គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងប្រកាសបេក្ខភាពប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី ជំនួសលោក ស៊ិក ប៊ុនហុក នៅថ្ងៃទី១៥ ខែមិថុនា។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានប្រាប់ វីអូឌី នៅថ្ងៃសៅរ៍នេះថា នៅពេលបិទបញ្ចប់ការទទួលពាក្យកាលពីថ្ងៃសុក្រ រដ្ឋសភាបានទទួលពាក្យស្នើសុំពីបេក្ខជនតែពីរនាក់ប៉ុណ្ណោះ ដើម្បីប្រកួតប្រជែងយកតំណែងជាប្រធាន គ.ជ.ប ថ្មី។ លោក ឡេង ប៉េងឡុង នៅមិនទាន់អាចបង្ហើបឱ្យដឹងនៅឡើយទេ ថាតើបេក្ខជនទាំងពីរនាក់នោះគឺជានណា ប៉ុន្តែលោកបានបង្ហើបប្រាប់ត្រឹមថា ជាបេក្ខជនដែលមកពីមជ្ឈដ្ឋានសាធារណជនទូទៅ។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាសបើកចំហឱ្យសាធារណជនទូទៅដាក់ពាក្យឈរឈ្មោះជាបេក្ខជនជ្រើសរើសជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី ជំនួសលោក ស៊ិក ប៊ុនហុក ដែលបានប្រកាសលាឈប់ក្រោមហេតុផលបញ្ហាសុខភាព។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា កាលពីថ្ងៃទី៤ ខែមិថុនានោះ ឥស្សរជនដែលមានបំណងចង់ដាក់ពាក្យឈរឈ្មោះជាប្រធាន គ.ជ.ប ថ្មី ត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា ជាប្រជាពលរដ្ឋខ្មែរទូទៅដែលមានអាយុចាប់ពី៤៥ឆ្នាំឡើង មានសញ្ញាបត្រចាប់ពីឧត្ដមសិក្សា និងមានបទពិសោធន៍ការងារចាប់ពី១០ឆ្នាំឡើងទៅ។
បន្ទាប់ពីប្រកាសរើសរយៈពេល៥ថ្ងៃ គឺមានបេក្ខជន៤នាក់ដែលបានមកយកពាក្យទៅបំពេញ ប៉ុន្តែក្នុងនោះមានតែបេក្ខជនពីរនាក់ប៉ុណ្ណោះដែលបានយកមកដាក់នៅរដ្ឋសភាវិញ។
បើតាមលោក ឡេង ប៉េងឡុង ក្រោយពីទទួលបានពាក្យស្នើសុំពីបេក្ខជនទាំងពីរនាក់រួចហើយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងប្រជុំសម្រេចនៅថ្ងៃទី១៥ ខែមិថុនា សប្តាហ៍ក្រោយនេះ ថាតើបេក្ខជនរូបណាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីដាក់ជូនអង្គសភាបោះឆ្នោតសម្រេចឱ្យធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី ជំនួសលោក ស៊ិក ប៊ុនហុក។
ទោះជាយ៉ាងណាក្តី លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិ នៃអង្គការឃ្លាំមើលការបោះឆ្នោត (ខុមហ្រ្វែល) បានធ្លាប់ប្រាប់ វីអូឌី ថាបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីនេះ គឺមិនមានបេក្ខជនណាឆ្ងាយក្រៅពីឥស្សរជនមកពីគណបក្សកាន់អំណាចនោះឡើយ៕