូចជា រូបបដិមាធ្វើពីលង្ហិនដែលមាននាគប្រក់ពីលើ រូបសំណាកព្រះសិវៈ និងរូបចម្លាក់ថ្មភក់ព្រះពុទ្ធ ជាដើម៕