ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ បង្ហាញឆន្ទៈបន្តការតស៊ូផ្នែកនយោបាយដោយសន្តិវិធីរហូត លុះត្រាតែមានការបើកចំហលំហប្រជាធិបតេយ្យសម្រាប់ពលរដ្ឋកម្ពុជាឡើងវិញ ក្រោមវត្តមានរបស់គណបក្សនេះនៅក្នុងការបោះឆ្នោតដែលសេរីនិងយុត្តិធម៌អាចជឿទុកចិត្តបាន។
ការបញ្ជាក់ជំហរនេះបានធ្វើឡើងនៅក្នុងខួប៩ឆ្នាំនៃការបង្កើតអតីតគណបក្សសង្រ្គោះជាតិ។ គណបក្សនេះបង្កើតឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ក្រោមការច្របាច់បញ្ចូលគ្នារវាងគណបក្សសមរង្ស៊ី ដឹកនាំដោយលោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដឹកនាំដោយលោក កឹម សុខា។
បើគិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ គឺគណបក្សដែលត្រូវបានរំលាយដោយសាលក្រមតុលាការកំពូលនៅឆ្នាំ២០១៧ មានអាយុកាល៩ឆ្នាំហើយ។
អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ប្រាប់ វីអូឌី នៅថ្ងៃទី១៦ ខែកក្កដា ថាថ្នាក់ដឹកនាំគណបក្ស នឹងនៅតែបន្តសកម្មភាពតស៊ូនយោបាយដោយសន្តិវិធី និងដោយអហិង្សាគ្រប់បែបយ៉ាងជាមួយសមាជិកនិងអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស ដើម្បីទាមទារបើកលំហប្រជាធិបតេយ្យសេរីពហុបក្សឡើងវិញ ក្រោមវត្តមាន«គណបក្សសង្គ្រោះជាតិ» ដែលជាគណបក្សប្រឆាំងតែមួយគត់របស់ប្រជាពលរដ្ឋកម្ពុជា។
លោកមានប្រសាសន៍ថា៖ «បើឆ្នាំនេះ យើងតស៊ូមិនបានជោគជ័យ យើងត្រូវបន្តតទៅទៀត បន្តតទៀតៗៗ! យើងមិនអាចឈរឱបដៃមើលទេ ហើយយើងត្រូវតែរិះរកវិធី ព្រោះធម្មតា អ្នកនយោបាយអត់ដែលមានផ្លូវទ័លទេ។ បើយើងធ្វើនយោបាយ យើងអស់ផ្លូវហើយ យើងធ្វើៗអី! ហ្នឹងយើង! ត្រូវតែរកវិធី ប៉ុន្តែគ្រាន់តែវិធីនៃការតស៊ូរបស់យើង គឺដោយសន្តិវិធី ដោយអហិង្សាតែប៉ុណ្ណឹង។
អតីតតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល នៃអតីតគណបក្សសង្រ្គោះជាតិ រូបនេះ បន្តថា រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងដើរផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដោយការបំបិទសិទ្ធិសេរីភាពអ្នកនយោបាយនិងសំឡេងប្រឆាំង ដែលនាំឱ្យប្រទេសលោកសេរីដាក់សម្ពាធមកលើរដ្ឋាភិបាលជាបន្តបន្ទាប់។
លោកបន្ថែមថា ទន្ទឹមគ្នានេះ រដ្ឋាភិបាលក៏កំពុងបរាជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចនិងសង្គមយ៉ាងធ្ងន់ធ្ងរ ដែលរុញច្រានស្ថានការនយោបាយមិនអាចបន្តដំណើរទៅមុខរួច។
លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា៖ «របបលោក ហ៊ុន សែន មិនអាចដើរទៅមុខរួចទេ! អ៊ីចឹងបើគាត់ចង់ដោះស្រាយបញ្ហាជាតិពិតប្រាកដហ្នឹង គឺគាត់ត្រូវតែផ្លាស់ប្តូរឥរិយាបថនយោបាយរបស់គាត់ គឺមិនត្រូវបិទទ្វារ! មិនត្រូវបិទទ្វារមិនឱ្យគណបក្សសង្គ្រោះជាតិដំណើរការ! គាត់មិនត្រូវបន្តបិទសេរីភាពលោក កឹម សុខា! គាត់មិនត្រូវបន្តការចោទប្រកាន់អ្នកតស៊ូដោយអហិង្សាដូចពួកខ្ញុំទេ គាត់ត្រូវតែគិតគូរដោះស្រាយបញ្ហាហ្នឹង ជាបញ្ហាជាតិធំណាស់»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា ការទាមទាររបស់ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ គឺមិនអាចទៅរួចនោះទេ ដោយសារគណបក្សមួយនេះត្រូវបានរំលាយក្រោមសាលក្រមតុលាការកំពូលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីថ្នាក់ដឹកនាំបានប្រព្រឹត្តល្មើសទៅនឹងច្បាប់។
