រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្តល់អង្ករចំនួន ៦ ០០០តោនដល់រដ្ឋាភិបាលនិងប្រជាជនគុយបា ដោយការផ្តល់នេះធ្វើឡើងស្របពេលដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងប្រទេសមួយនេះ។
ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន នៅថ្ងៃទី២៥ ខែកញ្ញា បានបញ្ជាក់ថា កម្ពុជាបានផ្តល់អង្ករ ៦ ០០០តោនដល់រដ្ឋាភិបាល និងប្រជាជនគុយបា។ ការប្រកាសផ្តល់ជំនួយអង្ករនេះ បានធ្វើឡើងក្នុងជំនួបរវាងលោកនាយរដ្ឋមន្ត្រី ជាមួយប្រធានាធិបតីគុយបា លោក Miguel Diaz-Canel នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។
លោក ហ៊ុន សែន ឱ្យដឹងថា អង្ករ ៦ ០០០តោននេះ មាន ៣ ០០០តោន ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយ ៣ ០០០តោនទៀតជាជំនួយរបស់វិស័យឯកជន។
នាយករដ្ឋមន្ត្រីកម្ពុជាបានឱ្យដឹងថា អង្ករ ៦ ០០០តោននោះ នឹងដឹកចេញពីកម្ពុជានៅខែតុលា ហើយដឹកដល់ប្រទេសគុយបានៅក្នុងខែធ្នូ ឆ្នាំ២០២២។
ប្រភពដដែលលើកឡើងថា ប្រធានាធិបតីគុយបា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ប្រជាជន និងវិស័យឯកជនរបស់កម្ពុជាសម្រាប់ការផ្តល់ជំនួយជាអង្ករនេះ។
នៅក្នុងជំនួបនោះ លោក ហ៊ុន សែន និងប្រធានាធិបតីគុយបា បានជជែកគ្នាពីការរៀបចំឱ្យមានទស្សនកិច្ចរបស់ក្រុមអ្នកបច្ចេកទេសផ្នែកកសិកម្ម ដើម្បីសិក្សាស្រាវជ្រាវផ្នែកកសិកម្មនៅក្នុងប្រទេសកម្ពុជា ជាពិសេសលើដំណាំស្រូវ ដោយលោកបញ្ជាក់ថា កម្ពុជាជាអ្នករ៉ាប់រងរាល់ការចំណាយលើការស្រាវជ្រាវនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកការសិក្សាស្រាវជ្រាវលើវិស័យកសិកម្ម គឺជាចំណែកមួយសម្រាប់ធានាដល់សន្តិសុខស្បៀងរវាងកម្ពុជា និងប្រទេសគុយបា៕