តំណាងក្រុមអង្គការសង្គមស៊ីវិល និងគណបក្សក្រៅរដ្ឋាភិបាលមួយចំនួន បានលើកឡើងថា ពួកគេគ្មានភាពចាំបាច់ ដើម្បីទៅចូលរួមស្ដាប់ការពន្យល់បន្ថែមទៀតពីក្រសួងយុត្តិធម៌ ជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដែលរដ្ឋសភាអនុម័ត ទាំងទាត់ចោលសំឡេងពួកគេរួចទៅហើយនោះទេ ដោយសម្អាងថា យន្តការរបស់ក្រសួងហាក់ដើរបញ្ច្រាសទិស មិនអាចធ្វើឱ្យច្បាប់កំពូលត្រលប់មកការពារប្រយោជន៍រួមវិញបាន។
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ រដ្ឋសភាបានអនុម័តទាំងស្រុងលើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដែលស្នើដោយបក្សកាន់អំណាច បើទោះបីគណបក្សចំនួន៤ រួមមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា បានដាក់ញត្តិជំទាស់ ក្រោមហេតុផលថា ការស្នើកែរបស់បក្សកាន់អំណាចនេះបានកាត់បន្ថយអំណាចសភា ប៉ះពាល់ដល់របបសភានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ខណៈតំណាងក្រុមអង្គការសង្គស៊ីវិលចំនួន១០៤ស្ថាប័នចេញសេចក្ដីថ្លែងការណ៍រួមបង្ហាញពីការព្រួយបារម្ភប្រហាក់ប្រហែលគ្នានេះដែរ។
ក៏ប៉ុន្តែ ១ថ្ងៃបន្ទាប់ក្រោយរដ្ឋសភាអនុម័តសេចក្ដីព្រាងច្បាប់នេះ ក្រសួងយុត្តិធម៌បានចេញសេចក្ដីប្រកាសព័ត៌មានដោយអញ្ជើញគណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិល ដែលយល់ថាការធ្វើវិសោធនកម្មលើកទី១០ ប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ឬរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ឬរបបសភានិយមនៅកម្ពុជា ចូលរួមពិភាក្សានៅរសៀលថ្ងៃទី២ ទី៣ និងទី៤ ខែសីហានេះ ដើម្បីក្រសួងពន្យល់ និងបកស្រាយដោយផ្ទាល់ពីខ្លឹមសារនិងគោលបំណងពិតប្រាកដនៃការធ្វើវិសោធនកម្មនេះ។
បញ្ហានេះ អ្នកនយោបាយ និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួន អះអាងថា ពួកគេគ្មានភាពចាំបាច់ទៅស្ដាប់ការពន្យល់របស់ក្រសួងយុត្តិធម៌បន្ថែមទៀតនោះទេ ដោយថា ការទៅចូលរួមស្ដាប់លើកនេះក៏គ្មានអ្វីប្លែកពីអ្វីដែលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្លាប់ធ្វើសន្និសីទសារព័ត៌មាន និងការពារ នៅក្នុងរដ្ឋសភា មុនរដ្ឋសភាអនុម័តដែរ ហើយថាការទៅចូលរួមនេះក៏មិនអាចធ្វើឱ្យច្បាប់កំពូលនេះត្រលប់មកការពារប្រយោជន៍រួមឡើងវិញបានដែរ។
ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា លើកឡើងនៅថ្ងៃចន្ទនេះថា គណបក្សនេះនឹងមិនទៅចូលរួមទេ ដោយយល់ឃើញថា ការអំពាវនាវរបស់ក្រសួងយុត្តិធម៌ហាក់ដើរបញ្ច្រាសទិសទៅនឹងនីតិវិធី ដែលជាទូទៅការប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីធ្វើច្បាប់ ឬវិសោធនកម្មច្បាប់ រួមទាំងវិសោធនកម្មរដ្ឋធម្មនុញ្ញក្ដី គឺគេធ្វើមុនសេចក្ដីព្រាងច្បាប់ធ្លាក់ទៅដល់ដៃរដ្ឋសភា មិនមែនធ្វើក្រោយសភាអនុម័តដូចពេលនេះទេ។
លោកថា៖ «នៅពេលនេះ យើងចង់អំពាវនាវដល់ព្រឹទ្ធសភា និងអង្គព្រះមហាក្សត្រ កុំអនុម័ត ឬកុំឡាយព្រះហស្តសេចក្ដីព្រាងវិសោធនកម្មនេះ»។
អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន លើកឡើងថា ការកោះអញ្ជើញរបស់ក្រសួងយុត្តិធម៌ ឱ្យចូលទៅអង្គុយស្ដាប់ គឺមិនមានភាពចាំបាច់សម្រាប់គណបក្សនេះទៅចូលរួមទេ ដោយថា វិធាននេះមិនបានជំរុញគោលការណ៍ប្រជាធិបតេយ្យទេ។
លោកគូសបញ្ជាក់ថា ការធ្វើច្បាប់ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ ជារឿងជាតិទាំងមូល ដែលទាមទារឱ្យមានការពិគ្រោះយោបល់ជាមួយតួអង្គពាក់ព័ន្ធដទៃទៀតក្រៅពីរដ្ឋាភិបាល មុនដាក់ជូនទៅរដ្ឋសភាអនុម័ត ដែលលោកថា នេះជានីតិវិធីត្រឹមត្រូវ ដែលតម្រូវឱ្យមានការចូលរួមតាមគោលការណ៍ប្រជាធិបតេយ្យ។
លោកថា៖ «គាត់ធ្វើតែក្នុងកម្រិតរដ្ឋាភិបាល ហើយបញ្ជូនទៅរដ្ឋសភា [រដ្ឋ]សភាអនុម័តហើយបានក្រសួងកោះអញ្ជើញក្រុមអង្គការសង្គមស៊ីវិលនៅក្រៅរដ្ឋាភិបាល និងគណបក្ស ទៅស្ដាប់ការស្រាយបំភ្លឺ វាអត់ន័យ»។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា វិញ អះអាងប្រហាក់ប្រហែលនេះដែរ ដោយថា ការទៅស្ដាប់ក្រសួងបកស្រាយមិនអាចជួយឱ្យច្បាប់កំពូលនោះវិលមកការពារប្រយោជន៍រួមវិញបានទេ។
លោកថា៖ «ទៅស្ដាប់ធ្វើអីទៀត បើច្បាប់វាទៅដល់ហ្នឹងហើយ! ហ្នឹងហែខ្មោចទៅដុតហើយ ហែមកវិញអី?»
