អុិន សុភិន ​​​​ប្រកាសអោយ​ ​ប៉ែន ចំរ៉ុង បញ្ចេញ​អាថ៌កំបាំង

លោក​អ៊ិន សុភិន ឆ្វេង និង​លោកប៉ែ​ន ចំរ៉ុង(រូបថត៖ វង្ស សុម៉ាលីន)

បន្ទាប់ពីលោកប៉ែន ចំរ៉ុង បានបង្ហោះឃ្លាថាខ្លួនមិនចេញមុខតបតមិនមែនបានន័យថាខ្លួនខុស និងគ្រាន់តែចង់ទុកមុខអោយលោកអុិន សុភិន និងកូនស្រី ហាក់រុញអោយលោកអុិន សុភិន ឡើងកំដៅយ៉ាងខ្លាំង។ ជាមួយគ្នានោះគូលោកអុិន សុភិន ក៏ប្រកាសអោយប៉ែន ចំរ៉ុង បញ្ចេញទិន្នន័យដែលជាការបកអាក្រាតចំពោះខ្លួនអោយបានឆាប់ ដោយលោកបញ្ជាក់ខ្លួនមិនខ្លាចប្រឈមមុខ។

លោកអុិន សុភិន និយាយថា លោកមិនមានរឿងខ្មៅពីក្រោយដែលត្រូវខ្លាចប៉ែន ចំរ៉ុង ប្រសិនបើប៉ែន ចំរ៉ុង ចង់លាតត្រដាងនោះទេ។ លោកថាស្វាគមន៍ចំពោះអ្វីដែលប៉ែន ចំរ៉ុង បញ្ជាក់ថាខ្លួនជាបុគ្គលិកស្អាតស្អំ បន្ទាប់ពីត្រូវលោក និងកូនស្រីបកអាក្រាត។

លោកថាបើប៉ែន ចំរ៉ុង មានអ្វីចង់បកអាក្រាតមកលោក ឬចង់វាយបកមកលោក គឺលោកមិនខ្លាចនោះទេ ហើយលោកក៏នឹងត្រៀមវិធានការតបតអោយដល់ទីបំផុតនោះផងដែរ។

ការលើកឡើងរបស់លោក អុិន សុភិន គឺបន្ទាប់ពីតារាសម្ដែងលោក ប៉ែន ចំរ៉ុង បានបង្ហោះសារមួយយ៉ាងមានន័យ ដែលអ្នកណាៗក៏កាតស្មាន ថាលោកអុិន  សុភិន មានចំណុចខ្សោយក្នុងដៃលោក ប៉ែន ចំរ៉ុង ប៉ុន្តែមកពីលោកមិនចង់វែងឆ្ងាយ និងចង់ទុកមុខអោយគ្រួសារនេះ ទើបលោកសុខចិត្តអត់ទ្រាំដោយមិននិយាយស្ដី ដើម្បីអោយមហាជនយល់ថាលោកខុសតែឯង។

លោកប៉ែន ចំរ៉ុង បានបង្ហោះសារថា«(ភិន សុដាលីស ឆ្អែតចិត្តនឹងសម្តី ប៉ែន ចំរ៉ុង កាលគ្រានៅតុលាការទើបមិនឲ្យជួបមុខកូនស្រី) រឿងនៅតុលាការ តុលាការបានសំរេចសាលក្រមរួចរាល់ហើយ ហើយពេលនោះនៅក្នុងតុលាការយ៉ាងណាមានតែតុលាការ ចៅក្រម មេធាវី និង សាមីខ្លួនទើបដឹងរឿងពិតយ៉ាងច្បាស់។ សូមមេត្តាបណ្តាសាព័ត៌មាន និង អ្នកអត់ដឹងរឿងច្បាស់ បញ្ឈប់សកម្មភាព ដែលធ្វើអោយសម្ព័ន្ធភាព និង ជីវភាពរស់នៅរបស់អ្នកដ៏ទៃមានបញ្ហាបានទេ រឺគ្រាន់តែជាជីព។ ខ្ញុំមិនបកស្រាយ គឺខ្ញុំមានហេតុផលរបស់ខ្ញុំ ហើយក៏គ្រាន់តែមិនចង់បន្តបញ្ហាជាមួយអ្នកណាទៀត ព្រោះអ្វីៗត្រូវបានបញ្ចប់ហើយ។ តែរឿងកូន និងឳពុក គឺរឿងមនោសញ្ចេតនាមួយផ្សេងទៀត សូម្បីតែច្បាប់ក៏មិនអាចកាត់ផ្តាច់បានដែរ។ សូមទោសទុកជាមុនបើការបញ្ចេញមតិរបស់ខ្ញុំប៉ះពាល់ដល់សតិអារម្មណ៍អ្នកណាម្នាក់(ថ្ងែស្អែកមានរឿងអីកើតឡើងគ្មានអ្នកណាដឹងទេ សូមរក្សាទឹកចិត្តល្អ ការគិតល្អ ស្វែងរកអនាគតល្អ ដើម្បីរស់ក្នុងពិភពលោកដ៏ស្រស់ស្រាយនេះបន្តទៀត)»។

