គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសថា មានប្រជាពលរដ្ឋជាង ៧លាន ៤២ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោតគិតត្រឹមថ្ងៃម្សិលមិញនេះ។
ផ្អែកតាមប្រតិទិនរបស់ខ្លួន គ.ជ.ប បាន និងកំពុងរៀបចំចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋរៀងរាល់ថ្ងៃ ចាប់ពីដើមខែកញ្ញា រហូតដល់ចុងខែវិច្ឆិកានេះ។
លទ្ធផលបណ្ដោះអាសន្ននៃការចុះឈ្មោះបោះឆ្នោតចេញផ្សាយនៅព្រឹកថ្ងៃនេះ បានបង្ហាញថា គ.ជ.ប ចុះបញ្ជីប្រជាពលរដ្ឋបានជាង ៧លាន ៤២ម៉ឺននាក់ ឬស្មើនឹងជាង ៧៦ភាគរយ នៃចំនួនពលរដ្ឋគ្រប់អាយុបោះឆ្នោតសរុបជាង ៩លាន ៦៦ម៉ឺននាក់ នៅទូទាំងប្រទេស។
ទោះជាយ៉ាងណា ចំនួនពលរដ្ឋចុះឈ្មោះបោះឆ្នោតប្រចាំថ្ងៃ បានធ្លាក់ចុះជាបន្តបន្ទាប់មកនៅក្រោម ៥ម៉ឺននាក់ប៉ុណ្ណោះ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. ធ្លាប់ប្រាប់វីអូឌីថា លោកមិនរំពឹងថា ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត នឹងទៅចុះឈ្មោះបោះឆ្នោតមួយរយភាគរយនោះឡើយ ដោយលោកថា ដោយសារតែប្រជាពលរដ្ឋខ្មែរនៅឯក្រៅប្រទេស មិនបានទៅចុះឈ្មោះបោះឆ្នោត៕