មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងថា សកម្មភាពក្មេងប្រុសម្នាក់ដែលសម្តែងឱបស្ត្រីពេញវ័យស្លៀកពាក់ខើចលើខើចក្រោមបូករួមជាមួយពាក្យសម្តីបញ្ឆិតបញ្ឆៀងទំនាក់ទំនងផ្លូវភេទនោះថា ធ្វើឱ្យប៉ះពាល់ដល់តម្លៃសីលធម៌សង្គម ប៉ុន្តែថា មិនទាន់មានចំណាត់ការអ្វីនោះទេដោយរង់ចាំមើលប្រតិកម្មពីសាធារណជនសិន។
ចម្រៀងមួយបទ ដែលបានបង្ហោះលើទំព័រហ្វេសបុកមួយ ឈ្មោះថា «អាប្រុញ ម្ចាស់ដើម Ah Brunh» គឺច្រៀងដោយតារាចម្រៀងលោក ជុំ លីណូ និងកុមារាម្នាក់ ដោយមានអ្នកចូលទស្សនា ជិត៣លាននាក់ ត្រឹមរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយក៏មានការរិះគន់ពីអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនផងដែរ។
មតិរិះគន់ខ្លះថា បណ្តុះគំនិតផ្សព្វផ្សាយឱ្យមានការបៀតបៀនផ្លូវភេទដល់សាធារណជន ពិសេសដល់កុមារដែលស្ថិតនៅក្នុងវ័យសិក្សាផងនោះ។
អ្នកនាំពាក្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកឡុង ប៉ុណ្ណាសេរីវត្ថ បានញ្ជាក់ថា ចម្រៀងមួយបទនេះ គឺអ្នកផលិតមិនបានសុំការអនុញ្ញាតពីក្រសួងវប្បធម៌នោះទេ។ លោកថា រូបភាពដែលក្មេងបុ្រសឱបស្រ្តីពេញវ័យក្នុងបទចម្រៀងនេះបានបង្ហាញពីភាពអសីលធម៌ និងហាក់ផ្ទុយទៅនឹងច្បាប់កម្ពុជាដែលចែងពីការលុបបំបាត់ការជួញដូរផ្លូវភេទ ដោយហាមឃាត់មិនឱ្យមានរួបភាពវីឌីអូ អាសអាភាសក្នុងការទាក់ទាញដល់អ្នកទស្សនា។
លោកថ្លែងថា៖ «ជាខ្លឹមសាររួមអីសួរទៅខាងជំនាញហើយ ដូចជាមើលទៅវាអត់សមរម្យបន្តិច ។ ក្មេង វាមានស្រីស៊ិចស៊ីនៅអម អ៊ីចឹង»។
ទោះយ៉ាងណាលោកថា ប្រសិនបើមានការរិះគន់ខ្លាំងពីមហាជនចំពោះបទចម្រៀង ឬរូបភាពណាមួយដែលបានផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានានៅក្នុងសង្គមដែលនាំឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈនោះទើបស្ថាប័នពាក់ព័ន្ធមានវិធានការ។
លោកមានប្រសាសន៍ថា៖ «មានការរិះគន់អី វាមិនទាន់ឈានដល់បន្ទាត់ក្រហមមួយដែលធ្វើឱ្យប៉ះពាល់ដល់ស្ថេរភាពសង្គមដូចជាមិនសូវអីប៉ុន្មានទេ។ ប៉ុន្តែបើ វា[ការរិះគន់] ខ្លាំងទៅៗ ប៉ះពាល់ដល់ស្ថេរភាពសង្គម មានប្រកាសរួមក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និងក្រសួងប្រៃសនីយ៍ថា បើសិនកាលណាបង្ហាញរូបភាពណាមួយ ជាវិឌីអូ ជារូបភាពផ្សេងៗប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីគេមានច្បាប់ ប៉ូលីសគេចុះហើយ»។
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ដែលមានគណនីឈ្មោះថា Ros Kong បានបង្ហាះសាររិះគន់ថា ការប្រើប្រាស់ក្មេងថតសកម្មភាពបែបនេះមិនគួរត្រូវបានអនុញ្ញាតនោះទេ។