ចំណែកអនុប្រធានបណ្ដោះអាសន្នគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ក៏ប្រកាសថា នឹងមិនចាត់តាំងតំណាងទៅចូលរួមស្ដាប់ការបកស្រាយពន្យល់បន្ថែមរបស់ក្រសួងយុត្តិធម៌ ជុំវិញការធ្វើវិសោធនកម្មនេះទៀតទេ ដោយលោកថា ទំនងជាគ្មានអ្វីប្លែក ដូចការបកស្រាយ២ដងកន្លងទៅនោះទេ។
លោកថា៖ «គ្រាន់តែថា ខ្ញុំមានការសោកស្ដាយត្រង់ថា សភាខ្លួនឯងអនុម័ត ដើម្បីកាត់បន្ថយអំណាចខ្លួនឯង! អញ្ចេះ វាចម្លែកណាស់»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ក៏យល់ឃើញប្រហាក់ប្រហែលនេះដែរ។
លោកថា៖ «ខ្ញុំយល់ឃើញថា ការអញ្ជើញទៅនេះគ្រាន់តែស្ដាប់គាត់បកស្រាយ គាត់ពន្យល់តែប៉ុណ្ណឹងទេវាអត់មានអីត្រូវដេញដោលគ្នាអីតទៅទៀតទេ ព្រោះអាហ្នឹងវាអត់មានការពិភាក្សាអីទៀតទេ ដោយសារតែរដ្ឋសភាបានអនុម័តរួចហើយ»។
យ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចាត់ទុកអវត្តមានរបស់គណបក្សនយោបាយ និងក្រុមអង្គការសង្គមស៊ីវិល ដែលបានជំទាស់វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះថា ជាការឆ្លុះបញ្ចាំងថាពួកគេមិនហ៊ានចូលទៅជជែកទល់មុខ ដោយសារការលើកឡើងកន្លងទៅខ្វះមូលដ្ឋានច្បាប់។
លោកថា៖ «បើសិនជាគាត់មានសេចក្ដីក្លាហាន មានភាពសុចរិត មានគោលបំណងក្នុងការការពាររដ្ឋធម្មនុញ្ញ ប្រជាធិបតេយ្យពិតប្រាកដ គាត់គួរតែចូលហើយ ប៉ុន្តែបើគាត់មិនចូលទេ ហើយនៅតែបន្តរិះគន់ហើយដាក់ញត្តិទាំងខុសអ៊ីចឹងទៀត អាហ្នឹងអាចថាជាភាពអាម៉ាស់របស់ពួកគាត់ទៅវិញទេ»។
ដោយឡែក មន្ត្រីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៅអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក កន សាវាង្ស មានប្រសាសន៍ថា មាត្រា៣៥នៃរដ្ឋធម្មនុញ្ញ បានចែងថា សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
ប៉ុន្តែលោកថា ការអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ថ្មីនេះ ស្ថាប័នរដ្ឋមិនបានយកមាត្រានេះមកពិចារណាលើកង្វល់របស់ពលរដ្ឋទេ ដូច្នេះអង្គការលោកនឹងមិនចាត់តំណាងឱ្យទៅចូលរួមទេ ដោយមិនរំពឹងថា ជំនួបនោះនឹងធ្វើឱ្យច្បាប់កំពូលរបស់ជាតិដែលរដ្ឋសភាអនុម័តទៅហើយនោះ ត្រូវកែលម្អឡើងវិញតាមការបារម្ភរបស់ក្រុមអង្គការសង្គមស៊ីវិលនោះទេ។
បន្ថែមពីនេះ អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងនៅលើគណនីហ្វេសប៊ុករបស់លោកថា ជំនួបពិភាក្សាដើម្បីទទួលការពន្យល់បកស្រាយ ជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការគាំទ្រការធ្វើវិសោធនកម្ម ក្រោយរដ្ឋសភាបានអនុម័តលើសេចក្ដីព្រាងច្បាប់នេះ គឺមិនមានន័យអ្វីនោះឡើយ។
លោកគូសបញ្ជាក់ថា៖ «ការដាក់គំនិតធ្វើវិសោធនកម្ម[រដ្ឋ]ធម្មនុញ្ញជូនប្រជាពលរដ្ឋពិភាក្សា ផ្ដល់មតិ និងមូលមតិគ្នាឱ្យបានច្រើន មុនពេលរដ្ឋសភាអនុម័ត ទើបជារឿងត្រឹមត្រូវ និងមានន័យ»៕