នៅពីក្រោមសាររបស់ប៉ែន ចំរ៉ុង គេឃើញតារាសម្ដែងស្រីអ្នកនាង ឆយី បានសរសេរតបថា«អ្នកដឹងរឿងតឹងទ្រូងស្ទើរធ្លាយជំនួសសាមីខ្លួនទៀត… ចុះទំរាំចំរុង វាទ្រាំដល់កំរិតណា .. គេមិននិយាយបកស្រាយ មិនមែនបាននយ័ថាគេខុសទាំងស្រុងទេ…គឺគ្នារក្សាកិត្តយសនឹងទំនាក់ទំនងល្អដើម្បីកូន… តែអ្នកមិនដឹងរឿងគិតតែជេរ ដៀលថាវាមិនមានការទទួលខុសត្រូវ តែបើរឿងនឹងធ្លាក់មកខ្លួនអ្នកជេរគេវិញ ប្រហែលទៅសំលាប់ខ្លួនងាប់បាត់ផងមិនដឹង…»។

មិនខុសគ្នាដែរ តារាសម្ដែងអ្នកនាងចន ច័ន្ទលក្ខិណា ក៏បានសរសើរលើកទឹកចិត្តថា«ព័ត៌មានអាចសំលាប់មនុស្សបាន ហើយអ្នកជឿព័ត៌មានគឺជាអ្នកដែលបំផ្លាញទឹកចិត្តមនុស្ស និងអាចបំផ្លាញជីវិតគេដែរ ចូរពិចារណាកុំបំផ្លាញជីវិតគេទាំងពួកអ្នកមិនមែនជាអ្នកពាក់ព័ន្ធ ព្រោះយើងមិននៅក្នុងខ្លួនគេហើយក៏មិនខ្ចីខ្លួនគេប្រើដែរ មនុស្សមានជីវិតឯកជនរៀងខ្លួន សូមយល់ពីជីវិតឯកជនគេផង»។ ការលើកឡើងរបស់លោក ប៉ែន ចំរ៉ុង និងអ្នកជិតស្និទ្ធលោកទាំងនោះបានទាញអោយមានព័ត៌មានយ៉ាងកក្រើកថា ប៉ែន ចំរ៉ុង កំពុងឈានដល់ដំណាក់់កាលអស់ទ្រាំ ដែលមិនខុសពីលោកមានអាថ៌កំបាំងរបស់លោកអុិនសុភិន និងគ្រួសារក្នុងដៃ តែមិនព្រមទម្លាយដោយសុខចិត្តខូចឈ្មោះតែម្នាក់ឯង។

លោកអុិន សុភិន និយាយថាខ្លួនមានតែអាថ៌កំបាំងតូចមួយ គឺបានទៅអុកឡុកដល់ផ្ទះរបស់លោកប៉ែន ចំរ៉ុងក្នុងពេលតាមរកកូន ដោយក្នុងពេលនោះគឺ គ្រួសាររបស់លោកប៉ែន ចំរ៉ុង បានថតសម្មភាពអុកឡុក និងភាសាជេរប្រមាថរបស់លោកទុកធ្វើជាភស្ដុតាង។ ប៉ុន្តែលោកថាហេតុការណ៍នៅក្នុងថ្ងៃនោះ លោកប៉ែន រស់ បងប្រុសរបស់លោកប៉ែន ចំរ៉ុង ក៏បានប្រើអំហើហិង្សាមកលើខ្លួនវិញដែរ។ លោកអុិន សុភិន បានទទូចអោយប៉ែន ចំរ៉ុង បញ្ចេញភាពស្អាតស្អំរបស់ខ្លួនដែលចង់វាយបកមកលើខ្លួន ដោយលោកបញ្ជាក់ថាអត់មានខ្លាច និងស្វាគមន៍សម្រាប់ការប្រឈមមិនថាកិត្តិយស និងផ្លូវច្បាប់។

លោកនិយាយថា«ឃើញសារព័ត៌មានថាថ្ងៃហ្នឹងចំរ៉ុងគេមានរឿងច្រើនដើម្បីហែកហួរខ្ញុំ ចង់បញ្ជាក់ថា រឿងផស់ចំរ៉ុងខ្ញុំអត់ខ្លាចទេ សូមអញ្ជើញហែកតាមចិត្ត នេះជារឿងពិតមួយដែលខ្ញុំចង់និយាយ រឿងពិតបំផុតគឺដាលីសបាននិយាយអស់ហើយ»។ យ៉ាងណាក៏ដោយលោកមិនបានបញ្ជាក់នឹងជម្លោះជាថ្មីដែលបានកើតឡើងនេះ នឹងឈានដល់ដំណោះស្រាយផ្លូវច្បាប់ជាមួយគ្នានោះទេ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកប៉ែន រស់ដែលធ្លាប់តែលើកនិយាយជំនួសប្អូនប្រុសបែរជាខលលេងចូល ខណៈដែលលោកប៉ែន ចំរ៉ុង មិនព្រមលើកទូរស័ព្ទដើម្បីឆ្លើយតបលោកអុិន សុភិន នៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