អភិបាលរងរាជធានីភ្នំពេញ អះអាងថា អាជ្ញាធរគ្រោងអនុញ្ញាតឱ្យក្រុមគ្រួសារឬសាច់ញាតិអាចយកសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩ទៅបញ្ចុះដោយខ្លួនឯងបាន ប៉ុន្តែមិនអនុញ្ញាតឱ្យយកសពនោះទៅបូជាឡើយ ដោយថា ការបូជានៅកន្លែងមិនត្រឹមត្រូវ អាចប្រឈមនឹងការចម្លងជំងឺនេះទៅអ្នកដទៃបន្ថែមទៀត។
អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា ក្រុមគ្រួសារអាចស្នើសុំយកសពសាច់ញាតិដែលស្លាប់ដោយសារជំងឺកូវីដ-១៩ទៅបញ្ចុះដោយខ្លួនឯងបាន ប៉ុន្តែត្រូវអនុវត្តនិងគោរពតាមវិធានការសុខាភិបាល ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ទៅកាន់អ្នកដទៃក្នុងពេលបញ្ចុះសព។
ចំពោះការយកសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩ទៅបូជាដោយខ្លួនឯងវិញនោះ លោកបញ្ជាក់ថា អាជ្ញាធរមិនអនុញ្ញាតឡើយ ព្រោះការបូជាសពអ្នកស្លាប់ដោយជំងឺផ្លូវដង្ហើមមួយនេះដោយមិនមានបច្ចេកទេសត្រឹមត្រូវនោះ ប្រឈមនឹងការចម្លងជំងឺទៅកាន់អ្នកដទៃ។
លោកថា៖ «គោលការណ៍បូជា គេមានកម្រិតអនាម័យរបស់គេ អ៊ីចឹងយើងមានកន្លែងបូជា! គាត់មិនអាចយកទៅបូជានៅផ្ទះទេ ព្រោះវាឆ្លង ព្រោះពេលយើងបូជាទៅ អាថង់យើងរុំសពវារហែក អ៊ីចឹងពេលរហែក វានឹងឆ្លង! អ៊ីចឹងការបូជា គេប្រយ័ត្នប្រយែង។ បើបញ្ចុះ យើងរុំសពហើយ គឺចប់ហើយ ចូលក្នុងក្ដារមឈូសហើយ។ មានន័យថា ពេលបូជា ថង់រុំនឹងរហែក តើអាចឆ្លងអត់? អ៊ីចឹងអត់បានទេ! អាហ្នឹងបូជា កន្លែងគេរៀបចំជូន។ ជាទូទៅ យើងមិនទាន់អនុញ្ញាតឱ្យក្រុមគ្រួសារចូលជិតបានទេ។ ប៉ុន្តែគាត់អាចមើលពីចម្ងាយបាន ឧទាហរណ៍ គេបូជានៅវត្តណា គាត់ទៅមើលបាន ដោយឈរពីចម្ងាយ»។
អភិបាលរងរាជធានីភ្នំពេញរូបនេះ បន្តថា អាជ្ញាធរនឹងប្រជុំក្នុងសប្ដាហ៍នេះ អំពីនីតិវិធីនៃការបញ្ចុះសពនិងការរក្សាអនាម័យបែបណា ដើម្បីកុំឱ្យជំងឺកូវីដ-១៩ ឆ្លងទៅក្រុមគ្រួសារសពនិងអ្នកដទៃទៀត។ លោកបញ្ជាក់ថា ការសម្រេចអនុញ្ញាតឱ្យគ្រួសារឬសាច់ញាតិអាចយកសពទៅបញ្ចុះដោយខ្លួនឯងបាន ធ្វើឡើងបន្ទាប់ពីមានការឯកភាពពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល លោក ហុក គឹមចេង សុំមិនធ្វើអត្ថាធិប្បាយលម្អិត ដោយថា ខាងអនុគណៈកម្មការបានរៀបចំនីតិវិធីនេះរួចហើយ។
