គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលដឹកនាំការចងសម្ពន្ធភាពជាមួយគណបក្សនយោបាយដែលនៅក្រៅរដ្ឋាភិបាលចំនួន៤ផ្សេងទៀត កំពុងរៀបចំផែនការ ដើម្បីជំរុញឱ្យល្បឿននៃសម្ពន្ធភាពអ្នកប្រជាធិបតេយ្យនេះចេញឱ្យបានឆាប់ នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧មកដល់ ខណៈគណបក្សគ្រប់គ្រងអំណាចក៏កំពុងតែរិះរកមធ្យោបាយ ដើម្បីទប់ទល់នឹងការស្រកស្រុត និងឧបសគ្គក្នុងការជ្រើសរើសនាយករដ្ឋមន្រ្តី សម្រាប់បង្កើតរដ្ឋាភិបាល តាមរយៈយន្តការរដ្ឋសភា។
ថ្លែងក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃអង្គារម្សិលមិញនេះ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ បញ្ជាក់ជំហរថា មូលហេតុដែលគណបក្សនៅក្រៅរដ្ឋាភិបាលត្រូវការជាចាំបាច់ក្នុងការចងសម្ពន្ធភាពអ្នកប្រជាធិបតេយ្យនេះ ដោយមើលឃើញពីការដើរថយក្រោយនៃគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។
លោកបន្តថា យន្តការសភាក្នុងពេលសព្វថ្ងៃនេះ មិនមែនបម្រើឱ្យសំឡេងភាគច្រើនដូចមុនទៀតនោះឡើយ។ សមាជិកសភាដែលភាគច្រើនដាច់ខាត គឺជាតំណាងរាស្រ្តឯកបក្ស ហើយការអនុវត្តដូច្នេះ វាកំពុងដើរផ្ទុយពីអ្វីដែលមានបញ្ញត្តិនៅក្នុងច្បាប់កំពូលរបស់ជាតិថែមទៅទៀត។
មិនខុសគ្នាដែរ លោក យ៉ង់ សាំងកុមារ ដែលជាប្រធានគណៈកម្មាធិការនាយក នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានលើកឡើងនៅក្នុងសន្និសីទកាសែតនោះថា ការបែកបាក់សំឡេងអ្នកប្រជាធិបតេយ្យនេះ ឆ្លុះបញ្ចាំងរួចមកហើយពីការបរាជ័យក្នុងការបោះឆ្នោតជាបន្តបន្ទាប់ ហើយគណបក្សដែលចាំទទួលផលពីការបែកបាក់សាមគ្គីនៃកម្លាំងអ្នកប្រជាធិបតេយ្យនេះ គឺគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃ។
លោកបន្តថា៖ «ហេតុអីបានជាគណបក្សកាន់អំណាចសព្វថ្ងៃហ្នឹង គាត់បានសំឡេងខ្លាំងម៉្លេះនៅឆ្នាំ២០០៨? ចម្លើយសាមញ្ញទេ ព្រោះគណបក្សទាំងអស់បែកគ្នាជាបួនធំៗប្រកួតគ្នា។ ជំនាន់នោះ យើងមានគណបក្សសិទ្ធិមនុស្ស គណបក្សសមរង្ស៊ី គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សនរោត្ដម រណឫទ្ធិ។ អ៊ីចឹងប្រជាពលរដ្ឋខ្មែរយើងមើលឃើញថា ឱ្យតែគណបក្សដែលប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាកាន់តែខ្លាំង សំឡេងគណបក្សប្រជាជនកើនកាន់តែខ្លាំង។ យើងនិយាយភាសាសាមញ្ញថា ប្រជាពលរដ្ឋពិន័យ ពិន័យក្រុមដែលមិនចេះសហការគ្នា»។
ឯកសារគោលដែលចេញដោយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បង្ហាញថា បំណងនៃការចងសម្ពន្ធប្រជាធិបតេយ្យនយោបាយថ្មី ២០២៣ ឬហៅមួយបែបទៀតថា «សម្ពន្ធភាពឆ្នាំ២០២៣» នេះ អនុវត្តលើស្មារតីនៃសសរស្សម្ភចំនួន៤ ឬហៅថា «គ៤» ដូចជា គោលបំណង គុណតម្លៃ គោលការណ៍ និងគោលនយោបាយ។ បន្ថែមពីលើនេះ ការរួបរួមរវាងគណបក្សនយោបាយនេះដែរ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋានដាក់ចេញនូវជម្រើសចំនួន៣ ដើម្បីឱ្យបក្សនយោបាយផ្សេងទៀតសម្រេចចិត្ត ក្នុងនោះមានដូចជា ការបែងចែកមណ្ឌលគ្នាឈរឈ្មោះ ការរួមគ្នាក្រោមឈ្មោះគណបក្សនយោបាយណាមួយ និងជម្រើសទី៣ ការរួមគ្នាបង្កើតគណបក្សថ្មីមួយ។
បើតាមលោក យ៉ង់ សាំងកុមារ ជម្រើសទាំង៣នេះ គ្រប់ភាគីបក្សនយោបាយនឹងបន្តពិគ្រោះយោបល់គ្នាបន្ថែមទៀត នៅបន្ទាប់ពីគណបក្សប្រជាធិបតេយ្យមូលដ្ឋានដាក់សំណើទៅកាន់បក្សនយោបាយដែលបានឆ្លងកាត់ការពិភាក្សាគ្នាក្នុងពេលកន្លងទៅ។
ចំណែកលោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកនៃគណបក្សកែទម្រង់កម្ពុជា ឯកភាពថា ផែនការនេះ គណបក្សថ្មីថ្មោងមួយនេះមិនជំទាស់ទេ ទោះការរួបរួមនេះធ្វើឡើងក្នុងទម្រង់មួយណាក៏ដោយ។ លោកបន្តថា មានតែការធ្វើដូច្នេះទេ ទើបសំឡេងអ្នកប្រជាធិបតេយ្យមានប្រៀប ហើយនឹងឈានទៅកាត់បន្ថយអំណាចរបស់គណបក្សប្រជាជនកម្ពុជាបាន។
លោកបន្តថា៖ «ខ្ញុំមែនទែនទៅ គណបក្សកែទម្រង់កម្ពុជា យើងស្វាគមន៍គ្រប់ទម្រង់នៃការសហការនិងចងសម្ពន្ធភាព ឬក៏បង្កើតឱ្យទៅជាកម្លាំងតែមួយ។ យើងស្វាគមន៍ យើងអត់មានបដិសេធទេ ហើយយើងរង់ចាំការជជែកគ្នាហ្នឹង»។
ស្រដៀងគ្នានេះដែរ លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ស្វាគមន៍ចំពោះការផ្ដួចផ្ដើមគំនិតចងសម្ពន្ធភាពអ្នកប្រជាធិបតេយ្យនេះ។ លោកបន្តថា កន្លងទៅ គណបក្សក្រៅរដ្ឋាភិបាលដែលមានគោលជំហរប្រហាក់ប្រហែលគ្នា ក៏ធ្លាប់បានធ្វើកិច្ចការរួមគ្នាខ្លះមកហើយដែរ ប៉ុន្តែអ្វីដែលនៅតែជាបញ្ហាក្នុងពេលនេះ គឺត្រូវការពេលវេលាបន្ថែមទៀត ដើម្បីឈ្វេងយល់ឱ្យកាន់តែច្បាស់។
លោកបន្តថា៖ «យើងធ្លាប់មានបំណងប្រមូលកម្លាំងអ្នកប្រជាធិបតេយ្យដែរ។ ដូច្នេះហើយ គណបក្សឆន្ទៈខ្មែរយើងយល់ឃើញថា នេះជាជំហានល្អមួយសម្រាប់អ្នកប្រជាធិបតេយ្យដូចគ្នា ដែលចង់សហការនិងធ្វើការជាមួយគ្នា ដើម្បីកសាងកម្លាំងអ្នកប្រជាធិបតេយ្យហ្នឹង។ ប៉ុន្តែខ្ញុំគិតថា គណបក្សនីមួយៗត្រូវការពេលវេលាបន្ថែមរៀងៗខ្លួន ដើម្បីជជែកផ្ទៃក្នុងរបស់ខ្លួនផង ហើយក៏ជជែកជាពហុភាគី ដើម្បីឱ្យដឹងពីគោលបំណងពិត ហើយយើងក៏មានគោលការណ៍ណាមួយច្បាស់លាស់ ដើម្បីថាតើយើងអាចធ្វើការកម្រិតណាបាន»។
