យ៉ាងតិចកម្មករចំនួន១៨នាក់រងរបួសធ្ងន់និងស្រាល ដោយសារការក្រឡាប់រ៉ឺម៉កដែលពួកគេជិះមកពីធ្វើការនៅត្រង់ចំណុចស្រុកជើងព្រៃ ខេត្តកំពង់ចាម។
សេចក្តីប្រកាសព័ត៌មានរបស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃនេះ បានឲ្យដឹងថា កាលពីម៉ោង ១៨និង៣០នាទី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រ៉ឺម៉កដឹកកម្មករ (បាក់ជន្ទាសម៉ូតូ) បណ្តាលឱ្យកម្មករ-កម្មការិនី រោងចក្រ Carlington Cambodia រងរបួសធ្ងន់ និងស្រាលសរុប ចំនួន១៨នាក់ ស្ថិតនៅចំនុចភូមិចាំនាង ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
មន្ត្រី ប.ស.ស ខេត្ត បានចុះទៅសម្របសម្រួលបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ចំនួន១៨នាក់ ក្រោយមកដោយទទួលបានការសម្របសម្រួលពីភ្នាក់ងារ ប.ស.ស ខេត្ត ជនរងគ្រោះរបួសធ្ងន់ចំនួន៣នាក់ ត្រូវបានបញ្ចូនបន្តតាមរថយន្តសង្គ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត្រ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា រាល់ការចំណាយលើថ្លៃដឹកបញ្ជូនជនរងគ្រោះ និងព្យាបាលរហូតដល់ជាសះស្បើយ ជាបន្ទុករបស់បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)៕