គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) សម្រេចលុបឈ្មោះបេក្ខជន១១រូប មកពីគណបក្សនយោបាយចំនួន២ ចេញពីបញ្ជីឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់នីតិកាលទី៥ ឆ្នាំ២០២២នេះ។
ស្ថាប័នជាតិរៀចំការបោះឆ្នោត បានចេញសេចក្តីសម្រេចនៅថ្ងៃទី១៨ ខែមីនានេះ ដោយបង្ហាញថា បេក្ខជនទាំង ១១រូប ដែលត្រូវបាន គ.ជ.ប លុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២២នេះ គឺមកពីគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ។
សេចក្តីសម្រេចដដែលនេះ បន្តថា សម្រាប់បេក្ខភាពមកពីគណបក្សភ្លើងទៀន មាន៧រូប ដែលត្រូវបានលុបចេញនោះ គឺមានម្នាក់នៅសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបេក្ខភាព ៦នាក់ទៀត មកពីឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។ ដោយឡែក បេក្ខភាព៤រូបផ្សេងទៀត នៅសង្កាត់វត្តភ្នំពេញ ខណ្ឌដូនពេញ មកពីគណបក្សឆន្ទៈខ្មែរ។
បើតាមសេចក្តីសម្រេចរបស់ គ.ជ.ប ដើមបណ្តឹងដែលប្តឹងសុំឱ្យស្ថាប័នជាតិរៀបចំការបោះឆ្នោតលុបឈ្មោះបេក្ខភាព ចេញពីបញ្ជីឈ្មោះបោះឆ្នោតនេះ ជាប្រជាពលរដ្ឋ រួមមាន ឈ្មោះ អ៊ុំ ចន្ទដារ៉ា សៀង វាសនា និងឈ្មោះ កែវ ប៊ុនធឿន។
វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីដើមបណ្តឹងទាំង៣រូបបានទេ នៅថ្ងៃសុក្រនេះ។
ប៉ុន្តែនៅក្នុងសេចក្តីសម្រេចរបស់ គ.ជ.ប ដែលធ្វើឡើងតាមរយៈសវនាការសង្ខេប កាលពីថ្ងៃទី ១៧ ខែមីនា បង្ហាញថា ភស្តុតាងដាក់បន្ទុករបស់ដើមបណ្តឹងទាំងនោះ មានភាពរឹងម៉ាំតាមផ្លូវច្បាប់ ហើយចម្លើយសារភាពរបស់បេក្ខភាពនីមួយៗ ក៏បានបញ្ជាក់ថា ខ្លួនពិតជាមិនចេះអាន និងសរសេរខ្មែរដែរ។ បន្ថែមពីលើនេះ បេក្ខភាពទាំងនោះ មិនបានបំពេញប្រវត្តិរូប និងការប្រកាសយល់ព្រមឈរឈ្មោះ ជាបេក្ខជនផ្ទាល់របស់ពួកគេដែរ។
ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា បង្ហាញការភ្ញាក់ផ្អើលនៅពេលទទួលបានដំណឹងពីការសម្រេចរបស់ គ.ជ.ប ប្រឆាំងបេក្ខភាពរបស់គណបក្សក្រៅរដ្ឋាភិបាលមួយនេះ ដោយសារកន្លងមក គណបក្សនេះបានជ្រើសរើសបេក្ខភាពដែលឈរឈ្មោះទាំងនោះដោយបានសិក្សាពីប្រវត្តិច្បាស់លាស់។
តែយ៉ាងណា លោកថា ខាងគណបក្សនឹងចុះអង្កេតរឿងនេះដោយម៉ត់ចត់។ បើតាមលោក គង់ មុនីកា រូបភាពនេះអាចជារឿងគំរាមកំហែង និងជាចេតនានយោបាយ ពីភាគីណាមួយប្រឆាំងគណបក្សក្រៅរដ្ឋាភិបាលច្រើនជាង។
លោកបន្តថា៖ «យើងនឹងចាត់ចែងក្រុមការងារគណបក្សឆន្ទៈខ្មែរ ដើម្បីទៅជាមួយនិងបេក្ខជនឡើងវិញ ហើយដើម្បីសួរនាំអំពីបញ្ហានេះ ព្រោះអីយើងព្រួយបារម្ភថាមានការពាក់ព័ន្ធទៅនឹងការបំភិតបំភ័យរបស់អាជ្ញាធរមូលដ្ឋានទៅបេក្ខជនរបស់យើងផងដែរ»។
