អ្នកស្រី សាត ផា ទាមទារឱ្យមានការផ្តល់យុត្តិធម៌ ដោយអះអាងថា នៅពេលចាប់និងឃុំខ្លួន អ្នកស្រីរងការធ្វើទារុណកម្ម និងប្រមាថមើលងាយដោយបង្ខំឱ្យស្រាតខោអាវ និងអង្គុយលត់ជង្គង់ ទាំងជើងរបស់អ្នកស្រីមានរបួសរងការឈឺចាប់។
អ្នកស្រី សាត ផា ជាសកម្មជនតែងតែចូលរួមតវ៉ាផ្សេងៗ ហើយទើបត្រូវបានដោះលែង កាលពីថ្ងៃទី២៨ ខែតុលា។ អ្នកស្រីអះអាងថា រូបគាត់ត្រូវបានបង្ខំឱ្យស្រាតខោអាវអស់ពីខ្លួន និងឱ្យអង្គុយលត់ជង្គង់២ដង កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្នុងនោះលើកទី១ នៅសាលាដំបូងរាជធានីភ្នំពេញ និងលើកទី២ នៅពន្ធនាគារព្រៃស។
ស្ត្រីជាសកម្មជនរូបនេះ អះអាងថា នេះជាការប្រមាថមើលងាយធ្វើឱ្យគាត់ឈឺចាប់ក្នុងជីវិតមិនអាចបំភ្លេចបាន។
អ្នកស្រី សាត ផា និយាយថា៖ «ខ្ញុំស្រែកយំ ឈឺចាប់មែនទែន ដោយសារម៉ែឪ ខ្ញុំស្លៀកពាក់ខោអាវ តាំងពីតូចមក មិនដែលឱ្យខ្ញុំស្រាតលត់ជង្គង់អយុត្តិធម៌ចឹងទេ»។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា មានប្រសាសន៍ថា គោលការណ៍ពន្ធនាគារមិនអនុវត្តន៍ដោយឱ្យមានការស្រាតខោអាវ ឬបៀតបៀនអ្វីនោះទេ គឺមានតែការឱ្យអ្នកដែលត្រូវជាប់ឃុំនោះផ្លាស់ប្តូរសម្លៀកបំពាក់ដោយខ្លួនឯងតែប៉ុណ្ណោះ។ លោកបន្តថា ខាងពន្ធនាគារក៏ចង់ស្រាវជ្រាវស្វែងរកការពិតលើករណីនេះដែរ។
លោកថ្លែងថា៖ «ខ្ញុំត្រូវការស្រាវជ្រាវរឿងនេះឱ្យច្បាស់សិន ហើយបើថា គាត់មានក្តីកង្វល់មានការរំលោភបំពាន មានការធ្វើអំពើបន្ទាបបន្ថោក អាណឹងគាត់អាចដាក់ពាក្យប្តឹង ដើម្បីឱ្យក្រសួងបញ្ជាទៅអគ្គនាយកដ្ឋានធ្វើការពិនិត្យរឿងណឹង។ តាមធម្មតាយើងអត់ដែលធ្វើចឹងដាក់អ្នកណាទេ អត់មានគោលការណ៍ឱ្យមនុស្សស្រាតនៅចំពោះមុខគ្នាចឹងទេ»។
លោក នុត សវនា បញ្ជាក់ទៀតថា បើសិនជាក្រោយពេលដែលមានការស្រាវជ្រាវហើយ រកឃើញថា អ្នកស្រី សាត ផា ប្រឌិតរឿងនេះឡើងនោះ គឺអ្នកស្រីត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
លោកបានគូសបញ្ជាក់ថា៖ «បើថា អត់ទេ គាត់ក៏ទទួលខុសត្រូវដែរ គាត់អ្នកប្រឌិតរឿងនេះឡើង។ ជួនកាលយើងឃើញជាក់ស្តែងហើយ សកម្មជនយើងគាត់ពូកែណាស់រឿងថ្លាថ្លែង ឱ្យគេអាណិតណឹង ចឹងខ្ញុំមិនជឿ គាត់១០០ភាគរយទេ»។
