សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃសុក្រនេះ បានសម្រេចឱ្យលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បង់ប្រាក់សងជំងឺចិត្តដល់គណបក្សប្រជាជនកម្ពុជាចំនួន «៣ពាន់លានរៀល» ឬស្មើប្រមាណ «៧៥ម៉ឺនដុល្លារ»។
ការប្រកាសសាលក្រមនេះធ្វើឡើងក្នុងថ្ងៃតែមួយ ក្រោយពីសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជាប្រឆាំងលោក សុន ឆ័យ កាលពីព្រឹកមិញ ករណីអនុប្រធានគណបក្សភ្លើងទៀនរូបនេះបាននិយាយរិះគន់បក្សកាន់អំណាច អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០២២។
ក្រៅពីការសម្រេចឱ្យលោក សុន ឆ័យ ផ្តល់សំណងជំងឺចិត្តប្រមាណ ៧៥ម៉ឺនដុលា្លរ ដល់គណបក្សប្រជាជនកម្ពុជា ចៅក្រមជំនុំជម្រះ លោក ហម ម៉េងសែ ក៏បានប្រកាសពិន័យជាប្រាក់ដល់លោក សុន ឆ័យ ចំនួន៨លានរៀលចូលថវិការដ្ឋ។ បន្ថែមពីលើនេះ លោក សុន ឆ័យ ក៏ត្រូវបានតុលាការតម្រូវឱ្យបង់ប្រាក់ពិន័យចំនួន៩លានរៀនបន្ថែមទៀតចូលថវិការដ្ឋ ក្នុងបណ្ដឹងបរិហារកេរិ៍្តរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដែលតុលាការបានបើកសវនាការជំនុំជម្រះកាលពីសប្តាហ៍មុន។
ស្ថាប័នជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យបណ្តឹងទៅកាន់ស្ថាប័នអយ្យការ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ដោយប្តឹងលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងទាមទារឱ្យចេញលិខិតសុំទោសជាសាធារណៈ ក្រោយលោក សុន ឆ័យ ថ្លែងរិះគន់ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលកន្លងទៅ ថាមានភាពមិនប្រក្រតី។ ការចេញមុខប្ដឹងជាលើកដំបូងរបស់ គ.ជ.ប ដែលគេចាត់ទុកថាជាស្ថាប័នដើរតួជាអាជ្ញាកណ្តាល និងពុំធ្លាប់មាននៅក្នុងប្រវត្តិនយោបាយនៅកម្ពុជានេះ ធ្វើឡើងក្រោយពីគណបក្សប្រជាជនកម្ពុជា ដែលតំណាងដោយលោកមេធាវី គី តិច ក៏បានដាក់បណ្តឹងក្នុងបទចោទដូចគ្នានេះដែរ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២៕