ដោយឡែក មន្រ្តីនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ឱ្យដឹងថា គណបក្សចាស់វស្សាមួយនេះ មិនជំទាស់ទៅនឹងសេចក្តីសម្រេចដែលចេញដោយ គ.ជ.បទេ។ ប៉ុន្តែអ្វីដែលលោកហួសចិត្តនៅពេលនេះ គឺ៤អាណត្តិមកហើយ ដែលមានការបោះឆ្នោតឃុំសង្កាត់ មិនដែលមានបណ្តឹងប្រឆាំងបេក្ខភាពមេឃុំចៅសង្កាត់ច្រើនបែបនេះឡើយ។
លោកបន្តថា៖ «វាជារឿងចម្លែកមួយដែរ ព្រោះកន្លងមកវាអត់ដែលមានការប្តឹងផ្តល់ជាបេក្ខជនបិទបញ្ជីបែបហ្នឹងទេ ឥឡូវហ្នឹងមានការប្តឹងផ្តល់រហូតទៅដល់ច្រើនកន្លែង។ ម្ខាងទៀតមានតាំងពីមេធាវីមេអីទៀត វាដូចជាសម្បើមដៃដែរ»។
បើតាមលោក ថាច់ សេដ្ឋា ការបន្តុចបង្អាក់ និងរំខានពីសកម្មភាពរបស់គណបក្សភ្លើងទៀន ស្ទើរគ្រប់ឃុំសង្កាត់នេះ ជារូបភាពនៃការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញផ្នែកនយោបាយទៅលើគណបក្សភ្លើងទៀន។ ប្រភពដដែលបន្តថា សម្រាប់គណបក្សនេះ នឹងមិនរកបេក្ខភាពថ្មីមកជំនួសទៀតទេ ព្រោះមានបេក្ខជនបម្រុងនៅក្នុងបញ្ជីបោះឆ្នោតដែលឈរលេខរៀងបន្ទាប់រួចហើយ។
នាយកប្រតិបត្តិអង្គការនិចហ្វិច(Nicfec) លោក សំ គន្ធាមី សង្កេតឃើញថា រូបភាពនៃការយាយី និងហិង្សាផ្នែកនយោបាយ នៅក្នុងនីតិកាលទី៥នេះ ហាក់ដូចមានស្ថានភាពធ្ងន់ធ្ងរ បើធៀបនឹងដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិមុនៗ។
បើតាមអ្នកជំនាញកិច្ចការបោះឆ្នោតរូបនេះ ប្រសិនបើរកឃើញថា សវនាការដែលសម្រេចលុបឈ្មោះនេះ មានភាពមិនត្រឹមត្រូវ គណបក្សនយោបាយសាម៉ីគួរប្តឹងតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចនេះ ដោយផ្អែកទៅតាមនីវិធី និងបទបញ្ញត្តិដែលមានជាធរមាន។
លោកបន្តថា៖ «វាប៉ះពាល់ដល់សិទ្ធិនយោបាយ ព្រោះគេមានសិទ្ធិធ្វើនយោបាយដែលឈរជាបេក្ខជនសម្រាប់ឱ្យគេបោះឆ្នោត។ គណបក្សនយោបាយ គេមានសិទ្ធិរៀបចំបេក្ខភាពដើម្បីចូលរួមការបោះឆ្នោតខាងមុខនេះទៀត។ កាលពីបោះឆ្នោតលើកមុនៗ មិនមានហេតុការណ៍កើតឡើងដូចលើកនេះទេ»។
គណបក្សនយោបាយចំនួន ១៧គណបក្ស ដែលត្រូវបានដាក់បញ្ជីបេក្ខភាពរបស់ខ្លួន ចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២។ ដោយឡែក ពេលវេលានៃការចុះបញ្ជីរបស់គណបក្សនយោបាយវិញ ត្រូវបាន គ.ជ.ប កំណត់ប្រើរយៈពេល ៣ថ្ងៃ ដោយចាប់អនុវត្តពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា។
ចំពោះប្រតិទិនដែលបានកំណត់រួចហើយ អំពីថ្ងៃបោះឆ្នោតជ្រើសរើសមេឃុំចៅសង្កាត់ នឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនាខាងមុខនេះ៕