ជាការបញ្ជាក់បន្ថែមលើបញ្ហានេះ អ្នកស្រី សាត ផា បញ្ជាក់ថា អ្នកស្រីហ៊ានទទួលខុសត្រូវនូវអ្វីដែលគាត់អះអាងហើយថា គាត់នឹងទៅប្រាប់ទីតាំង និងឈ្មោះអ្នកពាក់ព័ន្ធដែលបានបំពានលើរូបគាត់។
អ្នកស្រីនិយាយថា៖ «ខ្ញុំហ៊ានប្រឈមខ្ញុំអត់ខ្លាចទេ ខ្ញុំទៅចង្អុលកន្លែងគេស្រាតខោអាវ ខ្ញុំអាចទៅចង្អុលកន្លែងបន្ទប់ទឹកទៀត អគារគេឱ្យខ្ញុំទៅដេកណឹង ខ្ញុំចាំទៀត ខ្ញុំអត់ភ្លេចទេ»។
អ្នកស្រីបញ្ជាក់ថា ពេលនៅតុលាការ មន្ត្រីនគរបាលជាស្ត្រី២នាក់ អាយុជាង២០ឆ្នាំ បង្ខំឱ្យគាត់ស្រាតខោអាវ និងលត់ជង្គង់ ហើយនៅពេលដល់មណ្ឌលអប់រំកែប្រែម១ មន្ត្រីពន្ធនាគារជាស្ត្រីម្នាក់ឈ្មោះ កា ក៏បានឱ្យអ្នកជាប់ឃុំ ៣នាក់ បង្ខំស្រាតសម្លៀកបំពាក់របស់គាត់ទៀត។
អ្នកស្រី សាត ផា បញ្ជាក់ថា ពេលដែលគាត់ជាជំងឺជើង រូបគាត់និងបន្តដាក់ពាក្យប្តឹងករណីនេះទៅស្ថាប័នពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ ដើម្បីរកយុត្តិធម៌សម្រាប់ខ្លួនឯង និងដើម្បីបង្ការកុំឱ្យមានអំពើបែបនេះកើតឡើងលើអ្នកផ្សេងទៀត។
មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា លើកឡើងថា បើសិនជាមានករណីកើតឡើងបែបនេះមែននោះ គឺជាការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោកជំរុញឱ្យមន្ត្រីពាក់ព័ន្ធយកចិត្តទុកដាក់ស៊ើបអង្កេតលើករណីនេះ។
លោកបានថ្លែងថា៖ «បើមិនមានការបើកគណៈកម្មការស្រាវជ្រាវក្នុងរឿងហ្នឹងទេ យើងព្រួយបារម្ភថា រឿងរបៀបនេះនឹងកើតមានឡើងបន្តទៀត ហើយនឹងមានជនរងគ្រោះផ្សេងៗទៀត ដូចអ្នកស្រី សាត ផា ចឹងដែរ។ ចឹងគម្បីមានវិធានការឱ្យបានច្បាស់លាស់»។
អ្នកស្រី សាត ផា វ័យ៤៩ឆ្នាំ ធ្លាប់ចេញមុខតវ៉ារឿងដីធ្លីជុំវិញការអភិវឌ្ឍន៍នៅក្នុងរាជធានីភ្នំពេញ និងចូលរួមក្នុងសកម្មភាពតវ៉ាផ្សេងៗដែលអ្នកស្រី អះអាងថា ដើម្បីទាមទារឱ្យមានការគោរពសិទ្ធិមនុស្ស និងអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ។ អ្នកស្រីត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ខណៈអ្នកស្រីចូលរួមតវ៉ាជាមួយក្រុមស្ត្រីផ្សេងទៀត នៅមុខស្ថានទូតចិនប្រចាំនៅកម្ពុជា ហើយត្រូវសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម ហើយត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១៕
អត្ថបទដោយ៖ ប៉ា តុងចិន