អតីតអ្នកបុរីកីឡា ដែលត្រូវបានបណ្តេញចេញទៅភ្នំបាត ខេត្តកណ្តាល អះអាងថានឹងវិលត្រលប់មកកាន់ អាគារបុរីកីឡាវិញ បើសិនជាពុំមានសំណងដល់ពួកគាត់ត្រឹមត្រូវនោះ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ វិច្ឆិកា នេះអតីតអ្នកបុរីកីឡា ប្រមាណជាង៣០នាក់ បានឡើងមកដាក់ញ្ញាត្តិបន្ថែមទៀតនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយទាមទារផ្ទះមួយខ្នង និងប្រាក់ប្រាំពាន់ដុល្លារ តែថាបើក្នុងករណីដែលបន្តឲ្យពួកគេនៅភ្នំបាតដដែលពួកគេសុំសំណងចំនួនមួយម៉ឺនដុល្លារ។
តំណាងរបស់អ្នកអតីតបុរីកីឡាអ្នកស្រី គឹម សារ៉ាន់ បានឲ្យដឹងថា សហគមន៍ខ្លួនបានដាក់ញ្ញាតិទៅកាន់ស្ថាប័នរដ្ឋជាច្រើនកន្លែងមកហើយរួមមាន រដ្ឋសភាជាតិ ក្រសួងដែនដី ខុទ្ធការល័យនាយករដ្ឋមន្ត្រី និងសាលារាជធានីជាដើម តែរហូតមកដល់ពេលនេះគឺមិនទាន់មានការឆ្លើយតបនៅឡើយទេ។ អ្នកស្រីបន្ថែមថា ក្រោយពីបានដាក់ញ្ញាត្តិនៅក្រសួងសេដ្ឋកិច្ចនេះរួចហើយ បើនៅមិនទាន់មានការឆ្លើយតប និងដោះស្រាយជូនពួកគាត់ទេ ពួកគេទាំង១៤០គ្រួសារ នឹងត្រលប់វិលចូលទៅនៅអាគារបុរីកីឡារបស់ពួកគេដែលពួកគេធ្លាប់រស់នៅពីមុនវិញ។
អ្នកស្រីថា « បើសិនជាខ្ញុំមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុហើយ ចូលទៅក្រសួងដែនដីហើយ លោកគ្មានវិធានការខ្ញុំនិងវិលត្រលប់មករស់នៅអាគារចាស់អាគារC របស់ពួកខ្ញុំវិញ។ ប្រហែលជាមួយអាទិត្យទៀតខ្ញុំវិលមកវិញហើយដើម្បីទាមទារសំណងពីរដ្ឋាភិបាលទាល់តែបាន។ បើមិនមកទេរដ្ឋាភិបាលនៅតែប្រងើយកន្តើយដូចជាអាជ្ញាធរអីជាដើម អត់មានពន្លើនការដោះស្រាយឲ្យពួកខ្ញុំទេ »។
តំណាងអតីតអ្នកបុរីកីឡាម្នាក់ទៀតអ្នកស្រី ខៀវ ឡៃ បានឲ្យដឹងថាចាប់តាំងពីពួកគេត្រូវបានបណ្តេញចេញពីភ្នំពេញទៅនៅភ្នំបាត មកពួកគេបានបាត់បង់ការរកស៊ី កូនចៅមិនបានទៅរៀនបានជាប់លាប់ ព្រោះត្រូវទៅសុំទានជាមួយម្តាយឪពុក ដើម្បីជួយរកលុយ។ ការទៅនៅទីនោះគឺមិនមានដីគ្រប់គ្រាន់សម្រាប់ធ្វើស្រែចម្ការ និងអាចរកស៊ីបាន។
អ្នកស្រីខៀវ ឡៃ « ពួកខ្ញុំរស់នៅអត់បាន បាត់មុខរបររកស៊ី ហើយហេដ្ឋារចនាសម្ព័ន្ធក៏អត់មានសាលារៀនក៏អត់មាន អញ្ចឹងហើយពួកខ្ញុំកាន់តែវេទនាកាន់តែដុនដាបទៅៗអត់មានជីវភាពរកស៊ី ហើយស្បៀងក៏អត់ ហើយម្ហូបអាហារអីពួកខ្ញុំពិបាករកទៀត។ … ចឹងគាត់ទៅសុំទាននៅហ្នឹងហ្មង ហើយមួយចំនួនគាត់ចេញពីសាលារៀនគាត់អត់ទាន់ចូលផ្ទះគាត់ទៅសុំទានគេតែម្តងហើយពេលបានលុយបានបាយគាត់យកឲ្យឪពុកម្តាយគាត់ហូប រងទុក្ខលំបាកខ្លាំងណាស់។ នៅទីនោះឈឺអត់មានលុយមើលជំងឺ មានតែការរ៉ៃគ្នាទៅវិញទៅមកមាន បើអត់លុយមើលមានតែស្លាប់ជាបន្តបន្ទាប់ » ។
