អគ្គនាយកដ្ឋានគយ គ្រោងស្នើសុំការអនុញ្ញាតពីថ្នាក់ដឹកនាំរដ្ឋាភិបាលដើម្បីដកចេញវិធានការសុខាភិបាល លើការនាំចូលសាច់បង្កកមកពីប្រទេសឥណ្ឌាចាប់ពីចុងខែតុលា ឆ្នាំ២០២១តទៅ ខណៈអ្នកជំនាញវេជ្ជសាស្ត្រស្នើឱ្យមានការត្រួតពិនិត្យឱ្យបានហ្មត់ចត់។
គម្រោងស្នើសុំនេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចពិភាក្សារវាងអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីពិនិត្យការអនុវត្តវិធានការពាក់ព័ន្ធនឹងការនាំចូលសាច់បង្កក និងមុខទំនិញបង្កកពីប្រទេសមានហានិភ័យខ្ពស់ និងពិភាក្សាលើការបន្ធូរបន្ថយវិធានការមួយចំនួន ដើម្បីឱ្យមានភាពសមស្របតាមស្ថានភាពជាក់ស្តែងនៃការរីករាលដាលជំងឺកូវី-១៩។
តាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បញ្ជាក់ថា ក្រុមការងារតាមដាននិងវាយតម្លៃពីស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ នៅប្រទេសសំខាន់ៗ ដែលនាំចេញមុខទំនិញសាច់បង្កកមកកម្ពុជាឱ្យដឹងថា អត្រានៃការឆ្លងនៅប្រទេសទាំងនោះ មានការធ្លាក់ចុះយ៉ាងច្រើន ដែលជាកត្តាកាត់បន្ថយហានិភ័យនៃវត្តមានវីរុសកូវីដ-១៩ លើសាច់បង្កកនាំចូលមកកម្ពុជា។ ករណីនេះ អគ្គនាយកដ្ឋានគយ គ្រោងស្នើសុំការអនុញ្ញាតពីរដ្ឋាភិបាល ដើម្បីសុំដកចេញ និងយកសំណាកសាច់បង្កក នាំចូលមកពីប្រទេសឥណ្ឌាទៅធ្វើតេស្តរកមេរោគកូវីដ-១៩នោះ ចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ តទៅ។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី មានប្រសាសន៍ថា តាមផ្នែកវេជ្ជសាស្ត្រ ការនាំចូលសាច់បង្កកពីបរទេសមិនថា មកពីប្រទេសឥណ្ឌា ឬប្រទេសណាក៏ដោយ ទាមទារឱ្យក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានដិតដល់ ដើម្បីទប់ស្កាត់កុំឱ្យមានជំងឺផ្សេងៗក្នុងសាច់បង្កកនោះ នាំឱ្យឆ្លងដល់ប្រជាពលរដ្ឋដែលទិញយកទៅបរិភោគជាដើម។
កាលពីថ្ងៃទី២៧ ខែកក្កដា ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសពីការរកឃើញវីរុសកូវីដ-១៩នៅក្នុងសាច់ក្របីបង្កកចំនួន៣កុងតឺន័រក្នុងចំណោម៥កុងតឺន័រ ដែលនាំចូលមកពីប្រទេសឥណ្ឌា។ ភ្លាមៗនោះ អាជ្ញាធរគយកម្ពុជាបានសម្រេចដុតកម្ទេចចោល ដើម្បីជៀសវាងការឆ្លងរាលដាលទៅអ្នកបរិភោគ។ ចាប់តាំងពីពេលនោះមក ការនាំចូលសាច់បង្កកពីប្រទេសឥណ្ឌានៅតែបន្ត ក៏ប៉ុន្តែត្រូវអនុវត្តន៍លក្ខខណ្ឌចាំបាច់ចំនួន២ គឺតម្រូវអោយមានលិខិតបញ្ជាក់ ឬវិញ្ញាប័ណ្ណប័ត្រចេញដោយអាជ្ញាធរប្រទេសឥណ្ឌាថា គ្មានវិជ្ជមានកូវីដ-១៩ និងតម្រូវឱ្យវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាយកទៅធ្វើតេស្តនៅពេលសាច់បង្កកទាំងនោះមកដល់កម្ពុជា។
លោក អ៊ូច វុទ្ធី ថ្លែងថា៖ «គួរណាតែមន្ត្រីយើងពួតដៃគ្នា យកសាច់ទាំងអស់ហ្នឹងចូលឡាបូមើលបន្ថែមទៀត ហើយកុំទុកចិត្ត។ ឈ្មួញរកស៊ីគេត្រូវការចំណេញ ចឹងអ្វីដែលគេនាំចូលគេគិតតាំងពីពេលវេលា លើកដាក់ ថ្លៃដឹក ទម្រាំមកដល់ស្រុកយើង ព្រោះសាច់ក្លាសេយូរ អាចហួសបរិច្ឆេទ ឬខូចគុណភាព អាចបង្កផលប៉ះពាល់សុខភាពពលរដ្ឋមិនថា បច្ចុប្បន្ន និងអាចពេលអនាគតរបស់ពលរដ្ឋ»។
លោក អ៊ូច វុទ្ធី ថ្លែងបន្តថា៖ «ក្លាសេទៅជាទឹកកកហ្នឹង មេរោគមិនអាចនៅបានទេ វាគេចផុតហើយ។ តែបើអស់ពីទឹកកក វាមកវិញហើយ ចំណុចហ្នឹងហើយជាហានិភ័យ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា អាជ្ញាធរគួរពិចារណាឡើងវិញ និងអាចពិនិត្យពីលក្ខខណ្ឌ ដើម្បីអនុវត្តយ៉ាងណាឱ្យការនាំចូលជាប្រភេទសាច់បង្កកមានសុវត្ថិភាពសម្រាប់ពលរដ្ឋ។
លោក យង់ គិមអេង បន្ថែមថា៖ «អាហ្នឹងជាបញ្ហាប្រឈមដែលខ្ញុំមានការព្រួយបារម្ភដែរ។ បើសិនជាយើងមិនបានពិនិត្យច្បាស់លាស់ទេ ហានិភ័យអាចនឹងកើតឡើង។ យើងអាចនឹងធ្វើឱ្យមានបញ្ហាដូចពីលើកមុនដែរ។ ចឹងខ្ញុំថា គួរតែមានការពិនិត្យឱ្យបានច្បាស់លាស់ជាការប្រសើរ»។
ក្នុងលិខិតដដែល អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបញ្ជាក់ថា ក្នុងចំណោមទំនិញសាច់បង្កកនាំចូល ចំនួន ១៥០ កុងតែន័រ ដែលជាមុខសញ្ញាធ្វើតេស្តរកវីរុសកូវីដ-១៩ មានតែ ៣ កុងតែន័រប៉ុណ្ណោះ ដែលបានរកឃើញ «វិជ្ជមាន» និងត្រូវបានដុតបំផ្លាញចោល កាលពីចុងខែកក្កដា ឆ្នាំ២០២១៕