ប្រមុខរដ្ឋាភិបាលអំពាវនាវឱ្យចូលរួមថែរក្សាការពារប្រាសាទបុរាណទាំងអស់នៅទូទាំងប្រទេសឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់។
ការអំពាវនាវនេះ ធ្វើឡើងចំថ្ងៃខួបលើកទី១៣ ដែលអង្គការយូណេស្កូ (UNESCO) បានដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បតិ្តបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ បានសរសេរសារនៅលើទំព័រហ្វេសប៊ុករបស់លោកថា ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។
លោកនាយករដ្ឋមន្ត្រី សរសេរថា៖ «សូមចូលរួមថែរក្សាការពារប្រាសាទបុរាណទាំងអស់នៅទូទាំងប្រទេសឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់»។
ប្រាសាទព្រះវិហារ មានទីតាំងនៅក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅលើខ្នងភ្នំដងរែក ជាប់ព្រំដែនថៃ។
ឯកសារស្ថាបត្យកម្មប្រាសាទបុរាណខ្មែររបស់បណ្ឌិតសាស្ត្រាចារ្យ មីសែល ត្រាណេ បោះពុម្ពឆ្នាំ២០០៨ បានឱ្យដឹងថា ប្រាសាទព្រះវិហារ ត្រូវបានផ្ដើមកសាងឡើងតាមព្រះរាជបញ្ជារបស់ព្រះមហាក្សត្រខ្មែរមួយព្រះអង្គព្រះនាម ព្រះបាទ យសោវរ្ម័នទី១ ដែលគ្រងរាជ្យចន្លោះពីឆ្នាំ៨៨៩ ដល់ឆ្នាំ៩០០ នៃគ្រិស្តសករាជ។ ព្រះអង្គក៏ជាស្ថាបនិកទីក្រុង យសោធបុរៈ ឬទីក្រុងអង្គរ នៅខេត្តសៀមរាបសព្វថ្ងៃផងដែរ។
ប្រភពដដែលបន្តថា ប្រាសាទព្រះវិហារ ត្រូវបានស្ថាបនាបង្ហើយតាមព្រះរាជបំណងរបស់ព្រះបាទ សូរ្យវរ្ម័នទី១ ដែលសោយរាជ្យពីឆ្នាំ១០០២ ដល់ឆ្នាំ១០៥០ នៃគ្រិស្តសករាជ។ រីឯព្រះបាទ សូរ្យវរ្ម័នទី២ ដែលបានសោយរាជ្យពីឆ្នាំ១១១៣ ដល់ក្រោយឆ្នាំ១១៤៥ នៃគ្រិស្តសករាជ និងជាព្រះមហាក្សត្រកសាងប្រាសាទអង្គរវត្តផងនោះ ព្រះអង្គក៏បានរួមចំណែកសាងសង់បន្ថែមលើទម្រចាស់នៃប្រាសាទព្រះវិហារ ក្នុងរជ្ជកាលរបស់ព្រះអង្គផងដែរ៕