គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ខ្លួនមិនមានសិទ្ធិអំណាចក្នុងការចុះឈ្មោះបោះឆ្នោតឲ្យប្រជាពលករខ្មែរនៅតាមខេត្តជាប់ៗព្រំដែន តាមការស្នើសុំរបស់គណបក្សសង្គ្រោះជាតិនោះទេ ដោយថាមិនបំពេញតាមលក្ខខណ្ឌចុះឈ្មោះបោះឆ្នោត។
តាមលិខិតរបស់ប្រធាន គ.ជ.ប ចុះថ្ងៃទី២៤ ខែតុលា បានលើកឡើងថា គ.ជ.ប មិនមានសិទ្ធិអំណាចធ្វើអន្តរាគមន៍ឲ្យមានការចុះឈ្មោះបោះឆ្នោតណាមួយ ដែលមិនបានបំពេញលក្ខខណ្ឌនៃការចុះឈ្មោះបោះឆ្នោតតាមការកំណត់នៃច្បាប់និងនីតីវិធីចុះឈ្មោះបោះឆ្នោតនោះទេ។
លិខិតរបស់ប្រធាន គ.ជ.ប ឆ្លើយតបនឹងសំណើរបស់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៨ ខែតុលា ដែលស្នើឲ្យ គ.ជ.ប ជួយអន្តរាគមន៍ចុះឈ្មោះបោះឆ្នោតឲ្យពលរដ្ឋខ្មែរដែលទៅធ្វើការនៅក្នុងប្រទេសថៃ ដែលសុំចុះឈ្មោះនៅតាមបណ្តាខេត្តនៅជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីកុំឲ្យពលករខ្មែរចំណាយលុយនិងពេលច្រើនទៅដល់ស្រុកកំណើតរបស់ពួកគេដែលនៅខេត្តឆ្ងាយពីព្រំដែន។
កាលពីសប្តាហ៍មុន គណបក្សសង្គ្រោះជាតិបានលើកឡើងថា ពលករខ្មែរធ្វើការនៅថៃប្រមាណ៦០០នាក់ បានសុំចុះឈ្មោះនៅក្នុងខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៩និងថ្ងៃទី១៦ ខែតុលា ប៉ុន្តែអាជ្ញាធរឃុំមិនព្រមចុះឲ្យ ដោយសារពលរដ្ឋទាំងនោះមិនមានឯកសារបញ្ជាក់លំនៅឋាននៅក្នុងដែនដីនោះ៕