គិតមកដល់ពេលនេះ មានគណបក្សនយោបាយចំនួន៥ហើយបានរួមធ្វើកិច្ចការជាមួយគ្នា តាំងពីមុនដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២។ ទន្ទឹមនឹងនេះ គណបក្សនយោបាយទាំង៥នោះក៏បានបង្ហាញជំហររួមគ្នាជាថ្មីទៀត តាមរយៈការរៀបចំធ្វើសន្និសីទកាសែតរួមគ្នាមួយ ជាលើកដំបូង កាលពីថ្ងៃទី១១ ខែកក្កដា។ គណបក្សនយោបាយទាំងប្រាំដែលប្ដេជ្ញាចងសម្ពន្ធភាព ដែលមានឈ្មោះថា «សម្ពន្ធប្រជាធិបតេយ្យនយោបាយថ្មី ២០២៣» មានគណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សកម្ពុជានិយម។
ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់ប្រាប់ វីអូឌី ថ្មីៗនេះថា គណបក្សកាន់អំណាច មិនព្រួយបារម្ភចំពោះផែនការ នៃការសហការគ្នារបស់គណបក្សក្រៅរដ្ឋាភិបាលទាំងនោះម្តងណាទេ។ ផ្ទុយទៅវិញ នេះជាជម្រើសល្អមួយ ហើយឆ្លុះបញ្ចាំងឱ្យឃើញថា កម្ពុជាកំពុងតែអនុវត្តគោលការណ៍ប្រជាធិបតេយ្យ និងសេរីពហុបក្សដោយពេញលេញ។ ម្យ៉ាងទៀត សិទ្ធិធ្វើនយោបាយរបស់បក្សដទៃ ក្រៅពីបក្សកាន់អំណាច ក៏មានឱកាសដូចៗគ្នាដែរ។
គេសង្កេតឃើញថា ការកៀរគររកសំឡេងគាំទ្រ ដើម្បីឈានទៅចងសម្ពន្ធភាពអ្នកប្រជាធិបតេយ្យពីបក្សក្រៅរដ្ឋាភិបាលនេះ កើតឡើងស្របគ្នាទៅនឹងបំណងរបស់គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច កំពុងស្នើរដ្ឋសភាឱ្យធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ និងច្បាប់ធម្មនុញ្ញបន្ថែម លើមាត្រាចំនួន ៨។
បើគេពិនិត្យលើសេចក្ដីព្រាងនៃវិសោធនកម្មថ្មីនេះ គឺបានផ្ដល់ភ្លើងខៀវឱ្យគណបក្សដែលមានសំឡេងនាំមុខគេនៅក្នុងរដ្ឋសភា ស្នើថ្វាយទៅព្រះមហាក្សត្រ តែងតាំងជានាយករដ្ឋមន្រ្តី ដើម្បីបង្កើតក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលតែម្តង ដោយមិនចាំបាច់ផ្តល់សេចក្តីទុកចិត្តពីប្រធានរដ្ឋសភាដូចមុនទៀតនោះទេ។ តាមរយៈវិសោធនកម្មថ្មីដែលរដ្ឋសភានឹងប្រជុំពិភាក្សានៅថ្ងៃទី២៨ ខែកក្កដានេះ ត្រូវបានអ្នកវិភាគនយោបាយមើលឃើញថា វានឹងជួយឱ្យគណបក្សគ្រប់គ្រងអំណាចបច្ចុប្បន្នលែងមានឧបសគ្គតទៅទៀត ក្នុងការជ្រើសរើសនាយករដ្ឋមន្រ្តី ក្រោយការបោះឆ្នោត។
លោក គឹម សុខ អ្នកវិភាគសង្គម និងនយោបាយ មើលឃើញថា ការរួមកម្លាំងគ្នានៅពេលនេះរបស់បក្សក្រៅរដ្ឋាភិបាល ដើម្បីឈានទៅកាត់បន្ថយអំណាចនៅក្នុងសភារបស់បក្សប្រជាជនកម្ពុជា វាជាជម្រើសដ៏ល្អ។ ប៉ុន្តែលោកបញ្ជាក់ថា ការបង្ហាញពីផែនការនិងយុទ្ធសាស្រ្តអស់គ្មានសេសសល់បែបនេះ វាមិនខុសអីពីបង្ហាញចំណុចខ្សោយឱ្យគូប្រកួតដឹងមុននោះទេ។