គណនីហ្វេសបុកនេះបានសរសេរថា៖ «មិនគួរប្រើប្រាស់ក្មេងដើម្បីប្រយោជន៍សូម្បីតែចម្រៀងបែបអាសអាភាសក៏យកក្មេងមកសម្តែងដែរ។ ពួកគេមិនគិតពីផលប៉ះពាល់សង្គមខ្លះទេឬ? ឬអាងសុំទោសក្រោយពួកគេល្បី?»។
អ្នកជំនាញផ្នែកទស្សនវិទ្យា និងការអប់រំ លោកបណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍ថា រាល់ការបង្ហាញសា្នដៃសិល្បៈណាមួយត្រូវគិតពីគុណតម្លៃនៃសីលធម៌ និងការជះឥទ្ធិពលយ៉ាងដូចម្តេចខ្លះចំពោះទស្សនិកជន ពិសេសគឺកុមារដែលមិនទាន់គ្រប់អាយុ ដោយថាវាអាចនាំឱ្យប៉ះពាល់ដល់ការអប់រំ និងសុខភាពផ្លូវចិត្តរបស់ពួកគេដែលកំពុងស្ថិតនៅវ័យក្មេងនៅឡើយ។
លោកមិនគាំទ្រឱ្យមានការផលិតស្នាដៃសិល្បៈណាមួយដោយយកកុមារទៅសម្តែង ភ្ជាប់ជាមួយពាក្យអសុរោះ និងសកម្មភាពបែបសិ្នទ្ធស្នាលក្នុងន័យស្នេហាជារបៀបមនុស្សពេញវ័យនោះទេ។
លោកបន្ថែមថា៖ «បើសិនជាក្មេងមិនទាន់គ្រប់អាយុទេ គួរតែកុំឱ្យក្មេងហ្នឹងទៅធ្វើសកម្មភាព ជាកាយវិការ ឬជាពាក្យសម្តីបែបមនុស្សចាស់។ ទី១ ធ្វើឱ្យប៉ះពាល់សិទ្ធិរបស់កុមារ ទី២វាខុសពីសីលធម៌ ហើយទី៣ ការយកក្មេងមិនទាន់គ្រប់អាយុមកសម្តែង ទៅរាំទៅរែក ទៅនិយាយពាក្យពេជន៍ធ្វើសកម្មភាពបែបមនុស្សចាស់ចឹងទៅ វាអសីលធម៌វាមិនមែនជាគំរូល្អ ផ្តល់តម្លៃពិសេសសម្រាប់សិល្បៈទេ»។
លោក ប៉ា ចន្ទរឿន បានជំរុញឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បង្កើតយន្តការមួយដោយរៀបចំការបណ្តុះបណ្តាលសម្រាប់អ្នកសិល្បៈបន្ថែមទៀតដើម្បីឱ្យពួកគេបានយល់ដឹងអំពីក្រមសីលធម៌អ្នកសិល្បៈមុននឹងអនុញាតឱ្យពួកគេអាចបង្ហាញស្នាដៃសិល្បៈរបស់ខ្លូន។
លោក ប៉ា ចន្ទរឿន៖ «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គួរតែនាំគ្នាចងក្រង អញ្ជើញគ្រប់ភាគីពាក់ព័ន្ធ មកចងក្រងក្រមសីលធម៌សម្រាប់អាជីពសិល្បៈ ហើយបណ្តុះបណ្តាលពួកគាត់មានការយល់ដឹងដើម្បីកុំឱ្យឃើញទិដ្ឋភាពដដែលៗ ទាក់ទងទៅនឹងភាពអសីលធម៌ និងការរំលោភសិទ្ធិនៅក្នុងស្នាដៃ ឬក៏ការសម្តែងសិល្បៈនៅក្នុងសង្គមយើង»។
កាលពីពេលថ្មីៗនេះ ចម្រៀងមួយបទដែលមានចំណងជើងថា «Are You Ok?» ដែលផលិតដោយផលិតកម្ម Galaxy បានទទួលរងការរិះគន់យ៉ាងខ្លាំងពីមហាជន ក្រោយពេលបទចម្រៀងមួយនេះតម្រូវឱ្យតារាចម្រៀង យកកាំភ្លើងជ័រមកសម្តែង ភា្ជប់ជាមួយនឹងការស្លៀកពាក់បែបសិស្សសាលាកូរ៉េ រួមទាំងការបង្ហាញអក្សរបរទេសនៅលើក្តារខៀន។
បន្ទាប់ពីមានការរិះគន់ខ្លាំង ម្ចាស់ផលិតកម្ម គឺលោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាឱ្យអ្នកគ្រប់គ្រងផលិតកម្មលុបបទចម្រៀងនេះចេញពីទំព័រហ្វេសបុកផ្លូវការរបស់ផលិតកម្មវិញ។ ប៉ុន្មានថ្ងៃក្រោយមក បទចម្រៀងនេះ ក៏ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអនុញ្ញាតឱ្យមានការបង្ហាញជាសាធារណៈឡើងវិញ ក្រោយពេលមានការកាត់ចេញនូវសកម្មភាពកាន់កាំភ្លើង និងបានកែពាក្យពេជន៍មួយចំនួន៕