អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានអះអាងថា លោក ស ខេង នឹងមិនមានជំនួបក្រៅផ្លូវការណាមួយជាមួយមន្ត្រីអតីតគណបក្សប្រឆាំងនៅក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសបារាំងឡើយ។
ការបដិសេធនេះបានធ្វើឡើងបន្ទាប់ពីសារព័ត៌មាន វីអូឌី បានចុះផ្សាយអត្ថបទមួយកាលពីថ្ងៃទី២៣ ខែសីហា ក្រោមចំណងជើងថា «មន្ត្រីអតីតបក្សប្រឆាំងថា ខ្លួនមានគម្រោងជួបពិគ្រោះយោបល់ក្រៅផ្លូវការជាមួយលោក ស ខេង នៅបារាំង»។ ប៉ុន្តែលោក ខៀវ សុភ័គ បានគូសបញ្ជាក់ថា ការធ្វើដំណើរទៅកាន់ប្រទេសបារាំងរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺដោយសារធុរៈផ្ទាល់ខ្លួន ហើយមិនមានកម្មវិធីផ្សេងក្រៅពីនេះឡើយ។
ខុទ្ទកាល័យរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី២២ ខែសីហា ថា លោក ស ខេង បានចាកចេញពីកម្ពុជាទៅកាន់សាធារណរដ្ឋបារាំង រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយសារមានធុរៈផ្ទាល់ខ្លួន។ បើតាមសេចក្តីប្រកាសព័ត៌មាននេះ ការចាកចេញរបស់លោក ស ខេង ទៅកាន់ប្រទេសបារាំង គឺដោយមានការយល់ព្រមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ៕