លោក គឹម សុខ បន្តថា៖ «កំហុសមួយដែលខ្ញុំមិនអាចមិននិយាយបាននោះ គឺនៅត្រង់ថា កាលណាបំណងនៃការរួបរួមគ្នាមិនទាន់បានសម្រេចដល់គោលដៅទេ មិនគួរណានិយាយគ្រប់គន្លឹះជាសាធារណៈក្នុងសន្និសីទសារព័ត៌មានចំហបែបហ្នឹងទេ។ វាដូចជាបង្ហាញចំណុចខ្សោយ ឬក៏ផ្លូវដើរអ្នកដែលចង់រួបរួមនោះ ទៅគណបក្សគូប្រជែងឱ្យគេដឹងអ៊ីចឹង»។
ចំណែកលោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅតែមើលឃើញថា ខ្លឹមសារនៃវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ មិនទាន់មានភាពរឹងមាំដែលអាចបើកផ្លូវឱ្យគណបក្សប្រជាជនកម្ពុជាធ្វើអ្វីតាមចិត្តនៅឡើយនោះទេ។ លោកបន្តថា ភាពចន្លោះប្រហោងនេះនឹងអាចទប់ស្កាត់បាន ក្នុងករណីកម្លាំងអ្នកប្រជាធិបតេយ្យកាត់បន្ថយសំឡេងនាំមុខរបស់បក្សកាន់អំណាចនៅក្នុងរដ្ឋសភា។
លោកបន្តថា៖ «ទោះបីជាគាត់កែរដ្ឋធម្មនុញ្ញ ឱ្យគណបក្សដែលមានអាសនៈច្រើននៅក្នុងរដ្ឋសភាមានសិទ្ធិស្នើទៅព្រះមហាក្សត្រផ្ទាល់ក៏ដោយ ប៉ុន្តែវានៅរក្សាគោលការណ៍បង្កើតរដ្ឋាភិបាល ត្រូវរក្សាគោលការណ៍ភាគច្រើនដាច់ខាត គោរពគោលការណ៍ភាគច្រើនដាច់ខាត គឺគាត់ត្រូវតែមានសំឡេងលើសពី ៦៣សំឡេង ឬមួយក៏ហាសិបភាគរយបូកមួយ។ អ៊ីចឹងគាត់ត្រូវមានសំឡេងចាប់ពី ៦៣សំឡេងឡើងទៅ។ អ៊ីចឹងបើការចងសម្ពន្ធភាពនេះអាចរុញឱ្យមានការគាំទ្រពីប្រជាពលរដ្ឋខ្មែរ ហើយធ្វើឱ្យគណបក្សប្រជាជនមិនបានសំឡេងដល់៦៣ គាត់បង្កើតរដ្ឋាភិបាលអត់ចេញទេ»។
ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាវិញ យល់ឃើញថា អ្វីដែលគណបក្សក្រៅរដ្ឋាភិបាលខ្វល់ខ្វាយនេះ វាជាសិទ្ធិបុគ្គលផ្ទាល់ខ្លួន ប៉ុន្តែរឿងពិតនៅពីក្រោយនៃការធ្វើវិសោធនកម្មនេះ គឺទិសដៅដើម្បីបម្រើឱ្យផលប្រយោជន៍ជាតិរួម ហើយច្បាប់នេះក៏មិនមែនបម្រើឱ្យផលប្រយោជន៍ខាងណាម្នាក់នោះដែរ។
លោក សុខ ឥសាន បន្តថា៖ «ការព្រួយបារម្ភរបស់គាត់ វាគ្រាន់តែជាការព្រួយបារម្ភ ហើយការគិតឃើញផ្ទាល់ខ្លួនរបស់គាត់ទេ។ តែស្ថាប័ននីតិបញ្ញត្តិគេធ្វើច្បាប់ហ្នឹង ដើម្បីបម្រើប្រទេសជាតិទាំងមូល មិនមែនសម្រាប់តែគណបក្សនយោបាយណាមួយទេ»។
បើតាមលោក យ៉ង់ សាំងកុមារ យុទ្ធនាការនៃការចងសម្ពន្ធភាពនេះនឹងត្រូវសម្រេចឱ្យបាននៅអំឡុងខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។ តាមរយៈឯកសារគោលដែលចេញដោយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បង្ហាញថា ចំណុចសំខាន់នៃការចងសម្ពន្ធភាពនេះ ដោយសារគ្រប់បក្សនយោបាយ នៅក្រៅរដ្ឋាភិបាលធ្លាប់ឆ្លងកាត់បទពិសោធន៍នៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិមុនៗ និងមានការស្នើពីប្រជាពលរដ្ឋឱ្យរួបរួមគ្នាផង ទើបគណបក្សប្រជាធិបតេយ្យមូលដ្ឋានផ្ដួចផ្ដើមគំនិតនេះឡើង៕