លោកថា៖ «ដូចជានៅខាងក្រសួងធម្មការអីដែរ ដែលគាត់កាន់ខាងហ្នឹង! ពីរឿងនីតិវិធីនៅក្នុងការបញ្ចុះសពហ្នឹង! អ៊ីចឹងខ្ញុំមិននេះ[និយាយ]ទេ ដោយសារគេមានអនុគណៈកម្មការជំនាញរបស់គេក្នុងហ្នឹង។ ខាងអនុគណៈកម្មការគាត់បានជម្រាបហើយពីរឿងការណែនាំ ពាក់ព័ន្ធនឹងការគ្រប់គ្រងសាកសព។ ខ្ញុំទុកឱ្យខាងគាត់ជាអ្នកនេះ[ជម្រាប]ចុះ ពីព្រោះគេមានអនុគណៈកម្មការជំនាញរបស់គេ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បង្ហាញក្ដីបារម្ភចំពោះហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ នឹងអាចកើតមានឡើង បើសិនជាក្រុមគ្រួសារឬសាច់ញាតិសពអនុវត្តតាមវិធានការសុខាភិបាលមិនបានត្រឹមត្រូវនោះ។
លោកថា៖ «បើសិនជាអាជ្ញាធរធ្វើដូច្នោះ លុះត្រាតែជួយគាត់ធ្វើម៉េចពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាព ជួយហ្នឹងគឺជួយក្នុងការណែនាំគាត់ពីបញ្ហាសុវត្ថិភាព ឬជួយបំពាក់ឧបករណ៍មួយចំនួនដែលពាក់ព័ន្ធនឹងសុវត្ថិភាពរបស់ក្រុមគ្រួសារអ្នកដែលចាត់ចែងសពផ្ទាល់ នេះជារឿងមួយសំខាន់! អ៊ីចឹងរឿងទាំងអស់នេះហើយដែលជាការព្រួយបារម្ភ ដែលត្រូវការចូលរួមពីអាជ្ញាធរ ហើយបើធ្វើដូច្នេះ ទាល់តែឱ្យអាជ្ញាធរនៅសង្កាត់នោះមានជំនាញ មានសមត្ថភាព ដើម្បីជួយ អាហ្នឹងប្រហែលជាអាចដំណើរការទៅដោយមិនមានហានិភ័យខ្ពស់»។
អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ ឱ្យដឹងកាលពីម្សិលមិញថា មួយរយៈពេលចុងក្រោយនេះ អត្រាអ្នកស្លាប់ដោយជំងឺកូវីដ-១៩កើនឡើង ដែលធ្វើឱ្យដំណើរការបូជាសពមានភាពយឺតយ៉ាវ ក្នុងនោះ សពអ្នកជំងឺកូវីដ-១៩ ចំនួន៥០នាក់កំពុងដាក់ក្លាសេរង់ចាំការបូជា។
លោក កើត ឆែ បន្តថា ដីមួយកន្លែងនៅខេត្តកំពង់ស្ពឺ ដែលរដ្ឋាភិបាលផ្ដល់ឱ្យកាលពីខែមីនា ឆ្នាំ២០២១ សម្រាប់រៀបចំបូជាសពនោះ មានចម្ងាយឆ្ងាយពេក និងមិនទាន់មានហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់ងាយស្រួលនៅឡើយ។
កាលពីដើមខែកក្កដា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យក្រសួងបរិស្ថាន និងគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យយកឈើល្មើសច្បាប់ទាំងអស់ដែលបង្ក្រាបបានទៅធ្វើក្តារមឈូសទុកសម្រាប់ដាក់សាកសពអ្នកជំងឺកូវីដ-១៩។ លោកថែមទាំងបានបញ្ជាឱ្យអភិបាលខេត្ត-ក្រុង និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បញ្ចេញកញ្ចប់ថវិកា ដើម្បីទិញក្តារមឈូសបន្ថែមទៀតផងដែរ៕