យ៉ាងហោចណាស់មានភ្ញៀវទេសចរជាង ៣៣ ម៉ឺននាក់ (៣៣២ ៨៧៥នាក់) បានចេញដើរលេងកម្សាន្តនៅថ្ងៃទីពីរនាឱកាសថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅថ្ងៃទីពីរនៃពិធីបុណ្យអុំទូក ទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបមានចំនួន ៣៣២ ៨៧៥ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៣២៨ ៤១២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៤ ៤៦៣ នាក់។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានឱ្យដឹងតាមរយៈរបាយការណ៍នេះថា ដូចការរំពឹងទុក ចរន្តភ្ញៀវទេសចរនាថ្ងៃឈប់សម្រាកទី២នេះ មានការកើនឡើងខ្លាំង ពោលគឺកើនឡើង ១៥២.១៥% បើធៀបនឹងថ្ងៃទី១ ខណៈរាជធានីភ្នំពេញជាគោលដៅទេសចរច្រើនជាងគេ។ ដូច្នេះសរុបរយៈពេលពីរថ្ងៃនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចេញដើរលេងកម្សាន្តនៅក្នុងឱកាសឈប់សម្រាកបុណ្យអុំទូកនេះ មានចំនួនសរុបជាង ៤៦ម៉ឺននាក់ (៤៦៤ ៨៨៨នាក់)។
លោក ថោង ខុន បន្តថា ការចល័តរបស់ភ្ញៀវទេសចរពីខេត្តមួយទៅខេត្តមួយនឹងនៅតែមានសន្ទុះខ្លាំងរហូតដល់ចុងសប្តាហ៍នេះ ស្របពេលដែលការកក់បន្ទប់សណ្ឋាគារនៅតាមគោលដៅសំខាន់ៗ ដូចជា ខេត្តព្រះសីហនុ កែប កំពត សៀមរាប មណ្ឌលគិរី និងរតនគិរី គឺនៅតែមានកម្រិតខ្ពស់ គឺស្ថិតនៅចន្លោះពី ៨០ ទៅ ៩០%។
លោកបានកត់សម្គាល់ថា សកម្មភាពពេលរាត្រីនៅតាមបណ្តាទីរួមខេត្ត រាជធានី និងទីប្រជុំជននានាមានភាពអ៊ូអរ បន្ទាប់ពីរដ្ឋាភិបាលបានអនុញ្ញាតឲ្យសកម្មភាពកម្សាន្ត បានបើកដំណើរការឡើងវិញ។ ដោយឡែកនៅថ្ងៃទីបីនេះ ក្រសួងនៅមិនទាន់បូកសរុបរបាយការណ៍នៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី២០ ខែវិច្ឆិកា នេះ៕