លោក ទឹង ទាន ដែលត្រូវបានគេបណ្តេញចេញទៅភ្នំបាតនេះ ថាក្រុមគ្រួសារលោកមានសមាជិក៧នាក់ដែលតាំងពីត្រូវបានគេបណ្តេញចេញមក ពួកគេមិនមានអ្វីរកស៊ីក្រៅពីរត់ឌុប និងសុំទានគេនោះទេ។
លោកថា « ពួកខ្ញុំទាំងអស់គ្នា ត្រង់រដ្ឋដេញអត់តូចចិត្តទេ។ ត្រង់ថាបើដេញយកដីទៅធ្វើមន្ទីរពេទ្យ ទៅធ្វើជាសំណងរដ្ឋអត់បញ្ហា ក៏ប៉ុន្តែដេញពួកខ្ញុំទៅលក់យកចំណេញនេះ តើពួកយើងគិតយ៉ាងមិញឥឡូវនេះ ហើយមកនេះអត់មានទំនាស់ជាមួយរដ្ឋាភិបាលទេ មកទាមទារឲ្យរដ្ឋាភិបាលជួយដោះស្រាយ។ ទាមទារសំណង ព្រោះដីដែលដេញពួកយើងនេះណា មួយម៉ែត្រការ៉េតែបីដុល្លារទេ ដីខ្ញុំយកទៅលក់បានមួយការ៉េ មួយពាន់(ដុល្លារ) ឲ្យខ្ញុំទៅនៅយ៉ាងមិច មានអីស៊ីធ្វើអីឥឡូវនេះ » ។
មន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ លោក ហ៊ុយ ម៉ុម ថានឹងយកញ្ញាត្តិនេះដាក់ទៅថ្នាក់លើរបស់ខ្លួនដោយមិនបានសន្យាអ្វីបន្ថែមលើសពីនេះនោះទេ។
ទាក់ទងនឹងការវិលត្រលប់មកនៅអាគារបុរីកីឡាវិញនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា ថាសាលារាជធានីមិនអាចអនុញ្ញាត្តិឲ្យពួកគាត់ត្រលប់មកវិញនោះទេ ព្រោះពួកគេបានទទួលយកគោលការណ៍ទៅនៅទីនោះរួចហើយ។ ចំពោះការរៀបចំស្តារហេដ្ឋារចនាសម្ព័ន្ធនៅភ្នំបាតវិញលោកថា សាលារាជធានីនឹងឲ្យក្រុមការងារចុះពិនិត្យ និងរៀបចំជូន តែដោយសារតែមានភាពឆកល្វែងខ្លះទើបរហូតមកដល់ពេលនេះហើយគឺមិនទាន់បានរៀបចំឲ្យពួកគាត់នៅឡើយ។
លោកថា « យើងធ្លាប់បាននិយាយហើយ យើងនឹងឲ្យក្រុមការងាររបស់យើងចុះពិនិត្យមើលស្ថានភាពគាត់រស់នៅ ហើយនឹងហេដ្ឋារចនាសម្ព័ន្ធចំពោះគាត់ក្នុងរូបភាពជាសហគមន៍ក្រីក្រនៅតំបន់ហ្នឹងតែម្តង។ យើងនឹងចុះទៅតែដោយសារតែមានរឿងនេះនោះទៅ ធ្វើឲ្យមានភាពឆកល្វែងអញ្ចឹងទៅ(រហូតមកដល់ពេលនេះមិនទាន់ចុះពិនិត្យ) ។ … យើងអនុញ្ញាត្តិជូនតើ បើគាត់ទទួលយកគោលការណ៍ទៅនៅហ្នឹងហើយបែជាត្រលប់មកវិញ ដូចអ្នកថាចេះតែថាតែវាទៅមិនរួចទេ សង្គមណាក៏ដោយក៏គេមិនដែលធ្វើអញ្ចឹងដែរ » ។
កាលពីថ្ងៃទី៣ខែមករាឆ្នាំ២០១២ កម្លាំងសមត្ថកិច្ច ប្រដាប់ ដោយអាវុធ បានឈូសកម្ទេចផ្ទះ និងបាញ់ គ្រាប់បែកផ្សែង បណ្តេញពលរដ្ឋយ៉ាងតិច១៤០គ្រួសារ ក្នុងចំណោមពលរដ្ឋ៣៨៤គ្រួសារ ឲ្យទៅរស់នៅតំបន់ភូមិបាត ស្ថិតក្នុងភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮខេត្តកណ្តាល ដើម្បីយកទីតាំងនៅបុរីកីឡាប្រគល់ឲ្យក្រុមហ៊ុន ផាន អ៊ីមិច៕