តុលាការនៅខេត្តភាគខាងត្បូងនៃប្រទេសចិន បានសម្រេច់កាត់ទោសឲ្យមន្ត្រីជាន់ខ្ពស់មួយរូបជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធករណីប្រព្រឹត្តអំពើពុករលួយក្នុងពេលកាន់តំណែង។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានចុះផ្សាយថា តុលាការនៅក្រុង Guangzhou បានកាត់ទោសឲ្យអតីតអភិបាលរងខេត្ត Hainan ឈ្មោះ Tan Li ឲ្យជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីរកឃើញថា ជាប់ពាក់ព័ន្ធរឿងអាស្រូវ ពុករលួយហើយត្រូវទូរទស្សន៍របស់រដ្ឋចិនផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។
របាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ បង្ហាញថា ចិនជាប្រទេសដែលជាប់ចំណាត់ថ្នាក់លេខ៨៣ ក្នុងចំណោមប្រទេសមានអំពើពុករលួយ១៦៧ប្រទេស គឺលេខ១ប្រទេសមានអំពើពុករលួយតិចបំផុត និង លេខ១៦៧ជាប្រទេសពុករលួយច្រើនបំផុត។
លោក ស៊ី ជីនពីង ប្រធានាធិបតីចិនដែលបានឡើងកាន់តំណែងតាំងពីឆ្នាំ២០១២មក មានការប្តេជ្ញាខ្ពស់ក្នុងការលុបបំបាត់អំពើពុករលួយ។ ក្នុងតំណែងរបស់លោកបានចាប់មន្ត្រីជាបន្តបន្ទាប់ដែលរងការចោទប្រកាន់ថា ជាប់ពាក់ព័ន្ធអំពើពុករលួយ៕