គណៈកម្មការប្រឹក្សាការងារ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ បានសម្រេចដំឡើងប្រាក់ឈ្នួលកម្មករកាត់ដេរចំនួន១៣ដុល្លារបន្ថែមសម្រាប់ឆ្នាំ២០១៧ លើប្រាក់ឈ្នួលគោលចំនួន១៤០ដុល្លារ។
ការសម្រេចនេះធ្វើឡើងបន្ទាប់ពីក្រុមការងារត្រីភាគី មានតំណាងសហជីព តំណាងថៅកែរោងចក្រ និងតំណាងរដ្ឋាភិបាល បានកំណត់តួលេខ៣ប្រភេទកាលពីម្សិលមិញ ។
តួលេខសម្រាប់ការបោះឆ្នោតនៅថ្ងៃនេះ គឺ១៧១ដុល្លារ ស្នើដោយក្រុមសហជីព ១៤៨ដុល្លារ បានស្នើដោយរដ្ឋាភិបាលកម្ពុជា និង ១៤៧ដុល្លារទៀត ស្នើដោយភាគីនិយោជក។ ប៉ុន្តែក្រោយការបោះឆ្នោតគឺសំឡេងភាគច្រើនគាំទ្រចំនួន១៤៨ដុល្លារ ហើយតំណាងក្រសួងការងារបានប្រកាសថា លោក ហ៊ុន សែន បានអន្តរាគមន៍បន្ថែម ចំនួន៥ដុល្លារទៀត ធ្វើឲ្យប្រាក់ឈ្នួលគោល ត្រូវដំឡើងដល់១៥៣ដុល្លារ។
ប្រធានសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកមិនពេញចិត្តទៅនឹងការសម្រេចនេះនោះទេ ដោយលោកលើកឡើងថា ចំនួនប្រាក់ឈ្នួល១៥៣ដុល្លារនេះមិនអាចឲ្យកម្មករមានជីវភាពរស់នៅសមរម្យនោះឡើយ។
លោកថា៖ “តួរលេខ១៥៣ ជាតួលេខដែលទាបជាងនូវអ្វីដែលយើងកំណត់ ហើយចុងក្រោយយើងបានបន្ទាបមកតួលេខ១៧១ដុល្លាប៉ុន្តែនៅតែអត់បានទៀតអញ្ចឹងតួលេខនេះជាទូទៅយើងអត់ទាន់ពេញចិត្ត ទេព្រោះថាតួលេខប៉ុននេះមិនអាចឲ្យកម្មករយើងរស់នៅបានសមរម្យទេ ” ។
លោកបន្ថែមថា៖ “ក្នុងចំណោមសមាជិកគណៈកម្មការ២៤រូប គឺនៅក្នុងនោះគឺមានតែ២សម្លេងទេដែលបោះឆ្នោតគាំទ្រលើតួលេខ១៧១ ខ្ញុំអាចនិយាយជាសាធារណៈតែម្តងគឺខ្ញុំ ហើយនឹងឆេងឡាំងតែម្តង ព្រោះយើងបានគាំទ្រគ្នាពីដើមមក ប៉ុន្តែសហជីពផ្សេងទៀតអត់បានបោះគាំទ្រអាហ្នឹងទេ គឺបោះគាំទ្រតួលេខរបស់រដ្ឋាភិបាលគឺ១៤៨”។
ប្រាក់ឈ្នួលអប្បបរមា កម្មករ និយោជិតផ្នែកវាយនភ័ណកាត់ដេរ សំម្លៀកបំពាក់ និងផលិតស្បែកជើង បានកើនឡើងពី ១២៧ដុល្លារ ដល់១៤០ដុល្លារនៅឆ្នាំ២០១៦នេះ បន្ទាប់ពីមានបាតុកម្មកាលពីឆ្នាំ២០១៤៕
រាយការណ៍បន្ថែម ដោយ ហ៊ុន សេរីវឌ្ឍន៍