កម្មវិធីស្បៀងអាហារពិភពលោក (WFP) សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានចែកស្បៀងអាហារជូនដល់ក្រុមគ្រួសារងាយរងគ្រោះចំនួន៣០ ០០០គ្រួសារ ឬប្រហែល១៥០ ០០០នាក់ ស្ថិតនៅក្នុងខេត្តចំនួន៥ រួមមាន ខេត្តសៀមរាប ឧត្ដរមានជ័យ កំពង់ធំ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។
ជំនួយនេះផ្តល់ជូនដល់ក្រុមគ្រួសារដែលអាជ្ញាធរកំណត់ថា ជាគ្រួសារងាយរងគ្រោះ មានអត្តសញ្ញាណបណ្ណគ្រួសារក្រីក្រ (ID Poor) និងមានកូនចុះឈ្មោះចូលរៀននៅតាមសាលាដែលមានការគាំទ្រពីកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន របស់កម្មវិធីស្បៀងអាហារពិភពលោក និងក្រសួងអប់រំ ចាប់តាំងពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់កម្មវិធីស្បៀងអាហារពិភពលោក នេះគឺជាការចែកស្បៀងជុំទី៥ហើយដែលកើតឡើងស្របពេលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសម្ព័ន្ធភាពរដ្ឋ អនុវត្តកម្មវិធីស្បៀងអាហារតាមសាលារៀនដែលបើកដំណើរការ ជាផ្នែកមួយនៃកិច្ចប្រជុំកំពូលប្រព័ន្ធស្បៀងអាហារសកល នៅខែកញ្ញា ឆ្នាំ២០២១។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា សម្ព័ន្ធនេះមានការចូលរួមពីរដ្ឋាភិបាល អង្គការសហប្រជាជាតិ សង្គមស៊ីវិល គ្រឹះស្ថានអប់រំ អង្គការមនុស្សធម៌ និងវិស័យឯកជនទាំងអស់ ដែលទទួលស្គាល់ថា អាហារនៅតាមសាលាមានសារៈសំខាន់ណាស់ក្នុងការផ្លាស់ប្តូរប្រព័ន្ធអាហារ និងអាចជួយឱ្យប្រទេសនីមួយៗអាចងើបពីវិបត្តិសេដ្ឋកិច្ច-សង្គមដែលបណ្តាលមកពីជំងឺកូវីដ-១៩ និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៤០ដំបូងគេបង្អស់ដែលបានចុះឈ្មោះចូលរួមក្នុងសម្ព័ន្ធភាពជាប្រវត្តិសាស្ត្រមួយនេះ ដែលអាចជួយការពារកុមារងាយរងគ្រោះបំផុតពីភាពអត់ឃ្លាននិងកង្វះអាហារូបត្ថម្ភនានា។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា អាហារសុខភាពដែលមានជីវជាតិនៅតាមសាលា អាចជួយបង្កើនការផ្តោតអារម្មណ៍របស់សិស្ស និងធ្វើឱ្យលទ្ធផលសិក្សារបស់គាត់កាន់តែល្អប្រសើរឡើង។
លោករដ្ឋមន្ត្រីបន្តថា៖ «វាក៏ជួយសម្រាលបន្ទុកសេដ្ឋកិច្ចរបស់ក្រុមគ្រួសារសិស្សផងដែរ។ នេះហើយជាមូលហេតុដែលយើងចុះឈ្មោះចូលរួមជាមួយសម្ព័ន្ធភាពមួយនេះ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលយើង ក្នុងការធានាឱ្យបានថា គ្មានកុមារណាម្នាក់ត្រូវបានទុកចោលឡើយ»។
អស់រយៈពេល២០ឆ្នាំមកហើយដែលកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀនរបស់កម្មវិធីស្បៀងអាហារពិភពលោក បានផ្តល់អាហារបំប៉នសម្បូរជីវជាតិដល់កុមារនៅសាលាបឋមសិក្សានៅតំបន់ក្រីក្របំផុតមួយចំនួននៃប្រទេសកម្ពុជា។ មុនពេលមានជំងឺកូវីដ-១៩ កម្មវិធីនេះបានផ្ដល់នូវអាហារសុខភាពនិងមានជីវជាតិដល់កុមារចំនួន២២៣ ០០០នាក់នៅតាមសាលាគោលដៅចំនួន៩០៨ នៅក្នុងខេត្តចំនួន៥។
ប៉ុន្តែចាប់តាំងពីមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការផ្អាកដំណើរការសាលារៀនមក សិស្សានុសិស្សមិនបានទទួលទានអាហារពេលព្រឹកដែលមានជីវជាតិទៀតទេ។ បញ្ហានេះបានជះឥទ្ធិពល ជាពិសេសដល់កុមារមកពីគ្រួសារក្រីក្របំផុត ដែលភាគច្រើនរងការលំបាកដោយសារការបាត់បង់ចំណូលនិងការងារ។
តំណាងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជា លោកស្រី គ្លែរ កូណាន់ មានប្រសាសន៍ថា កម្មវិធីស្បៀងអាហារពិភពលោកដឹងច្បាស់ថា អាហារូបត្ថម្ភល្អមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍរបស់កុមារ។ នេះហើយជាមូលហេតុដែលក្រុមការងាររបស់លោកស្រី ខិតខំប្រឹងប្រែង ដើម្បីឱ្យប្រាកដថា កញ្ចប់អាហារទាំងនេះទៅដល់ដៃក្រុមគ្រួសារងាយរងគ្រោះ ដើម្បីធានាថា កុមារនឹងមានអាហារទទួលទានក្នុងអំឡុងពេលវិបត្តិកូវីដមួយនេះ។
លោកស្រីមានប្រសាសន៍ថា៖ «គ្រួសារជាច្រើនបានរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតនេះ។ ជំនួយស្បៀងនេះត្រូវបានរៀបចំឡើងដើម្បីរួមចំណែកបំពេញបន្ថែមដល់ជំនួយគាំពារសង្គមផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា»។
នេះគឺជាការចែកស្បៀងអាហារជុំទី៥ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់របស់ជំងឺកូវីដ-១៩ ទៅលើសេដ្ឋកិច្ចគ្រួសារងាយរងគ្រោះ។ ការចែកស្បៀងត្រូវបានធ្វើឡើងតាមរយៈបណ្តាញសាលារៀន ដោយមានការគាំទ្រពីមន្ទីរអប់រំ យុវជន និងកីឡា រដ្ឋបាលសាលារៀន អាជ្ញាធរភូមិឃុំ និងដៃគូអង្គការមិនមែនរដ្ឋាភិបាល។ របបស្បៀងអហារទាំងនេះ រួមមាន អង្ករ២៥គីឡូក្រាម ត្រីខកំប៉ុង និងប្រេងឆា។ ក្រៅពីនេះ កម្មវិធីស្បៀងអាហារពិភពលោក កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូដទៃទៀត ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀននិងអគារសិក្សា ដែលជាវិធានការត្រៀមសម្រាប់ការចូលរៀនវិញប្រកបដោយសុវត្ថិភាព៕