លោកបន្ថែមថា មានមធ្យោបាយតែមួយគត់ដែលអាចវិលត្រឡប់មករកជីវភាពនយោបាយនិងឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតបាន គឺតាមរយៈការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញពីក្រសួងមហាផ្ទៃ ដូចឥស្សរជនអតីតគណបក្សប្រឆាំងមួយចំនួនបានស្នើឡើងជាហូរហែមក។
លោក សុខ ឥសាន ថ្លែងថា៖ «ការគាត់លើកឡើងថា ជីវភាពនយោបាយក្នុងសង្គមកម្ពុជាអត់ទៅរួចដោយសារអវត្តមានគាត់ អាហ្នឹងយើងមើលសព្វថ្ងៃហ្នឹង ការរំលាយចោលអតីតបក្សប្រឆាំងហ្នឹង គឺបាន៤[ទៅ]៥ឆ្នាំទៅហើយ! សួរថា តើគេស្លាប់ដោយសារអត់គាត់ ឬមួយក៏គេរស់ដោយសារអត់គាត់! អាហ្នឹងយើងឃើញជាក់ស្តែងហើយ! ទោះបីគាត់និយាយថាម៉េចក៏ដោយ ប្រវត្តិសាស្រ្តអត់បកក្រោយបែរបានទេ វាចប់ហើយរឿងគាត់នេះ»។
សាស្រ្តាចារ្យនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា បើមើលតាមចរន្តរបស់អតីតគណបក្សសង្រ្គោះជាតិនៅខាងក្រៅស្រុក កន្លងមក មានតែចរន្តពីអតីតកាលប៉ុណ្ណោះ គឺមុនការផ្ទុះកូវីដ-១៩ ប៉ុន្តែពេលបញ្ហាកូវីដ-១៩កើតឡើង សកម្មភាពបក្សប្រឆាំងមួយនេះហាក់ដូចជាស្ងប់ស្ងាត់ដែរ។ លោកថា កត្តានេះអាចថាដើម្បីកៀរគររកការគាំទ្រពីសហគមន៍អន្តរជាតិ ព្រោះលោកមើលឃើញថា អ្នកនៅក្នុងស្រុកហាក់ដូចបានរួមតូចនិងរឹតត្បិតមិនអាចធ្វើសកម្មភាពអ្វីបានទេ។ ដូច្នេះ ត្រូវពឹងចរន្តអ្នកក្រៅប្រទេស អាចធ្វើឱ្យអតីតគណបក្សសង្គ្រោះជាតិអាចរស់ឡើងវិញ។
លោកបន្តថា៖ «ជាទស្សនៈខ្ញុំ លុះត្រាតែមន្រ្តីបក្សមិនត្រូវបានអូសទាញចូលសុំសិទ្ធិ្ធធ្វើនយោបាយ ប៉ុន្តែយើងឃើញថ្មីៗនេះ មន្រ្តីអតីតសង្រ្គោះជាតិត្រូវបានសុំសិទ្ធិធ្វើនយោបាយច្រើនណាស់ ហើយកាន់តែច្រើនទៅៗ ប្រមាណ២៤រូបហើយ! ទាំងនេះក៏ជាចរន្តមួយដែលគណបក្សកាន់អំណាចគេមិនងាកក្រោយដែរ។ ហើយចរន្តមួយទៀត ទាល់តែសកម្មភាពនេះឯងត្រូវបានគាំពារឬគាំទ្រដោយមហាជនក្នុងប្រទេសនោះខ្លាំងដែរ ហើយនិងសហគមន៍អន្តរជាតិខ្លាំង ទើបអ្វីៗដូចមុនការរំលាយគណបក្សសង្រ្គោះជាតិ អាចវិលមករកប្រក្រតីភាពវិញបាន»។
នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចន្ទរឿន មើលឃើញថា ចាប់តាំងពីការរំលាយអតីតគណបក្សសង្គ្រោះជាតិដែលមានអ្នកគាំទ្រជិតពាក់កណ្តាលប្រទេសនៅចុងឆ្នាំ២០១៧មក បានធ្វើឱ្យសំឡេងពលរដ្ឋទាំងនោះមិនត្រូវបានយកចិត្តទុកដាក់ ស្របពេលជាមួយការធ្វើទុក្ខបុកម្នេញនិងការរើសអើងលើអតីតសកម្មជននិងអ្នកគាំទ្រអតីតគណបក្សកើតឡើងជាបន្តបន្ទាប់។
លោកថា ក្នុងប្រទេសប្រជាធិបតេយ្យ បើកាលណាផាត់ចោលការចូលរួមពីសំឡេងប្រឆាំង នឹងមិនមានតុល្យភាពអំណាចនោះទេ ហើយការថែរក្សាសន្តិភាពអាចនឹងមិនបានឋិតថេរដែរ។
លោកថា៖ «បើសិនជាយើងមិនបង្កបង្កើនវេទិកានយោបាយ បរិយាកាសនយោបាយ និងទីលាននយោបាយ ឱ្យមានការចូលរួមពីគ្រប់និន្នាការគណបក្សនយោបាយ ហើយរៀនរស់និងធ្វើការជាមួយគ្នាទេ សង្គមយើងនឹងមិនមានសេចក្តីសុខពេញលេញទេ។ ហើយការបែកបាក់គ្នានេះ ក៏ជាផលវិបាកមួយដែរ បើសិនជាកម្ពុជាយើងរងសម្ពាធពីខាងក្រៅ ឧទាហរណ៍ ទាក់ទងនឹងសម្ពាធពីភូមិសាស្រ្តនយោបាយដែលអាចឱ្យសង្គមជាតិយើងជួបនូវមហន្តរាយ»៕